ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡាមានការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយស្ថាប័ន IDP Education មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាល ACE ក្នុងការផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ក្នុងមួយឆ្នាំដល់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧កន្លងទៅនេះ ដែលទទួលបាននិទ្ទេស A និង B ដើម្បីសិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំនៅសាលា ACE។ 

កម្មវិធីផ្តល់អាហារូបករណ៏នេះ នឹងធ្វើឡើងសម្រាប់រយៈពេលពីរឆ្នាំជាការសាកល្បង គឺ ២០១៧ និង២០១៨ ដែលគិតជាទឹកប្រាក់មានចំនួន ២០ ម៉ឺនដុល្លារអាមេរិក សម្រាប់រៀនភាសាអង់គ្លេសមិនពេញម៉ោង (Part-time) នៅសាលា ACE។ កម្មវិធីអាហារូបករណ៏នេះ ជាផ្នែកមួយនៃកិច្ចការសង្គមរបស់ IDP/ACE ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើននូវគុណភាពអប់រំ តាមរយៈកម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។

ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយស្ថាប័ន IDP Education

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៏ថា៖ “ក្រសួងសូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែង រៀនសូត្រដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ក្រសួងសូមស្វាគមន៏ដល់ការផ្តល់អាហារូបករណ៍ឲ្យរៀននៅសាលា ACE ដើម្បីបង្កើនកម្រិតភាសាអង់គ្លេស ដល់សិស្សានុសិស្សស្របជាមួយគ្នានឹងកំណែទម្រង់របស់ក្រសួងក្នុងការបញ្ចូលភាសាអង់គ្លេសទៅក្នុងកម្មវិធីសិក្សាថ្នាក់បឋមសិក្សា” ។

ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយស្ថាប័ន IDP Education

លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា៖ “កម្មវិធី អាហារូបករណ៍ ACE Inspiring Excellence Scholarshipsនេះនឹងជួយដល់សិស្សានុសិស្ស ទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា ដោយផ្តល់ឲ្យពួកគេនូវជំនាញភាសាអង់គ្លេសកាន់តែប្រសើរឡើង ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមនៅក្នុងប្រទេស ឬក្រៅប្រទេស” ។ លោកបានបន្តថា៖ “ចំណេះដឹងភាសាអង់គ្លេស តាមបទដ្ឋាននៅ ACE សិស្សានុសិស្សទាំងនេះ នឹងមានឱកាសកាន់តែខ្ពស់ក្នុងការទទួលបានអាហារូបករណ៏ទៅសិក្សានៅបរទេស ជាពិសេសប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេស”។

ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយស្ថាប័ន IDP Education

ការដាក់ពាក្យសុំអាហារូបករណ៏ ACE Inspiring Excellence Scholarships នេះ នឹង បើកចាប់ពីចុងខែតុលា ឆ្នាំ២០១៧ ហើយនឹងត្រូវចាប់ផ្តើមចូលរៀននៅ ខែមករា ឆ្នាំ២០១៨។ ក្រៅពីការសិក្សាភាសាអង់គ្លេស អ្នកដែលទទួលបានអាហារូបករណ៍ទាំង១០០នាក់នេះ នឹងទទួលបានឱកាសចូលរួមនៅក្នុងសកម្មភាពផ្សេងៗរបស់សាលាផងដែរ។

ព័ត៌មានបន្ថែម សូមចូលទៅកាន់ តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://scholarship.acecambodia.org ឬ https://acecambodia.org 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]