ជីវិតដៃគូដែលមានភាពផ្អែមល្ហែម គឺជាវត្ថុដ៏មានតម្លៃមួយដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។ អ្វីដែលបញ្ជាក់ឲ្យកាន់តែច្បាស់ថាវាជាឱសថមួយដ៏ស័ក្តិសិទ្ធិនោះគឺថា មនុស្សមួយចំនួនធំដល់ថ្នាក់ហ៊ាននិយាយថា ទោះបីជាយកពេជ្រប៉ុន្មានដុំមកដូរជាមួយនិងជីវិតដៃគូដ៏ផ្អែមល្ហែមរបស់គាត់ ក៏គាត់មិនព្រមប្តូរដែល។ នេះរំលេចឲ្យយើងឃើញថា ជីវិតជាដៃគូដែលមានភាពផ្អែមល្ហែម ពិតជាវត្ថុមួយដែលមានភាពល្អវិសុទ្ធយ៉ាងពិតប្រាកដមែន។ តែមិនមែនភាពល្អវិសុទ្ធនៃជីវិតដៃគូនោះសុទ្ធតែកើតឡើងដោយឯងៗនោះទេ វាត្រូវការឲ្យដៃគូចូលរួមចំណែកក្នុងការកែច្នៃវា។ ដូច្នេះតើអ្នកត្រូវធ្វើ និងត្រូវជៀសវាងអ្វីខ្លះដើម្បីឲ្យជីវិតដៃគូរបស់អ្នកមានភាពស្ថិតស្ថេរគង់វង្សយូរអង្វែង? ខាងក្រោមនេះគឺជាចំនុចដែលអ្នកគួរធ្វើ និងត្រូវចៀសវាង៖

១. ការផ្លាស់ប្តូរនូវអត្តចរិតនិងកាយវិការរបស់អ្នក

ជីវិតដៃគូដែលភាពផុយស្រួយបំផុតនោះ គឺជាដៃគូមួយដែលមានការផ្លាស់ប្តូរគ្មានដែនកំណត់។ ឧទាហរណ៍៖ កាលពីមួយសប្តាហ៍មុនស្រលាញ់គ្នាស្ទើរលេប មិនថាដៃគូម្ខាងណាធ្វើអ្វីក៏មិនចេះទាស់ចិត្តដែរ។ តែស្រាប់តែមួយឆ្នាំក្រោយមក មិនថាធ្វើអ្វីក៏មិនចេះត្រូវចិត្តដែរ ដោយសារគិតថា ធ្វើអ្វីមិនដែលត្រូវចិត្តខ្លួន។ 

ដំណោះស្រាយ៖ ជាធម្មតា មនុស្សពីរនាក់មិនអាចមានភាពដូចគ្នាទាំងស្រុងបាននោះទេ មិនថាកាយវិការ ឬមួយក៏ចិត្តគំនិតក្នុងការគិតពិចារណា។ ដូច្នេះ ដើម្បីឲ្យជីវិតជាដៃគូរបស់អ្នកមានភាពល្អប្រសើរ នោះអ្នកត្រូវទទួលយកនូវអ្វីដែលជាការផ្លាស់ប្តូររវាងដៃគូអ្នក និងអ្នក។ តែគួរបញ្ជាក់ផងដែរថា ប្រសិនបើការផ្លាស់ប្តូរខ្លាំងពេក ក៏អ្នកពិបាកទទួលយកដែល ដូច្នេះក្នុងន័យនេះគឺចង់សំដៅថា ការផ្លាស់ប្តូរឲ្យសមល្មមដែលអ្នកទាំងពីរអាចទទួលយកបាន។

រូបតំណាង

២. មានគំនិតអវិជ្ជមានទៅលើដៃគូរបស់អ្នក

នៅពេលខ្លះដោយសារតែទំហំចិត្តនៃការស្រលាញ់ និងការព្រួយបារម្មណ៍របស់អ្នកធំពេក ធ្វើឲ្យអ្នកមានគំនិតមិនចង់ឲ្យដៃគូរបស់អ្នកទៅណាឆ្ងាយពីក្រសែភ្នែករបស់អ្នកឡើយ។ ហេតុដូច្នេះហើយ ទើបនៅពេលដែលដៃគូរបស់អ្នកនៅឆ្ងាយពីអ្នក អ្នកតែងតែគិតអ្វីដែលជាភាពអវិជ្ជមានទៅលើគាត់ដូចជា ពេលនេះគាត់កំពុងនៅជាមួយអ្នកថ្មីរបស់គាត់ទេដឹង? ពេលនេះគាត់កំពុងតែលួចដើរលេងទេដឹង? នៅពេលដែលគំនិតបែបនេះចេះតែបន្តមានពីមួយថ្ងៃទៅមួយថ្ងៃ នោះនិងធ្វើឲ្យអ្នកមានការផ្ទុះកំហឹងនៅថ្ងៃណាមួយដោយក្នុងចិត្តគិតថា ដៃគូរបស់អ្នកកុហកបោកប្រាស់ចិត្តអ្នក តែតាមពិតគាត់កំពុងតែបំពេញធុរៈដើម្បីបង្កើនប្រាក់ចំនូលដល់គ្រួសារសោះ។

ដំណោះស្រាយ៖ អ្នកត្រូវតែមានគំនិតវិជ្ជមានចំពោះដៃគូរបស់អ្នកឲ្យបានច្រើន ជាជាងការដែលអង្គុយគិតតែពីភាពអវិជ្ជមាន ដែលជាហេតុដែលធ្វើឲ្យជីវិតដៃគូរបស់អ្នកត្រូវប្រេះឆា។ នៅក្នុងន័យនេះ មិនមែនយើងចង់ឲ្យលោកអ្នកគិតវិជ្ជមានរហូត បើទោះបីជាដៃគូរបស់អ្នកប្រព្រឹត្តរឿងអវិជ្ជមានក៏ដោយនោះទេ តែយើងគ្រាន់តែចង់ចែករំលែកថា ប្រសិនបើអ្នកសង្ស័យពីភាពអវិជ្ជមានរបស់ដៃគូអ្នក ចូរអ្នកព្យាយាមសាកសួរគ្នាដោយសន្តិវិធីប្រកបដោយការរក្សាតម្លៃនៃសេចក្តីថ្លៃថ្នូររបស់អ្នក។ 

រូបតំណាង

៣. ការខ្វះខាតក្នុងការទំនាក់ទំនងគ្នា

ដៃគូមួយចំនួនតែងតែព្រងើយកន្តើយចំពោះដែគូរបស់ខ្លួន ដោយក្នុងចិត្តរបស់គាត់គិតថា ជាដៃគូនិងគ្នាទៅហើយ មិនចាំបាច់ទំនាក់ទំនងជាមួយគ្នាច្រើននោះទេ ព្រោះយើងដឹងចិត្តគ្នាស្រាប់ទៅហើយ។ ប្រសិនបើអ្នកមានគំនិតបែបនេះ ចូរអ្នកបោះជំហានថយក្រោយបន្តិចហើយគិតសាជាថ្មីម្តងទៀតថា ប្រសិនបើគ្មានអ្នកទំនាក់ទំនងជាមួយអ្នក តើអ្នកស្រណុកចិត្តទេ?

ដំណោះស្រាយ៖ ជីវិតដៃគូ គឺត្រូវការទំនាក់ទំនងជាមួយគ្នា ជាជាងទំនាក់ទំនងបែបមិត្តភក្តិធម្មតាទៅទៀត ព្រោះគាត់រំពឹងថា ពាក្យពេចន៍ដែលចេញពីមាត់ដៃគូរបស់គាត់ គឺមានអត្ថន័យជាងមនុស្សធម្មតារាប់លានដងឯណោះ។ ដូច្នេះហើយ អ្នកត្រូវឆ្លៀតពេលវេលារបស់អ្នកបន្តិចដើម្បីទំនាក់ទំនងជាមួយគាត់។ ម្យ៉ាងវិញទៀតអ្នកក៏អាចឆ្លៀតប្រើប្រាស់ពាក្យសម្តីធម្មតា តែមានន័យជ្រៅ ដូចជា តើថ្ងៃនេះអូនហត់ទេ? មានអ្វីអាចឲ្យបងជួយបានខ្លះ? បងតែងតែនៅក្បែរអូនជានិច្ច។ បងពិតជាមានចិត្តសប្បាយរីករាយពេលដែលនៅក្បែរអូន។ នេះគឺសុទ្ធតែជាពាក្យដែលជម្រុញឲ្យគាត់មានទឹកចិត្តក្នុងការធ្វើដំណើរទៅមុខបន្ត។ 

រូបតំណាង

៤. អ្នកខ្វះខាតក្នុងការបង្កើតគម្រោងសម្រាប់ជីវិតដៃគូ

នេះជាចំនុចមួយដ៏គ្រោះថ្នាក់បំផុត ប្រសិនបើអ្នកគ្មានគម្រោងសម្រាប់ជីវិតដៃគូរបស់អ្នកទេ នោះអ្នកនឹងងាយប្រឈមនិងការបែកបាក់។ ជាការពិត នៅពេលដែលស្រលាញ់គ្នាដំបូងគឺយើងពិតជាមានអារម្មណ៍ថាសប្បាយរីករាយដោយសារចិត្តរបស់យើងគឺងប់ងល់ទៅហើយ។ តែយូរៗទៅ នៅពេលដែលមានបញ្ហាជាមួយគ្នា អ្នកនឹងមិនខ្វាយខ្វល់ចង់រកដំណោះស្រាយនោះទេ ព្រោះអ្នកមិនបានរៀបគម្រោងឲ្យបានច្បាស់លាស់ថា តើអ្នកស្រលាញ់ដើម្បីអ្វី? ហើយអ្នកចង់ឲ្យជីវិតដៃគូរបស់អ្នកដើរដល់ណា?

ដំណោះស្រាយ៖ ចូរអ្នករៀបចំគម្រោងសម្រាប់ជីវិតជាដៃគូរបស់អ្នកឲ្យបានច្បាស់លាស់មុននឹងអ្នកសម្រេចចិត្តបង្កើតវា បើមិនដូច្នេះទេ ជីវិតដៃគូរបស់អ្នកនឹងបរាជ័យ។ 

រូបតំណាង

៥. ជីវិតដៃគូរបស់អ្នកកើតឡើងព្រោះតែអ្នកចង់ជួយគេតែប៉ុណ្ណោះ

នេះក៏ជាចំនុចមួយដែលអ្នកគួរតែគិតពិចារណាឲ្យបានច្បាស់លាស់ផងដែរ ព្រោះថាអ្នកត្រូវចែកឲ្យដាច់រវាង ចិត្តនៃការស្រលាញ់ ចិត្តក្នុងការពេញចិត្តលក្ខណៈសម្បត្តិ និងចិត្តក្នុងការគិតថាគេសាកសមជាមួយអ្នក។ អារម្មណ៍ទាំងអស់នេះមានអត្ថន័យផ្សេងៗគ្នាយ៉ាងដាច់ស្រលះ។ អារម្មណ៍នៃចិត្តស្រលាញ់គឺថា អ្នកស្រលាញ់គាត់មិនថាគាត់ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏អ្នកមិនបោះបង់គាត់ចោលដែល។ តែបើអារម្មណ៍នៃភាពសាកសមវិញ ច្បាស់ណាស់ថាឲ្យតែអ្នកឃើញអ្នកណាស្អាត អ្នកតែងតែគិតថាគេសាកសមនឹងអ្នករហូត ព្រោះអ្នកណាក៏ស្រលាញ់មនុស្សស្អាតដែរ។

ដំណោះស្រាយ៖ ចូរធ្វើការសម្រេចឲ្យបានត្រឹមត្រូវថា ការស្រលាញ់របស់អ្នកគឺកើតចេញពីអារម្មណ៍ពិតរបស់អ្នក មិនមែនកើតចេញពីការអាណិតនោះទេ។ 

រូបតំណាង

៦. មិនចូលរួមចំណែកក្នុងការធ្វើឲ្យជីវិតដៃគូមានការរីកចម្រើន

ដៃគូមួយចំនួនប្រហែលជាគិតថា នៅពេលដែលគាត់ស្ថិតក្នុងភាពជាដៃគូហើយ គាត់មិនចាំបាច់ធ្វើអ្វីទៀតនោះទេ ហើយគាត់ជឿជាក់ថា ភាពជាដៃគូរបស់គាត់នឹងបន្តដំណើរទៅមុខដោយខ្លួនឯង។ នេះជាគំនិតមួយដែលអ្នកកំពុងតែគិតខុសហើយ។ អ្វីក៏ត្រូវការការចូលរួមកែច្នៃដើម្បីឲ្យមានភាពប្រសើរឡើងដែរ។ ឧទាហរណ៍៖ ក្រុមហ៊ុនផលិតទូរសព្ទ Nokia ក្ស័យធនគឺដោយសារតែគ្មានការចូលរួមចំណែកដើម្បីអភិវឌ្ឃឲ្យវាបានប្រសើរឡើង។ នេះគ្រាន់តែជាឧទាហរណ៍មួយយ៉ាងតូចអំពីភាពបរាជ័យក្នុងការចូលរួមចំណែកកសាងឲ្យរីកចម្រើន។

ដំណោះស្រាយ៖ មិនថាអ្នកស្ថិតក្នុងភាពជាដៃគូហើយក៏ដោយនោះទេ អ្នកត្រូវចូលរួមចំលែកក្នុងការរក្សាឲ្យភាពជាដៃគូរបស់អ្នកនៅបន្តទៅមុខបានដោយរលូននិងល្អប្រសើរ។ 

រូបតំណាង

៧. មិនចូលរួមចំណែកដោះស្រាយបញ្ហា

ភាពជាដៃគូមួយអាចនឹងមានអាត្រានៃការបែកបាក់ខ្ពស់ប្រសិនបើម្នាក់នៃអ្នកទាំងពីរមិនបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាទាំងផ្នែកផ្ទាល់ខ្លួន និងផ្នែករួម។ ឧទាហរណ៍៖ អ្នកគឺជាស្វាមីម្នាក់ដែលមិនដែលចូលរួមចំណែកក្នុងការមើលថែរក្សាកូនរបស់អ្នកសោះ ហើយបន្ទុកទាំងមូលត្រូវធ្លាក់ទៅលើភរិយារបស់អ្នកទាំងស្រុង។ ប្រសិនបើបញ្ហានេះកើតឡើងត្រឹមតែរយៈពេលខ្លី នោះវាមិនអីនោះទេ ព្រោះគាត់នៅទ្រាំបាន តែបើយូរពេក នោះអ្នកនិងគាត់ច្បាស់ជាមានបញ្ហាជាមិនខាន។

ដំណោះស្រាយ៖ ចូរអ្នកចូលរួមចំណែកក្នុងការដោះស្រាយ និងកសាងភាពជាដៃគូរបស់អ្នកឲ្យមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ 

រូបតំណាង

៨. ការបាត់បង់នូវចំណង់ផ្លូវភេទ

មិនថាមនុស្សឬក៏សត្វនោះទេ ការដែលមានចំណង់ផ្លូវភេទវាជារឿងធម្មជាតិដែលបានតាក់តែងមក។ មនុស្សពីរនាក់រៀបការជាមួយគ្នា នៅជាមួយគ្នា ក៏មានចំណែកនៃចំណង់ផ្លូវភេទមួយផ្នែកចូលរួមផងដែរ។ យើងក៏ធ្លាប់បានទទួលព័ត៌មានមួយចំនួនហើយដែលថា ដៃគូពីរនាក់សម្រេចចិត្តលែងលះគ្នា ក៏ព្រោះតែភាពមិនចុះសម្រុងដំណេកជាមួយគ្នាផងដែរ។ នេះរំលេចឲ្យឃើញថា ចំនង់ផ្លូវភេទក៏ជាផ្នែកមួយក្នុងការធ្វើឲ្យជីវិតជាដៃគូរបស់អ្នកមានសុភមង្គលដែរ។ 

រូបតំណាង

៩. ការភូតកុហក

មនុស្សគ្រប់រូបមិនដែលប្រាថ្នាចង់ទទួលបានការភូតកុហកពីអ្នកណាម្នាក់ឡើយ មិនចំពោះដៃគូ ឬមិត្តភក្តិឡើយ។ ការភូតកុហកជាមេរោគមួយដែលធ្វើឲ្យទំនាក់ទំនង និងជីវិតដៃគូរបស់អ្នកបែកបាក់ដោយត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។

ដំណោះស្រាយ៖ មិនថាអ្នកធ្វើអ្វីខុសនោះទេ អ្នកត្រូវតែទទួលស្គាល់ការពិតនោះ ហើយយកការពិតនោះទៅពិភាក្សាគ្នាដើម្បីចរចាជាមួយគ្នាទៅ នោះអ្នកនិងទទួលបានការទុកចិត្តពីគ្នាហើយ។ តែអ្នកត្រូវប្រាកដថា កុំឲ្យកំហុសដែលអ្នកបានធ្វើនោះវាកើតឡើងដដែលៗ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]