** ប្រលោមលោកខ្មែរឡូត **

(ភាគទី១ សូមចុចអានទីនេះ)

ភាគទី២ 

ភ្លើងពណ៌ចម្រុះគ្នាស្រស់ឆើតឆាយ កំពុងតែលោតញាក់ភ្លឹបភ្លែតតាមចង្វាក់ភ្លេងយ៉ាងរន្ថើន អមជាមួយនឹងកម្មវិធីសប្បាយៗដែលកាន់តែដំណើរការទៅមុខឥតឈប់ឈរ។ មនុស្សម្នាក្មេងៗយុវវ័យ រាំលេងផឹកស៊ីសប្បាយហាក់គ្មានទុក្ខកង្វល់អ្វីសោះ ជាពិសេសគឺក្រុមស្រីជើងល្អដារីនោះក៏អង្គុយផឹក និងនិយាយគ្នាលេងសប្បាយដោយមិនដឹងថាវាសនារបស់នាងកំពុងតែស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្ញុំសោះឡើយ។ ភ្នែករបស់ខ្ញុំកំពុងតែរំពៃមើលតាមដានស្រីឈ្មោះដារីនោះ ក៏ព្រោះតែមានគំរោងការណ៍ក្នុងចិត្តនោះតែម្តង។ អស់ប្រហែលជាជិតពីរម៉ោង ខ្ញុំឃើញពួកគេដូចជារាងស្រវឹងណាស់ហើយ ដោយសារតែសភាពទន់ខ្លួនល្ងៀក និងសំឡេងង៉ូង៉ូសចេញពីមាត់ពួកនាងតែម្តង៖

« យ៉ាងម៉េចហើយដារីទន់ខ្លួនហើយហ៎ពួកម៉ាក ថ្ងៃនេះប៉ុណ្ណឹងបានហើយ ចាំថ្ងៃក្រោយបន្តទៀតហ្ហីពួកម៉ាក ម៉ាក់ប៉ាឯងចាំផ្លូវងាប់ហើយ » ជាតាមិត្តរបស់ស្រីឈ្មោះដារីនោះ ប្រាប់ព្រោះស្រីជើងល្អទាំងក្តីបារម្ភ ព្រោះនាងមើលទៅពិតជាស្រវឹងខ្លាំងជាងគេជាងឯងមែន។ មិនដឹងជាស្រីស្អីទេ ផឹកនោះផឹកមើលតែមនុស្សប្រុស ឬក៏មានវិបត្តិអ្វីក្នុងខ្លួនជារឿងស្នេហា បានជាផឹកស្រាដូចផឹកទឹកអ៊ីចឹងនោះ មិនដឹងខ្លួននៅក្មេងនៅអីសោះ។ អេ? ហេតុអ្វីខ្ញុំត្រូវមួរម៉ៅផង នាងចង់ផឹកជារឿងរបស់នាង ចង់មានវិបត្តិស្អីក៏វិបត្តិទៅមកឈឺក្បាលហាលថ្ងៃអីដែរ?

« ជាតា ក្រែងហៅអោយយើងមកសប្បាយម៉េចក៏ប្រញាប់ ទៅវិញម៉េះ? កុំបារម្ភអីអ្នកបើកឡានគ្នានៅខាងក្រៅនោះ ឯងឃើញទេ? » ដារីលើកដៃលើកជើងចង្អុលមិនដឹងទិសតំបន់ រហូតមិត្តនាងចាប់ដៃឃាត់។

« អឺៗៗ តែគ្នាថាថ្ងៃនេះប៉ុណ្ណឹងសិនហើយណា ចាំស្អែកចាំបន្តទៀតក៏បានមែនទេគ្នាយើង? » មិត្តនាងនិយាយទាំងបារម្ភ លាយភ័យកេះមិត្តផ្សេងៗឱ្យជួយនិយាយ។ ដារីគ្រវីក្បាលរួចក្រោកចេញពីកៅអីនិយាយទាំងធុញទ្រាន់

« អឺ អឺធុញណាស់ពួកឯងនេះ អូខេគ្នាទៅបន្ទប់ទឹកបន្តិច មកវិញឥឡូវហើយ »

« ឱ្យយើងជូនទៅអត់? »ជាតាក្រោកឡើងចាប់ដៃដារីប្រុងចង់ជូនដារីទៅបន្ទប់ទឹក ព្រោះនាងដូចជាជោគជាំជាងគេ ប៉ុន្តែដារីលើកដៃហាម

«ស្អី ពួកឯងនេះគ្រាន់ប៉ុណ្ណឹងក៏ភ័យដែរ ទៅបន្ទប់ទឹកតើ មានដើរហើរទៅក្រៅឯណា ម្យ៉ាងក្លឹបលំដាប់នេះ មានសុវត្ថិភាពល្អណាស់ ជាពិសេសមុខបន្ទប់ទឹកមានអ្នកយាមកាមគួរឱ្យទុកចិត្ត ហេហេ មកវិញឥឡូវហើយណាពួកឯង » និយាយរួចស្រីជើងល្អ នោះក្រោកទៅបន្ទប់ទឹកម្នាក់ឯង ដោយគ្មានមិត្តណាអាចហាមនាងបាន។

នាងនិយាយត្រូវក្លឹបយើងនេះ ពិតជាសុវត្ថិភាពល្អមែន ប្រព័ន្ធការពារក៏ល្អគួរឱ្យទុកចិត្ត គ្មានអ្វីភ្លាំងភ្លាត់សោះឡើយ ការយាមកាម និងអង្គរក្សក៏ធ្វើការបានល្អ មិនដែលមានរឿងអាក្រក់កើតឡើងនោះទេ។ គួរឱ្យស្តាយ! ដែលថ្ងៃនេះគឺជានាង មនុស្សស្រីដែលខ្ញុំកក់ទុកតាំងពីឮសម្តីដ៏ព្រហើនចេញពីមាត់នាងឯណោះ។ ម្យ៉ាងទីនេះជា ទឹកដីរបស់ខ្ញុំ ទោះជាយ៉ាងណានាងជារបស់ខ្ញុំ ពិតជាមិនរួចខ្លួនជាដាច់ខាត។ បន្ទាប់ពីមានគម្រោងការក្នុងចិត្ត ខ្ញុំក៏ក្រោកចេញពីតុដើរសន្សឹមៗពីក្រោយនាង រួចឈរយ៉ាងសង្ហាចាំនាងនៅមុខបន្ទប់ទឹក។ មួយសន្ទុះទ្វារបន្ទប់ទឹកបានរបើកក្រោក មិនទាន់បាននិយាយអីផង រាងកាយដ៏ស៊ិចស៊ី ល្វតល្វន់បានដួលសំដៅមករាងកាយដ៏ស្រស់សង្ហារបស់ខ្ញុំ។ ឱកាសល្អហើយ បើមិនត្រកងបីទេ ដូចជាមិនសមមែនទេ? ដៃដែលសម្បូរសាច់ដុំសង្ហាៗស្រីៗឃើញតែងតែប្រាថ្នាសុំនែបនិត្យទោះត្រឹមតែបានប៉ះសាច់តែបន្តិចក៏អស់ចិត្ត បានស្រវាឱបចង្កេះដ៏តូចល្វតល្វន់ស្អាតរបស់នាង។ ចង្រៃអីស្រាប់តែពួកអង្គរក្សទាំងហ្វូងបានស្ទុះមករកពួកខ្ញុំ។ នឹកៗចង់ខឹងអាប្រព័ន្ធសុវត្ថិភាពដែលវាពូកែពេក ជាពិសេសរំខានឱកាសជាមួយស្រីស្អាតដែលខ្ញុំប្រាថ្នា ចង់តែកំទេចចោលឱ្យអស់ពេលនេះតែម្តងទេនេះ។ គួរឱ្យក្តៅចិត្តណាស់។

« មានរឿងអី? ធ្វើអីផ្តេសផ្តាសនៅទីនេះមិនបានទេណា។ ហាស! ចៅហ្វាយតើ មានរឿងអីហ្នឹង មានអីឱ្យពួកខ្ញុំជួយទេ? » មេអង្គរក្សនាំមុខពួកអង្គរក្សស្វាមួយហ្វូងឈ្មោះសាន់បានភ្ញាក់ផ្អើលពេលដឹងថាជាខ្ញុំ។

ខ្ញុំក៏គ្រវីដៃហាម ហើយប្រឹងញញឹមទាំងការពិត ក្នុងចិត្តចង់តែស្ទុះទៅដាល់ពួកវាម្នាក់មួយដៃៗ ឱ្យសមទោសកំហុសដែលហ៊ានមករំខានសេចក្តីសុខរបស់បុរស Perfect ដូចជាខ្ញុំ។

« អឺ មិនអីទេសាន់ ចាំយើងជូននាងទៅអ្នកបើកឡាននាង យើងស្គាល់នាងតើ ហើយឯងទៅប្រាប់មិត្តនាងនៅតុលេខ ៧ ទៅ ថានាងស្រវឹងខ្លាំងទៅផ្ទះមុនហើយ» ខ្ញុំប្រាប់សាន់អ្នកការពារម្នាក់ក្នុងចំណោម ៥០នាក់ហើយហុចលុយមួយសន្លឹកឱ្យ។ សាន់ឱនលំទោនទាំងរីករាយ ហើយចេញទៅវិញតាមបញ្ជារបស់ខ្ញុំទាំងមិនភ្លេចពាក្យស៊តសៀតតិចៗ តែយើងឮណាវ៉ើយ!

« សុំឱ្យចៅហ្វាយមានសេចក្តីសុខច្រើនៗនៅយប់នេះណាទាន»

កុំតែមានការសំខាន់ទេ កុំអីមិនឱ្យឯងមកលេងសើចបែបនេះទេ ។ តែណ្ហើយ! ធ្វើម៉េចកូនចៅវាដឹងចិត្តថាមេវាមិនត្រឹមតែសង្ហា មាន តែចិត្តល្អ លេងសើចច្រើនមិនប្រកាន់អ្នកតូចទាបហ្នឹងណា។ មិនបាច់ឆ្ងល់ទេ ដែលសាន់ធ្វើតាមបព្ជាាខ្ញុំដោយរីករាយ ព្រោះខ្ញុំធ្វើអីមិនដែលផ្តល់ទុក្ខទោសដល់អ្នកណាម្នាក់នោះទេ ហើយបើខ្ញុំចង់ធ្វើអីមួយហើយ ក៏មិនដែលឱ្យថ្លោះធ្លោយម្តងណាដែរ។  

រូបតំណាង

បន្ទាប់ពីដោះស្រាយបញ្ហាចំពោះមុខរួចហើយ ខ្ញុំក៏ត្រកងបីមនុស្សស្រីដែលគេងលង់លក់មិនដឹងអីនៅក្នុងដៃរបស់ខ្ញុំទាំងទឹកមុខញញឹម សំដៅទៅបន្ទប់ក្រោមដីពិសេសរបស់ខ្ញុំ។ វាជាបន្ទប់ផ្ទាល់ខ្លួនដែលគ្មានអ្នកណាដឹង ហើយក៏គ្មានអ្នកណាអាចមានវិធីចូលមកក្នុងបន្ទប់នេះបានឡើយលើកលែងតែខ្ញុំ។ ហ៊ឹសៗៗ ម្តងនេះនាងពិតជាចប់មិនខានស្រីតូច។

បន្ទប់ក្រោមដីដែលតុបតែងដោយរបស់ទំនើបៗ ថ្លៃៗ ពូកគ្រែរាបចំស្អាតត្រូវស្តង់ដា មិនខុសពីបន្ទប់សណ្ឋាគារផ្កាយ៥សម្រាប់រាត្រីផ្សំដំណេក បានផុសនៅចំពីមុខរបស់ខ្ញុំ បន្ទាប់ពីចុចគន្លឹះតែមួយ ដោយគ្រាន់តែប្រើ….មានរឿងអីខ្ញុំត្រូវប្រាប់អ្នកនោះមែនទេ? វាជាការសម្ងាត់នោះអី ហាហា...។

ខ្ញុំក៏បីដារីស្រីជាជើងល្អដាក់លើគ្រែ នាងក៏ដឹងខ្លួនភ្លាមតែម្តង។ យី! រឿងពិតអីក៏ខុសពីរឿងកុនខ្លាំងម៉េះ? ក្រែងទាល់តែតួប្រុសបានប៉ះ ស្ទាប ឱបតិចសិនបានភ្ញាក់ហេ? ការពិតវាពិតជាខុសពីរឿងមែន ក្តៅចិត្តតែម្តង។ ក្រោកមកភ្លាមស្រែកឡូឡារភ្លាមតែម្តង មិនសុខពីរហ័ស្សនាមដែលខ្ញុំដាក់ឱ្យសោះ ។ ស្រីឆ្នាស់នេះ មិនដឹងប្រើមាត់និយាយ ឬប្រើមេក្រូទេនេះ។

« ហ៊ីយ ទីនេះជាកន្លែងណា ហាស់? អេ! លោកលោកឯងធ្វើអីខ្ញុំហាស់? ចេញភ្លាមមមម » ឃើញទេគ្រាន់តែដឹងខ្លួនភ្លាមជំទាលតែម្តងហើយ។ ខ្ញុំក៏បកស្រាយក្នុងនាមជាសុភាពបុរស

« អ្នកនាងដួលសន្លប់មុខបន្ទប់ទឹក ខ្ញុំក៏ជួយនាំមកសំរាកទៅ » ខ្ញុំញញឺមទាំងមានកល់ល្បិច។

« ចឹងផង? អូខេខ្ញុំទៅរកមិត្តខ្ញុំវិញហើយ » ដារីស្ទុះប្រុងក្រោកឡើង តែក៏ដួលមកវិញ ព្រោះតែអាការស្រវឹងមិនបាត់ងាយៗ។ នាងយកដៃក្តោបក្បាលទាំងមុខជូរ។ ខ្ញុំធ្វើមិនដឹងមិនឮ រួចនិយាយឌឺដង

« ប្រញាប់ទៅណា មិនគិតអរគុណខ្ញុំសិនទេ? » ខ្ញុំឡើងមកអង្គុយជិតនាងទាំងទឹកមុខបង្កប់ល្បិចកលដែលស្រីៗឃើញប្រាកដជាស្រែកសប្បាយទាំងស្លុតចិត្ត តែបែរជាប្រើការមិនបានចំពោះស្រីនៅចំពោះមុខទៅវិញ ព្រោះនាងបានថយក្រោយស្ទើរតែធ្លាក់ពីលើគ្រែ តែខ្ញុំចាប់ឱបចង្កេះជាប់

« នែ លែងភ្លាម ហ៊ីស!  មនុស្សប្រុសដូចពួកលោកបែបនេះគ្រប់តែគ្នាមែនទេ? ជួយដោយមានបំណង ជាពិសេសមនុស្សប្រុសមុខព្រានដូចជាលោកលែងខ្ញុំ លែងណា » ស្រីឆ្នាស់ស្រែកថាឱ្យខ្ញុំទាំងទឹកភ្នែក។ មានរឿងអី? ឬនាងស្រវឹងខ្លាំងហើយបានជាចាប់ផ្តើុមនិយាយស្តីស្រែកឡូឡារដឹងរឿងខ្លះ មិនដឹងរឿងខ្លះដូច្នេះ? ហេតុអីខ្ញុំបែរជាមានអារម្មណ៍មិនល្អសោះពេលឃើញនាងយំបែបនេះ? ទេ មិនអាចចិត្តទន់ទេ ភ្លេចហើយឬថាខ្ញុំជាអ្វី? ខ្ញុំត្រូវតែធ្វីនៅពេលនេះមិនអាចបណ្តោយទុកយូរទេ រាងកាយរបស់ខ្ញុំកំពុងតែចាប់ផ្តើមមានប្រតិកម្មហើយ ។

គ្រាន់តែចាប់ផ្តើមប្រមូលស្មារតីខ្លួនឯងបានមកវិញ ម៉ោងក៏ដើរដល់លេខ ២ល្មម ។ ថាម៉េចម៉ោង ២រំលងអាធ្រាតហើយហេ? ក្នុងខ្លួនរបស់ខ្ញុំក៏ចាប់ផ្តើមឡើងក្តៅអន្ទះអន្ទែង ភ្នែកឡើងក្រហមស្ទើរចេញឈាម ចង្កូមចាប់ផ្តើមដុះចេញមក ជាសញ្ញាថាដល់ពេលវេលាចាប់ផ្តើមចាត់ការចំណី។ ប្រហែលជាកំពុងតែឆ្ងល់ថាខ្ញុំកំពុងតែលេងសើចអីមែនទេ? ការពិតខ្ញុំរៀបរាប់មិនទាន់អស់ពីជីវប្រវត្តិរបស់ខ្ញុំ។ 

រូបតំណាង

វាជារឿងដែលស្ទើរតែមិនគួរឱ្យជឿ តែនេះជាការពិត ហើយខ្ញុំនេះហើយជាសាក្សីរស់នោះ។ ការពិតខ្ញុំជាអម្បូរស្តេចបិសាចជញ្ជក់ឈាម ចិនគេហៅថាខ្មោចឆៅ ពួកអឺរ៉ុបគេហៅថា Vampire ហើយភាសាក្រិចគេហៅថា………ថា ថាស្អីចេះ? កុំទៅខ្វល់ហៅអីក៏ហៅទៅ ។ រៀបរាប់ឡើងចង់ហត់ទៅហើយ ហិហិ និយាយរឿងបន្តវិញល្អជាងមែនទេ។ ខ្ញុំជាបិសាចដែលអាចរស់នៅបានដោយសារការផឹកឈាមរបស់មនុស្សរស់ តែខ្ញុំក៏អាចញុំអាហារដូចមនុស្សធម្មតាបានដែរ គ្រាន់តែមួយថ្ងៃខ្ញុំត្រូវតែផឹកឈាមមនុស្សម្តងដើម្បីបន្តជីវិតរស់នៅ ហើយនេះវាក៏ជាហេតុផលដែលខ្ញុំបើកក្លឹបមួយនេះដើម្បីងាយស្រួលរកចំណីដែរ។ ពួកខ្ញុំមិនមែនផឹកឈាមមនុស្សរហូតដល់ស្លាប់នោះទេ ។ ពេលខ្លះពួកយើងរកឈាមដែលបូមមកពីមន្ទីរពេទ្យមកជាចំណី តែសុំប្រាប់ទៅចុះវាមិនឆ្ងាញ់ដូចបឺតឈាមស្រស់ៗពីកញ្ចឹងក-សខ្ចីរបស់មនុស្សទេ ។ ម្យ៉ាងវិញទៀតដែលអ្នកត្រូវដឹង ពួកយើងមិនសំលាប់មនុស្ស ដូចជារឿងដែលផ្សាយឱ្យអស់លោកអ្នកមើលនោះទេ គឺបំភ្លៃ កុហកទាំងស្រុងតែម្តង អំពីអម្បូររបស់ខ្ញុំ។ មើលតែខ្ញុំទៅអ្នកណាជឿថាជាបិសាច? រូបរាងសង្ហាតារាសុំខ្មាស់ មិនមែនរូបរាងអាក្រក់ដូចរឿងគេលេងឱ្យមើលនោះទេ។

គ្រួសារខ្ញុំជាកំណើតស្តេចបិសាចជញ្ជក់ឈាមពីកំណើត ដូច្នេះពួកយើងមានឥទ្ធិពល និងមានកម្លាំងជាងអំបូរបិសាចដែលក្លាយពីមនុស្ស ។ គ្រួសាររបស់ខ្ញុំមានម៉ាក់ប៉ា បងប្រុស ប្អូនស្រី ដែលពួកគេសុទ្ធតែទៅរស់នៅបរទេស ។ ពួកគេមិនបឺតឈាមស្រស់ពីមនុស្សទេ ពួកគាត់ប្រាប់ថាខ្ពើម ប៉ះពាល់មនុស្សផ្តេសផ្តាសសម្បូរមេរោគ ។ ជាសំណាងដែលពួកគាត់មានមនុស្សជំនិតធ្វើការនៅមន្ទីពេទ្យហើយជួយឱ្យបានឈាមស្រស់ៗ មករក្សាគុណភាពក្នុងម៉ាស៊ីនទំនើបរបស់ពួកយើង។ ឯរសជាតិវិញមិនខុសពីការបឺតឈាមស្រស់ៗពីមនុស្សនោះទេ មានតែខ្ញូំទេដែលខុសគេចូលចិត្តបឺតឈាមពីមនុស្សស្រស់ៗតាមវិធីបុរាណពីដូនតា។

ពួកខ្ញុំអាចចេញក្រៅពេលថ្ងៃបានដោយគ្មានគ្រោះថ្នាក់ តែគ្រាន់តែត្រូវការពារខ្លួនខ្លះៗ ព្រោះពន្លឺថ្ងៃអាចធ្វើឱ្យបិសាចដូចជាពួកខ្ញុំឈឺក្បាល អស់កម្លាំងបាន។ តែខ្ញុំមិនចូលចិត្តពេលថ្ងៃ មិនចូលចិត្តពន្លឺថ្ងៃទាល់តែសោះ បើគ្មានការសំខាន់អ្វីទេ នោះខ្ញុំមិនចេញជាដាច់ខាត។ ចំណែកពួកបិសាចអំបូរក្លាយពីមនុស្ស ពួកគេមានកំលាំងខ្សោយជាងពួកខ្ញុំឆ្ងាយណាស់ មិនខុសពីរឿងគេលេងឱ្យមើលនោះទេ ពួកគេមិនអាចចេញទៅក្រៅត្រូវថ្ងៃជាដាច់ខាត បើមិនអ៊ីចឹងគេប្រាកដជាឆេះខ្លួនប្រាណ រលាយព្រលឹងអស់ជាមិនខាន។

មួយវិញទៀតមានតែអម្បូរស្តេចបិសាចដូចជាខ្ញុំទេ ទើបអាចមានថាមពលអាចប្តូរមនុស្សទៅបិសាចបាន។ នៅលើលោកនេះនៅសល់អម្បូរស្តេចបិសាចតែ ៣គ្រួសារតែប៉ុណ្ណោះរួមទាំងគ្រួសាររបស់ខ្ញុំ។ តែគ្រួសារអ៊ំៗទាំងនោះចូលនិវត្ត កាន់សីល៍ ធម៌អាថ៌នៅក្នុងព្រៃអស់ហើយ។ ការពិតបិសាចមិនមែនអាក្រក់ដូចគេចោទឯណាពួកយើងមានសាច់ មានឈាម មានអារម្មណ៍មានបេះដូង មានការគិតមិនខុសពីមនុស្សធម្មតានោះទេ ។ បិសាចពួកយើងមានច្បាប់ មិនឱ្យសំលាប់មនុស្សទេ ហើយរាល់ពេលដែលបឺតឈាមពីមនុស្សបានហើយ ត្រូវធ្វើការលប់ការចងចាំរបស់មនុស្សទាំងនោះអស់ភ្លាម។ ដូច្នេះបិសាចរាត្រីគ្រាន់តែជាសុបិនអាក្រក់ដែលស្រពិចស្រពិលនៅក្នុងការចងចាំរបស់មនុស្សមួយចំនួនតែប៉ុណ្ណោះ ដោយបន្សល់ការឈឺចាប់ៗតិចៗដូចជាស្នាមម្ជុលចាក់ថ្នាំអ៊ីចឹង។ ដោយហេតុនេះហើយ បានជាគ្មានអ្នកណាដឹងឮពីវត្តមានបិសាចរបស់ពួកយើងទេ។ រឿងរបស់ពួកយើងគ្រាន់តែជារឿងនិទានបុរាណ ឬគ្រាន់តែជារឿងប្រឌិតរបស់អ្នកនិពន្ធដែលមិនដឹងខ្យល់អីអស់ទាំងនោះ។ តែខ្ញុំសូមបព្ជាក់ ពួកបិសាចជញ្ជក់ឈាមយើងខ្ញុំពិតជាមានពិតមែន។ មិនជឿកុំប្រមាថប្រយ័ត្នបិសាចរូបសង្ហាតាមបឺតឈាមដល់ផ្ទះណា ហាហា... រៀបរាប់យូរណាស់ហើយ ល្មមចូលដល់សាច់រឿងបន្តវិញម្តង។ 

រូបតំណាង

គ្រាន់តែឃើញប្រតិកម្មខ្ញុំភ្លាមស្រីឆ្នាស់ដារី បើកភ្នែកធំៗភ្ញាក់ផ្អើល ស្វាងស្រាអស់ រកកន្លែងរត់ស្ទើរតែមិនទាន់។

« បិ…បិសាច ទេទេចេញទៅកុំធ្វើបាបខ្ញុំ ខ្ញុំមិនទាន់ចង់ស្លាប់ទេ ហឺហឺ..ម៉ាក់នៅណាជួយកូនផង » ដាវីយំអង្វរខ្ញុំរត់ទៅណាមិនកើតព្រោះត្រូវខ្ញុំប្រើវេទមន្តបញ្ជាឱ្យរាងកាយរបស់នាងនៅហ្នឹងថ្កល់កម្រើកទៅណាមិនរួច។

« ឥឡូវដឹងហើយថាខ្ញុំបិសាច ឱ្យខ្ញុំបឺតឈាមតាមសម្រួលមក ធានាថាមិនឈឺទេ ជឿចិត្តខ្ញុំទៅ ហើយនាងក៏មិនស្លាប់ដែរ ខ្ញុំសន្យា »

សំឡេងគំរាមប្រែក្លាយជាខ្សោយទៅៗកាយឡំនឹងសម្តីទន់ភ្លន់ដែលខ្ញុំមិនធ្លាប់បានប្រើជាមួយចំណីដែលនៅនឹងមុខ។ មិនដឹងថាខ្ញុំកើតអី គ្រាន់តែឃើញទឹកមុខភ័យខ្លាចរបស់នាង និងសំឡេងយំ ខ្ញុំពិបាកចិត្ត ខ្ញុំអាណិតនាង។ ខ្ញុំមិនដែលនិយាយអង្វរសុំបឺតឈាមនរណាពីមុនមកទេ ចង់បឺតឈាមគឺបឺតឈាមយកតែម្តង ហើយលប់ការចងចាំជាការស្រេច។ ខ្ញុំស្ទើរតែដាច់ចិត្តដោះលែងនាងទៅហើយ តែពេលនេះអាធ្រាតហើយខ្ញុំពិតជាឃ្លានខ្លាំងណាស់ ខ្ញុំមិនអាចលែងនាងបានទេ ខ្ញុំមិនអាចរកអ្នកណាមកជំនួសក្នុងពេលអាសន្ននេះកើតទេ ។

« និ…យាយលេងមែនទេបិសាចគឺបិសាច បឺតឈាមហើយស្លាប់ ឬក៏ក្លាយជាបិសាចដែរ កុំកុហកខ្ញុំ ហ៊ី ហ៊ី ខ្ញុំមិនទាន់ចង់ស្លាប់ ខ្ញុំមិនចង់ក្លាយជាបិសាចទេ»

« ជឿ.....ចិត្តខ្ញុំបានទេ ខ្ញុំយកកិត្តិយសជាបិសាចថ្នាក់ខ្ពស់មកធានា សន្យាណា ថានាងមិនស្លាប់ទេ » ឆ្កួតៗមែនខ្ញុំម៉េចក៏ដាច់ចិត្តអង្វរស្រីខ្លួនតូចតែមួយដែលឆ្មើងឆ្មៃដាក់ខ្ញុំតាំងពីជួបដំបូងបែបនេះ ។ នាងទេដែលគួរតែអង្វរខ្ញុំ ក្រែងខ្ញុំចង់ប្រដៅនាងឱ្យស្គាល់ខ្ញុំហេ រឺក៏ខ្ញុំឃ្លានទាល់តែឡប់សតិអស់ហើយ ព្រះអើយ!!! ខូចឈ្មោះអស់។

« ទេ……គ្មានផ្លូវ» ស្រីឆ្នាស់នោះបានខ្ញុំអង្វរក៏ចាប់ផ្តើម លែងខ្លាច សំឡក់ហើយស្រែកដាក់ខ្ញុំខ្លាំងៗ។ ខ្ញុំបានតែអង្គុយធ្វើមុខជូរ ហើយបែរខ្នងទៅម្ខាងទាំងពិបាកក្នុងខ្លួន។ ហេតុអីខ្ញុំមិនចង់បង្ខំនាង បែរជាសុខចិត្តនៅស្ងៀមទៅវិញ។ ខ្ញុំក៏និយាយទាំងអស់កម្លាំង

« អ៊ីចឹងនាងចេញទៅ ដើរទៅរកទ្វារចុចគន្លឹះនោះ៣ដង កាច់ទៅស្តាំ បត់ទៅឆ្វេង រួចទ្វារនឹងរបើកហើយ...ចេញទៅ កុំមកវិញឱ្យសោះ»

និយាយរួចខ្ញុំចាប់ផ្តើមបែកញើសជោគខ្លួន រាងកាយចាប់ផ្តើមឈឺចាប់ដូចម្ជុលចាក់សុះសាច់។ នេះជាប្រតិកម្មដ៏សែនទារុណទរារបស់ពួកបិសាចរបស់យើង៊។   បិសាចទោះជាមានជីវិតអមតៈមិនចេះស្លាប់ លុះត្រាតែមានអ្នកសំលាប់ដោយវិធីដែលអ្នកនឹងមិនបានដឹងក៏ដោយ។ តែបើពួកខ្ញុំមិនផឹកឈាមមនុស្សមុនថ្ងៃរះទេ ពួកខ្ញុំនឹងឈឺចុកចាប់ពេញខ្លួនដូចខ្ញុំពេលនេះអ៊ីចឹង វេទនាណាស់ ស្ទើរស្លាប់ តែក៏ស្លាប់មិនបាន។ ដារីស្ទើរតែឈានជើងចេញពីបន្ទប់នេះទៅហើយ សុខៗនាងក៏បែរមកសួរខ្ញុំ

« នែនែ! កើតអី ហា? » ស្រីឆ្នាស់នោះចាប់ផ្តើមចាប់អារម្មណ៍ប្រតិកម្មខ្ញុំ នាងសួរទាំងភ័យ ឬក៏នាងបារម្ភខ្ញុំដែរ ? ខ្ញុំបែរជារំភើបចិត្តបែបនេះ សឹងតែឆ្លើយមិនចង់បានដោយសារតែការឈឺចាប់លាយឡំ។

« អឺ គឺ…គឺ ខ្ញុំពិបាកក្នុងខ្លួនណាស់ មកពីខ្ញុំមិនបានផឹកឈាម ជាចំណី អូយ »

« នែ និយាយលេងសើចទេមែនទេ ហើយ ហើយធ្វើម៉េច? លោកមិនស្លាប់ទេមែនទេ នែ នែ???? កុំកើតអីណា »

«មិនអីទេ ខ្ញុំមិនស្លាប់ទេចាត់ទុកថាខ្ញុំដោះលែងនាងចុះ នាងចេញទៅ » ។ នាងបិទមាត់ស្ងាត់មួយសន្ទុះ ស្រាប់តែសំឡេងរបស់នាងបានហៅឱ្យខ្ញុំងាកមើលនាងទាំងបើកភ្នែកធំៗ។

» អឺ អឺ នែ ល្អៗៗៗ នេះចាត់ការខ្ញុំមក ចង់បឺតឈាមខ្ញុំមែនទេ? ចង់ធ្វើអីក៏ធ្វើទៅ ឱ្យលឿនៗមក តែកុំឈឺពេក ខ្ញុំ...ខ្ញុំខ្លាចឈឺ » ខ្ញុំមើលទៅនាងទាំងមិនចង់ជឿ នេះសុខសុខចង់ឱ្យខ្ញុំបឺតឈាម? មិញទើបតែថាខ្លាចសោះ ពិតជាតាមមិនទាន់មែន។

« ក្រែងនាងខ្លាចហេ? ខ្លាចស្លាប់ ខ្លាចអីណាណោះ? ឥឡូវលែងខ្លាចហើយ? »

« និយាយច្រើនមែនឱ្យលឿនៗឡើងទៅ ខ្ញុំជឿលោកម្តងចុះ ក្រែងលោកថាខ្ញុំមិនស្លាប់ មិនក្លាយជាបិសាចនោះអី » ខ្ញុំមើលមុខនាងទាំងរំភើបចិត្ត ហើយនាងក៏បែរខ្នងមកខ្ញុំ ហើយវែកសក់ចេញពីកញ្ចឹងកនាង បង្ហាញកសខ្ចីស្អាត ធ្វើឱ្យខ្ញុំស្រក់ទឹកមាត់។ ទ្រាំលែងបានខ្ញុំក៏យកដៃចាប់កាន់កនាង ខ្ញុំដឹងថានាងកំពុងតែភ័យឡើងញ័រតែអត់ទ្រាំទាំងរឺងខ្លួន។ ខ្ញុំស្រង់ក្លិនក្រអូបពីកញ្ចឹងកសខ្ចីរបស់នាង ហើយចង្កូមខ្ញុំចាប់ផ្តើមលៀនចេញមកចាក់ទំលុះសាច់កសខ្ចីរបស់នាង។ ដារីនាងក្តាប់ដៃណែនព្រោះតែការឈឺចាប់ពេលចាក់ទំលុះសាច់ដំបូង តែនាងក៏សុខចិត្តទ្រាំមិនស្រែកមួយម៉ាត់។ ឈាមនាងពិតជាក្រអូប ហើយឈ្ងុយខ្លាំងណាស់ ខ្ញុំស្ទើរតែបឺតឈាមនាងឱ្យអស់ពីខ្លួនទៅហើយ។ ខ្ញុំមិនដែលបឺតឈាមអ្នកណាឆ្ងាញ់ដោយភាព ឈ្លក់វង្វេងអញ្ចឹងទេ។ តែខ្ញុំនឹកឃើញពីភាពឈឺចាប់របស់នាង ក៏ព្រលែងចង្កូមពីនាង ហើយយកដៃអង្អែលលើស្នាមចង្កូមពីរនោះ ស្នាមក៏បាត់អស់គ្មានសល់សាកស្នាម ឬការឈឺចាប់អីនោះទេ។ ក្រោយពីមានកំលាំងពីការបឺតឈាមរបស់នាង ខ្ញុំក៏វិលមកសភាពដើមវិញ។ ដាវីក៏ដួលដេកលឺគ្រែ ប្រហែលអស់កំលាំងពីការបឺតឈាមហើយ ខ្ញុំក៏ស្ទុះសួរនាងទាំងបារម្ភ

« យ៉ាងម៉េចហើយ នាងមិនអីទេមែនទេ? ឃើញទេនាងមិនស្លាប់ មិនបានក្លាយជាបិសាចទេ សុំទោសណាដែលខ្ញុំផឹកឈាមនាងជ្រុល ហើយអរគុណដែលបានឱ្យខ្ញុំបឺតឈាមណា » ដាវីសំលឹងមកខ្ញុំភ្លឹក ហើយយកដៃស្ទាបអង្អែលកកន្លែងដែលខ្ញុំបឺតឈាមនាងមុននោះ។

« អឺ ! ខ្ញុំមិនស្លាប់ពិតមែន លោកមិនបានកុហកខ្ញុំទេ។ តែហេតុអីក៏ កខ្ញុំគ្មានស្នាម ហើយមិនឈឺចឹង? តើលោកជាបិសាចមែនឬអត់? តើខ្ញុំយល់សប្តិមែនទេ? អូយវិលមុខណាស់ »

« នេះជារឿងពិតទាំងអស់ ខ្ញុំជាបិសាចពិតមែន ខ្ញុំក៏បានបឺតឈាមនាងរួចហើយដែរ ក្រោយពីខ្ញុំបឺតឈាមនាងរួច វានឹងមិនឈឺចាប់ ឬមានស្លាកស្នាមអ្វីទេ។ ហើយវាក៏ដល់ពេលដែលខ្ញុំត្រូវលប់ការចងចាំរបស់នាងផងដែរ» ខ្ញុំឆ្លើយពន្យល់ដារិទាំងមុខស្រពោន តែនាងបែរជាភ្ញាក់ផ្អើល ហើយសួរមកខ្ញុំ

« លុបការចងចាំ? ហេតុអី? ហេតុអីត្រូវលុបការចងចាំរបស់ខ្ញុំផង? »

« ហ៊ីម នាងគិតទៅមើល...បើខ្ញុំមិនលុបការចងចាំរបស់មនុស្សដែលខ្ញុំផឹកឈាមទាំងអស់ទេ តើខ្ញុំអាចរស់នៅលើលោក និងនៅទីនេះបានយ៉ាងម៉េចទៅ? មនុស្សពិតជាដឹងពីវត្តមានរបស់ពួកខ្ញុំ ហើយព្យាយាមកំចាត់ពួកខ្ញុំជាមិនខាន។ តែកុំភ័យអីណា ខ្ញុំមិនលុបការចងចាំរបស់នាងទាំងអស់ទេ គ្រាន់តែជាការលុបការចងចាំរយៈពេលខ្លី ២ ៣ម៉ោងមុននេះ រយៈពេលដែលយើងស្គាល់គ្នាតែប៉ុណ្ណោះ » ខ្ញុំនិយាយប្រាប់នាងទាំងញញឹមបង្កប់ភាពសោកសៅ។ ហេតុអីខ្ញុំត្រូវឈឺចាប់ផង ដែលដឹងថាប៉ុន្មាននាទីទៀត នាងនឹងបំភ្លេចខ្ញុំ ភ្លេចវត្តមានខ្ញុំពីជីវិតនាង ហើយនាងនឹងមិនស្គាល់ខ្ញុំទៀតទេ។ ហេតុអ្វីក៏ឈឺចាប់ខ្លាំងម៉េះ?

.........សូមរង់ចាំភាគបន្ត នៅសប្តាហ៍ក្រោយ...............

(ភាគទី១ សូមចុចអានទីនេះ)

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]