កំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយ គឺអាស្រ័យទៅលើចំណូលជាតិសរុបវិជ្ជមាន។ ជាមួយគ្នានោះ ធនធានរបស់យុវវ័យ ក៏ជាចលករដ៏សំខាន់មួយ សម្រាប់ចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផងដែរ។ កម្ពុជា ជាប្រទេសដែលអនុវត្តទីផ្សារសេរី ឈរលើការប្រកួតប្រជែង ហើយដើម្បីចូលរួមការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់ នាឆ្នាំ២០១៥ខាងមុខនេះ តើយុវវ័យ គួរត្រៀមខ្លួនយ៉ាងដូម្តេច?

ទាក់ទងទៅនឹងការរៀបចំខ្លួនរបស់យុវវ័យកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារអាស៊ាន នាឆ្នាំ២០១៥ខាងមុខនេះ លោកបណ្ឌិត កង ច័ន្ទតារា រ័ត្ន សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការបណ្ឌិតសភានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងជាសេដ្ឋកិច្ចវិទូឯករាជ បានផ្តល់នូវអនុសាសន៍ថា " ដើម្បីធ្វើឱ្យខ្លួនឯងមានសមត្ថភាព សម្រាប់ការប្រកួតប្រជែងទីផ្សារការងារក្នុងសមាគមអាស៊ាន យុវវ័យគួរត្រៀម៣ចំណុច គឺទី១ ត្រូវមានចំណេះ និងជំនាញច្បាស់លាស់ ទី២ ភាសា និងទី៣ បទពិសោធន៍ការងារ ទាក់ទងទៅនឹងមុខវិជ្ជា ដែលខ្លួនសិក្សា។

លោកបណ្ឌិត បានមានប្រសាសន៍ថា "ធម្មតាទេ សេដ្ឋកិច្ចទីផ្សារសេរី រមែងមានការប្រកួតប្រជែង ហើយទម្រាំដល់ឆ្នាំ២០១៥នោះ ការប្រជែងនេះនឹងមានកាន់តែខ្លាំង។ ការប្រកួតមានតាំងពីទំនិញនាំចូល និងការផលិតព្រមទាំងសេវាកម្មផងដែរ ហើយប្រសិនបើយើងគ្មានសមត្ថភាពប្រជែងចាញ់គេនោះ នឹងបាត់បង់ការងារ។ ការប្រជែងមានពីរ គឺទីមួយនៅក្នុងស្រុក និងមកពីមជ្ឈដ្ឋានខាងក្រៅ (ប្រទេសក្នុងតំបន់) ការប្រជែងក្នុងស្រុក គឺរវាងនិស្សិតដែលទើបបញ្ចប់ការសិក្សា និងអ្នកដែលកំពុងមានការងារស្រាប់ ប្រសិនបើយើងគ្មានសមត្ថភាពគ្រប់គ្រាន់ នោះនឹងបាត់បង់ការងារ។ ឯការប្រជែងទីពីរ គឺប្រឈមមុខនឹងកម្លាំងពលកម្ម មកពីប្រទេសក្នុងសមាគមអាស៊ាន ហើយក៏ជាកង្វល់មួយផងដែរ នេះ ក៏ដោយសារតែធនធានយើងនៅមានកម្រិត "។

សេដ្ឋកិច្ចវិទូរូបនេះ បានបង្ហើបនូវគន្លឹះ និងយុទ្ធសាស្ត្រថា " ក្នុងការជ្រើសមុខវិជ្ជាសិក្សា យើងត្រូវចេះសម្លឹងមើលថា ទីផ្សារការងារបច្ចុប្បន្នកំពុងត្រូវការអ្វី ប៉ុន្តែចូរចងចាំថា ចំណេះ និងជំនាញណាមួយ ឱ្យតែយើងចេះច្បាស់ គឺមិនខ្វះការងារធ្វើនោះទេ។ ហើយដើម្បីឱ្យមានសមត្ថភាព យើងត្រូវពង្រឹងខ្លួនឯង គឺទី១ ឱ្យមានចំណេះ និងជំនាញច្បាស់លាស់ ទី២ ពង្រឹងនូវភាសាបរទេស ព្រោះភាសាជាមធ្យោបាយ សម្រាប់ទំនាក់ទំនង និងទី៣បទពិសោធន៍ការងារ។ ប្រសិនបើយើងមានទាំងបីចំណុចនេះ នោះយើងនឹងមានប្រៀប ក្នុងការប្រកួតប្រជែង ព្រោះយើងជាកម្លាំងពលកម្មនៅក្នុងស្រុកស្រាប់ "។

លោកបណ្ឌិតបានបន្តទៀតថា "ទន្ទឹមនឹងនេះគុណភាពនៃការសិក្សា ក៏ជាកត្តាចម្បងផងដែរ ហើយប្រសិនបើនិយាយពីគុណភាពអប់រំ យើងនៅមិនទាន់ស្របទៅតាមស្តង់ដាអន្តរជាតិ ១០០% នៅឡើយទេ។ ព្រោះវិស័យអប់រំនៅឧត្តមសិក្សាផ្នែកឯកជននៅកម្ពុជាសព្វថ្ងៃ គឺចែកចេញជា ២ មួយបង្កើតឡើងសម្រាប់រួមចំណែកបង្កើនគុណភាព និងផ្តោតលើគុណភាពជាចម្បង ចំណែកឯមួយក្រុមទៀត គឺបង្កើតឡើងដើម្បីតែប្រាក់ចំណេញ ពុំសូវគិតនូវគុណភាពនោះទេ។

យុវតី អេប ស្រីនាង និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា " ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារការងារនាឆ្នាំ ២០១៥ ខាងមុខនេះ ជាមួយបណ្តាយុវវ័យឯទៀតនៅក្នុងសមាគមអាស៊ាននេះ "។ កញ្ញាបានបន្តថា " ពិតជាត្រឹមត្រូវណាស់ យើងអាចប្រកួតប្រជែងជាមួយអ្នកដ៏ទៃបាន ទាល់តែយើងមានសមត្ថភាព ហើយដើម្បីឱ្យមានសមត្ថភាពទាល់តែយើងខិតខំប្រឹងប្រែង "។

ចំណែកឯយុវជន ជិន សំអាត ជានិស្សិតទើបបញ្ចប់ការសិក្សា សព្វថ្ងៃជាជំនួយការសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ឱ្យដឹងដែរថា " ដើម្បីឱ្យមានសមត្ថភាពក្នុងការប្រកួតប្រជែងលើទីផ្សារការងារ យើងត្រូវពង្រឹងខ្លួនឯងឱ្យមានជំនាញពិតប្រាកដ និងបង្កើននូវចំណេះដឹងផ្នែកភាសា ឱ្យបានទូលំទូលាយ ព្រមទាំងស្វែងរកបទពិសាធន៍ការងារ ដែលទាក់ទងទៅនឹងជំនាញដែលយើងសិក្សា "។

សរុបសេចក្តី ប្រសិនបើយើងមានគោលនយោបាយថ្នាក់ជាតិមួយ រួមសហការគ្នាអនុវត្តយកគុណភាព សិក្សាជាចម្បង នោះទើបយើងអាចមានសមត្ថភាពត្រដុំត្រសង និងអាចប្រកួតប្រជែងសម្រាប់ទីផ្សារការងារនាឆ្នាំ ២០១៥ ខាងមុខនេះ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានបាន។ បើចង់ឈ្នះគេត្រូវតែមានសមត្ថភាព ដើម្បីមានសមត្ថភាព ត្រូវតែខិតខំរៀនសូត្រ ឱ្យបានច្បាស់លាស់ ហើយបើយើងនាំគ្នាប្រឹងប្រែងបង្កើននូវសមត្ថភាពពីពេលនេះទៅ នៅឆ្នាំ ២០១៥ ខាងមុខ នោះយើងអាចមានសមត្ថភាព និងគុណភាពប្រហាក់ប្រហែលនឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមប្រជែងជាមួយប្រទេសនៅក្នុងតំបន់បាន៕

ដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]