ចិន៖ លោកតាវ័យចំណាស់ជនជាតិចិនម្នាក់ ទទួលបានការសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំង ក្រោយគ្រប់គ្នាដឹងថា គាត់ជាជនពិការភ្នែកទាំងសងខាង តែបែរជាមានជំនាញពិសេស អាចជួសជុលកង់ម៉ូតូបានយ៉ាងស្ទាត់ជំនាញ អស់រយៈពេលរាប់សិបឆ្នាំ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់ក្នុងគ្រួសារ។

លោក Zhu Shuyou មានអាយុ៦០ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងទីក្រុង Yibin ខេត្តស៊ីឈួន ប្រទេសចិន។ គាត់ត្រូវបានគេស្គាល់ថា ជាជនពិការភ្នែកទាំងសងខាង មិនអាចសូម្បីតែអានអក្សរ និងសរសេរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកតា Zhu នៅតែមិនចុះចាញ់ក្នុងឆាកជីវិត ខំប្រឹងលុតដំខ្លួនឯង រៀនពីរបៀបជួសជុលកង់ម៉ូតូ បានយ៉ាងស្ទាត់ជំនាញមិនចាញ់ទៅនឹង ជាងៗម៉ូតូដែលមានភ្នែកភ្លឺឡើយ។

សកម្មភាពរបស់លោកតា Zhu កំពុងតែជួសជុលម៉ូតូជូនភ្ញៀវ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកតា Zhu បានធ្វើជាជាងជួសជុលម៉ូតូ ក្នុងភូមិរបស់គាត់នេះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ បើនិយាយពីតម្លៃវិញ លោកតា Zhu យកពីភ្ញៀវគិតតែលើថ្លៃសម្ភារៈ (គ្រឿងបន្លាស់ដែលខូច) និងថ្លៃសេវាជួសជុលតិចតួច (១០ភាគរយ) តែប៉ុណ្ណោះ។ លើសពីនេះ ប្រសិនណាបើម៉ូតូមិនខូចដល់ថ្នាក់ ផ្លាស់ប្តូរគ្រឿងបន្លាស់អីទេ លោកតា Zhu អាចជួយជួសជុលឲ្យបាន ដោយមិនគិតកម្រៃថ្លៃសេវាឡើយ។

គ្រប់គ្នាប្រាកដជាឆ្ងល់ជាមិនខាន ថាហេតុអ្វីបានជាលោកតាអាចជួសជុលម៉ូតូបាន បើគាត់ជាមនុស្សពិការភ្នែកយ៉ាងដូច្នេះ។ ជាការពិតណាស់ លោកតា Zhu អាចជួសជុលម៉ូតូបាន នឹងដឹងថាម៉ូតូខូចត្រង់កន្លែងណានោះ ដោយគាត់គ្រាន់តែកាច់សោរបញ្ឆេះ ប្រើត្រចៀកស្តាប់សម្លេងម៉ាស៊ីនម៉ូតូ និងយកដៃទៅស្ទាបនៅកន្លែងណាមួយ ដែលគាត់សង្ស័យថាខូចតែប៉ុណ្ណោះ អាចឲ្យគាត់ដឹងបានយ៉ាងច្បាស់។

តាមការឲ្យដឹងពីភ្ញៀវម្នាក់ ឈ្មោះ Zheng បានអះអាងប្រាប់ថា លោកតា Zhu ពិតជាមានថ្វីដៃពិសេសក្នុងការជួសជុលម៉ូតូមែន ថ្វីបើគាត់ពិការភ្នែកក្តី។ ព្រោះនៅពេលដែលម៉ូតូរបស់គេខូចម្តងៗ គេតែងតែយកវាមកឲ្យលោកតា Zhu ឲ្យជួយជួសជុលជារឿយៗ។

«ខ្ញុំពិតជាមិនអាចនិយាយបានទេថា លោកតា Zhu ជាមនុស្សពិការភ្នែកឡើយ នៅពេលដែលខ្ញុំឈរសម្លឹងមើលគាត់ធ្វើម៉ូតូឲ្យខ្ញុំ។ ព្រោះគាត់ពិតជាមានជំនាញ ដូចមិនមែនជាមនុស្សពិការយ៉ាងអ៊ីចឹង» ។ នេះជាការលើកឡើងរបស់ Zheng ។

សកម្មភាពរបស់លោកតា Zhu កំពុងតែជួសជុលម៉ូតូជូនភ្ញៀវ

ជាមួយគ្នានេះដែរ តាមការឲ្យដឹងពីស្រ្តីចំណាស់ ត្រូវជាម្តាយរបស់លោកតា Zhu ផ្ទាល់ មានវ័យ៨៤ឆ្នាំ បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកឲ្យដឹងថា កូនប្រុសរបស់គាត់ (លោកតា Zhu) មានជំងឺរលាកស្រោមខួរក្បាល តាំងតែពីកើតបានអាយុ៦ខែមកម៉្លេះ ជាបញ្ហាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល និងខួរឆ្អឹងខ្នង ទើបបណ្តាលឲ្យលោកតា Zhu ពិការភ្នែកមើលមិនឃើញនេះតែម្តង។ នៅពេលដែលលោកតា Zhu ធំពេញវ័យត្រូវចូលរៀន ក៏មិនបានទៅរៀនសូត្រដូចក្មេងៗឯទៀតទេ នោះក៏ដោយសារតែ ភ្នែកគាត់មើលមិនឃើញនេះឯង។

លុះដល់ពេលដែលលោកតា មានវ័យកាន់តែច្រើន គាត់ក៏បាននឹកគិត និងសម្រេចចិត្ត រៀនសូត្រពីរបររកស៊ីមួយ ដើម្បីជួយខ្លួនឯងនិងចិញ្ចឹមគ្រួសារ តាមរយៈការហាត់រៀនធ្វើជាជាងម៉ូតូនេះ រហូតទាល់តែបានជោគជ័យ ដូចការតាំងចិត្តរបស់គាត់មែន។

ប្រភពដដែលបន្តថា អស់រយៈពេល៣០មកហើយ ដែលលោកតា Zhu ធ្វើជាជាងជួសជុលម៉ូតូ អាចរកប្រាក់បានក្រាស់ក្រែល និងសន្សំបានមួយចំនួនខ្លះ ជួយធ្វើផ្ទះជូនដល់ម្តាយជរារបស់គាត់ និងការចំណាយផ្សេងៗទៀតជាប្រចាំថ្ងៃ រួមមានទាំងការជួយបង់ថ្លៃស្នាក់នៅ សម្រាប់កូនប្រុសរបស់គាត់ ដែលកំពុងតែរស់នៅក្នុងទីក្រុងថែមទៀតផង។

លោកតា Zhu និយាយថា «ខ្ញុំមិនដែលគិតថា ខ្លួនឯងអន់ជាងអ្នកដទៃឡើយ។ ខ្ញុំខំព្យាយាមបង្រៀនខ្លួនឯងធ្វើអ្វីៗសព្វគ្រប់បែបយ៉ាង និងថែមទាំងខំប្រឹងរកលុយសម្រាប់ខ្លួនឯង ដើម្បីឲ្យការរស់នៅល្អប្រសើរដូចគេដូចឯង»

ទស្សនាវីដេអូខាងក្រោម៖  

សកម្មភាពរបស់លោកតា Zhu កំពុងតែជួសជុលម៉ូតូជូនភ្ញៀវ

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]