(កំពង់ឆ្នាំង)៖ ក្រោយចេញពន្ធនាគារនៅខេត្តកំពង់ធំមិនបានប៉ុន្មានផងនោះ ឈ្នួញឈើឈ្មោះ ឃ្វៀង ធីម៉ាយ ហៅយាយម៉ាយ ជនជាតិវៀតណាម ដែលល្បីល្បាញនៅតំបន់អន្លង់វែង ​ខេត្តឧត្តរមានជ័យ បានបន្ដសកម្មភាពរកស៊ីដឹកឈើក្រញូងយ៉ាងគឃ្លើនបន្ថែមទៀត ប៉ុន្ដែនៅយប់ទាបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧​នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង តាមបង្ក្រាបបានឈើក្រញូងមួយរថយន្ដ Luxes ខណៈដែល២គ្រឿងទៀត បើករត់គេចបាត់ស្រមោល។

មន្ដ្រីរដ្ឋបាលព្រៃឈើ បានលួចបង្ហើបថា ម្ចាស់ឈើជាឈ្នូលដែលល្បី​ឈ្មោះ ឃ្វៀង ធីម៉ាយ ហើយប្រតិបត្តិនៅយប់មិញនេះ ត្រូវបានធ្វើឡើងនៅចំណុចភូមិព្រៃពិស ឃុំជ្រែស ស្រុកកំពង់ត្រឡាច ដោយចាប់បានរថយន្ដមួយគ្រឿង ម៉ាក Luxes ពាក់ស្លាកលេខភ្នំពេញ2Q-5747 ដោយមានកម្លាំងរដ្ឋបាលព្រៃឈើខណ្ឌ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ហើយក្នុងនោះដកហូតបាន ឈើក្រញូងចំនួន១៥២ដុំ។

បើតាមមន្ដ្រីមូលដ្ឋាន រថយន្ដរបស់ឈ្នួញឈើល្បីមួយនេះ ចេញពីមកពីស្រុកអន្លង់វែង បន្តទៅទីរួមខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលមកខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ បម្រុងឆ្ពោះទៅខេត្តស្វាយរៀង នាំចេញទៅលក់នៅប្រទេសវៀតណាម ដែលរថយន្ដនោះមានចំនួន៣គ្រឿង ប៉ុន្ដែមកដល់ចំណុចខាងលើ កម្លាំងសមត្ថកិច្ចចម្រុះដេញចាប់បានមួយគ្រឿង ខណៈ២គ្រឿងផ្សេងទៀតបានរត់គេចខ្លួនបាត់។

ក្រោយបង្ក្រាបបានឈើដែលមាននៅក្នុងរថយន្ដនោះ ត្រូវបានរក្សាទុកនៅរដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដោយឡែករថយន្ដត្រូវបានបញ្ជូនការិយាល័យរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់។

សូមរំលឹកថា ក្លោងជួញដូរឈើជនជាតិវៀតណាមដ៏ល្បីឈ្មោះ នៅតាមខេត្តជាប់ព្រំដែនឈ្មោះ ឃ្វៀង ធីម៉ាយ ហៅយាយម៉ាយ ​រួមជាមួយតៃកុងឡានម្នាក់ ត្រូវបានតុលាការខេត្តកំពង់ធំ បង្ក្រាបបាននាពេលកន្លងទៅហើយបាន​សម្រេចឃុំខ្លួន​ ពាក់ព័ន្ធបទល្មើសព្រៃឈើ ពីបទប្រើប្រាស់រថយន្ដអត់ពន្ធ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ។

ប៉ុន្ដែក្រោយជាប់ពន្ធនាគារបានប៉ុន្មានខែនោះ ឈ្នូញឈើល្បីល្បាញមួយនេះ បានចេញពីពន្ធនាគារវិញ ហើយក៏នៅតែបន្ដរកស៊ីរបរខុសច្បាប់ដដែល រួចក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានរថយន្ដមួយគ្រឿងនៅយប់មិញនេះ។

បើតាមសមត្ថកិច្ចខ្លះ យាយម៉ាយ គឺជនជាប់ពាក់ព័ន្ធ និងបទល្មើសព្រៃឈើយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនធំ ប្រឈមការបាញ់ សម្លាប់ពីទាហានថៃ ខណៈក្រុមយាយម៉ាយ ចំណាយលុយកេណ្ឌប្រមូលពួកគាត់ឡើងភ្នំចូលកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ហើយយាយម៉ាយចំណាយ លុយបង់ឲ្យសមត្ថកិច្ច អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ រហូតដល់បុគ្គលនេះបញ្ចេញសកម្មភាព រកស៊ីឈើគ្រញូង ជាចំហលើទឹកដីខេត្តឧត្តរមានជ័យតែម្តង៕

ឈ្មួញឈើជនជាតិវៀតណាម ឃ្វៀង ធីម៉ាយ ក្រោយចេញពីពន្ធនាគារបន្ដរកស៊ីឈើ យប់មិញ​សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបបានឈើក្រញូងមួយរថយន្ដ ២គ្រឿងទៀតគេចបាត់
ឈ្មួញឈើជនជាតិវៀតណាម ឃ្វៀង ធីម៉ាយ ក្រោយចេញពីពន្ធនាគារបន្ដរកស៊ីឈើ យប់មិញ​សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបបានឈើក្រញូងមួយរថយន្ដ ២គ្រឿងទៀតគេចបាត់

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]