ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀង សាន ស្រីឡៃ ពិតជាបានចាកចេញពីអ្នកគាំទ្រមែនទែនហើយ ដោយសពរបស់នាង ត្រូវបានបូជាតាមប្រពៃណី កាលពីវេលាម៉ោង ៩ព្រឹក ដែលធ្វើឲ្យសម្លេងយំ លាន់ឮកងរំពង ពីក្រុមគ្រួសារ និងបណ្តាមិត្តៗសិល្បៈទាំងអស់គ្នា។

ជាក់ស្តែង មុនពេលអុជភ្លើងបូជាសព ផលិតករដឹកនាំល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស លោក កៅ សីហា ក៏បានរៀបរាប់នូវជីវប្រវត្តិត្រួសៗ របស់តារាស្រីរូបនេះ ប៉ុន្តែមានភាពលម្អិតច្បាស់លាស់ ដោយរៀបរាប់តាំងពីថ្ងៃដែលនាងចាប់កំណើត រហូតដល់ថ្ងៃដែលនាងបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយនេះ។

ដោយក្នុងនោះលោកបានរៀបរាប់ថា៖ 

« អ្នកនាង សាន ស្រីឡៃ បានកើតនៅថ្ងៃទី ២ ខែមិនា ឆ្នាំ១៩៩២ នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល មានឪពុកឈ្មោះ នៅ ផល្លា ម្តាយឈ្មោះ ឡុង ចន្ទី មានមុខរបរ ជាអ្នកលក់បបរ។ សាន ស្រីឡៃ មានបងប្អូនចំនួន៤នាក់ សុទ្ធតែជាស្រីទាំងអស់ រីឯនាងគឺជាកូនស្រីច្បងនៅក្នុងគ្រួសារ។ អ្នកនាង សាន ស្រីឡៃ មានជីវិតតស៊ូដើម្បីគ្រួសារ គួរឲ្យអាសូរ ដោយនាងចូលរៀនថ្នាក់បឋមសិក្សាបណ្តើរ ឆ្លៀតជួយការងារផ្ទះបណ្តើរ និងធ្វើការបណ្តើរ ដើម្បីជួយរកលុយផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែដោយសារជីវភាពគ្រួសារ មានភាពលំបាកខ្លាំង ទើបស្រីឡៃ បោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី៩ និងងាកមកជួយការងារម្តាយ ដោយនាងបានដើរធ្វើក្រចកតាមផ្ទះ។

ក្រុមគ្រួសាររបស់ សាន ស្រីឡៃ
ក្រុមគ្រួសាររបស់ សាន ស្រីឡៃ

ដោយមាននិស្ស័យស្រលាញ់សិល្បៈ តាំងពីមិនទាន់ចេះនិយាយមកម៉្លេះ រហូតដល់វ័យជំទង់ សាន ស្រីឡៃ ក៏បានទៅច្រៀងតាមរោងការ។ មកដល់វ័យ១៨ឆ្នាំ ស្រីឡៃ ក៏បានរៀបការជាមួយបុរសម្នាក់ ឈ្មោះជ័យ រិន មុខនាទីជាមន្រ្តីគយ និងទទួលបានចំណងដៃកូនប្រុសពីរនាក់រួមគ្នា។

កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ

យ៉ាងណាមិញ ដោយសារស្រលាញ់សិល្បៈខ្លាំង ស្រីឡៃ ក៏បានដាក់ពាក្យចូលប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ និងបានឈានមកដល់វគ្គចុងក្រោយ ក្នុងចំណោមបេក្ខជន៤នាក់ ប៉ុន្តែជាចៃដន្យស្វាមីរបស់នាង មិនយល់ស្របឲ្យនាងចូលប្រឡូកវិស័យសិល្បៈនោះទេ រហូតដល់មានការជំនះឈានដល់ថ្នាក់លែងលះគ្នា។ ក្រោយពីចុះកុងត្រាជាមួយ ផលិតកម្ម ហង្សមាស កេរ្តិ៍ឈ្មោះរបស់ស្រីឡៃ ក៏កាន់តែ រីកសុះសាយ ក៏ដូចជាការងារសិល្បៈក៏កាន់តែកើនឡើង ដោយនាងថែមទាំងបានថត​ខ្សែភាពយន្តចំនួន២ ឲ្យរស្មីហង្សមាសផងដែរ។

ដោយឡែក ដោយការប្រច័ណ្ឌខ្លាំងពីខាងស្វាមី លោកជ័យ រិន តែងតែតាមគំរាមសម្លាប់នាងជារឿយៗ រហូតមកដល់ថ្ងៃទី១៦ ខែតុលា អ្នកនាង សាន ស្រីឡៃ ក៏ត្រូវស្វាមីបាញ់សម្លាប់នៅក្នុង កន្លែងកែសម្ផស្សមួយកន្លែង បន្ទាប់មកក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ»៕ 

សាន ស្រីឡៃ
សាន ស្រីឡៃ
សាន ស្រីឡៃ
សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ