អ្នកបានជ្រាបច្បាស់មកហើយថា មានផ្លែឈើជាច្រើនប្រភេទ ដែលអាចជួយព្យាបាលមុន និងកម្ចាត់ការកើតមុននៅលើមុខរបស់អ្នកឱ្យបានស្អាតល្អ។

នៅក្នុងនោះផ្លែស្ពឺ ក៏មានគុណសម្បត្តិនៅក្នុងការព្យាបាលមុនយ៉ាងល្អផងដែរ ព្រោះវាមានរសជាតិផ្អែមលាយជូរ ដែលមានប្រយោជន៍ជាច្រើន វាក៏ផ្ទុកទៅដោយវីតាមីនជាច្រើនដូចជា វីតាមីន A វីតាមីន C វីតាមីនអ៊ី វីតាមីន B រួមទាំងស័ង្កសីទៀតផង ដែលជាវីតាមីនមានអត្ថប្រយោជន៍ដល់ស្បែក។ ក្រៅពីជួយព្យាបាលមុន វាក៏នឹងជួយកាត់បន្ថយមុន ស្នាមខ្មៅ បានយ៉ាងល្អប្រសើរ៖  

ផ្លែស្ពឺ មានគុណសម្បត្តិនៅក្នុងការព្យាបាលមុនយ៉ាងល្អ

១) ទឹកស្ពឺត្រាំ៖ ងាយៗដោយគ្រាន់តែយកផ្លែស្ពឺស្រស់៣គីឡូក្រាម មកលាងឱ្យស្អាតហើយដាក់ចូលទៅក្នុងដបមួយ។ ក្រោយមកចាក់ទឹកស្ករចូលប្រហែល១គីឡូក្រាម និងទឹកស្អាត៥លីត្រទៀត កូរច្របល់ចូលគ្នាឱ្យសព្វ បិទគំរបទុករយៈពេល១-៣ខែ ទើបអាចយកមកប្រើបាន។ ដោយវិធីប្រើគឺត្រង់យកទឹកវាមកដាក់ក្នុងដបស្អាតមួយទុកសម្រាប់លាបលើមុខ។ លាបទុកចោលប្រហែល១៥-២0នាទី សឹមលាងជម្រះចេញ។ ធ្វើដូច្នេះទឹកស្ពឺនឹងជួយផលិតកោសិកាស្បែកមុខថ្មី បំបាត់មុន ស្នាមជាំស្នាមខ្មៅ ព្រមទាំងការពារការកើតមុនបានយ៉ាងល្អ។

ទឹកស្ពឺត្រាំ បំបាត់មុន ស្នាមជាំស្នាមខ្មៅ ព្រមទាំងការពារការកើតមុនបានយ៉ាងល្អ

២) ផ្លែស្ពឺ និងទឹកឃ្មុំ៖ នាំយកផ្លែស្ពឺស្រស់១ផ្លែ មកលាងឱ្យស្អាតហើយហាន់វាជាចំណិតៗ ហើយច្របាច់យកទឹកមកលាយជាមួយទឹកឃ្មុំ១ស្លាបព្រា ហើយកូរឱ្យចូលគ្នាសឹមយកមកលាបលើមុខ ទុកចោលប្រមាណជា១៥ទៅ២០នាទី ចាំលាបសម្អាតទឹកចេញ។ ធ្វើដូច្នេះឱ្យបាន១សប្តាហ៍១-២ដង នោះមុននឹងបាត់ទៅបន្តិចម្តងៗ ជួយធ្វើឱ្យស្បែកមុខសស្រស់ថ្លា។

ទឹកឃ្មុំជួយធ្វើឱ្យស្បែកមុខសស្រស់ថ្លា

៣) ផ្លែស្ពឺ និងក្រូចឆ្មារ៖ នាំយកផ្លែស្ពឺស្រស់បកសំបកឱ្យស្អាត ហើយចិញ្ច្រាំឱ្យល្អិតចាំយកមកដាក់នៅក្នុងចានតូចមួយ ហើយច្របាច់ទឹកក្រូចឆ្មារដាក់បន្តិចយកមកលាបមុខទុកចោល ១០ទៅ១៥នាទី សឹមលាងចេញ។ រូបមន្តនេះនឹងជួយឱ្យមុនថយចុះ កាត់បន្ថយស្នាមជាំខ្មៅ។ គួរធ្វើឱ្យបាន១-២ដង ក្នុងមួយសប្តាហ៍ជាការប្រសើរ។

ក្រូចឆ្មារជួយឱ្យមុនថយចុះ កាត់បន្ថយស្នាមជាំខ្មៅ

ឃើញទេ ផ្លែស្ពឺមិនត្រឹមតែអាចញ៉ាំបានទេ ថែមទាំងអាចប្រើដើម្បីព្យាបាលមុននៅលើមុខបានយ៉ាងប្រសើរផងដែរ។ កុំភ្លេចសាកល្បងប្រើនៅផ្ទះទាំងអស់គ្នា សម្រាប់អ្នកដែលមានមុនច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]