អាកាសធាតុប្រទេសយើង គឺស្ថិតនៅក្នុងតំបន់ត្រូពិចក្តៅហើយសើម ដែលជាកត្តាមួយធ្វើឱ្យមនុស្សជាច្រើនមានក្លិនខ្លួននារដូវក្តៅ។ ដោយក្លិននេះគឺបណ្តាលមកពីការប្រមូលផ្តុំនៃបាក់តេរីកើតចេញពីញើស មេរោគផ្សិតនៅលើស្បែក និងលើខោអាវជាដើម។ ដូច្នេះអ្នកពិតជាកង្វល់មិនខាន នៅពេលនៅក្បែរអ្នកដទៃ ពិសេសគឺគូស្នេហ៍ ប៉ុន្តែពេលនេះក្លិនខ្លួនលែងជាបញ្ហាទៀតហើយ ដោយគ្រាន់តែប្រើឱសថបុរាណដូចខាងក្រោមនេះ៖

១) ខ្ញី៖ មានគុណសម្បត្តិប្រឆាំងបាក់តេរី ជួយទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរីនៅលើស្បែក។ ងាយៗដោយគ្រាន់តែកិនខ្ញីស្ងួតឱ្យក្លាយទៅជាម្ស៉ៅ ហើយនាំយកមកផ្សំជាមួយម្ស៉ៅ Baking Soda ក្នុងបរិមាណស្មើគ្នា ធ្វើជាម្ស៉ៅ យកមក លាបនៅក្លៀក និងគន្លាក់ដៃជើង ជាការស្រេច។ ដូច្នេះវាអាចជួយរារាំងបាក់តេរី និងជួយកាត់បន្ថយក្លិនខ្លួនបានយ៉ាងងាយ។ 

ខ្ញីមានគុណសម្បត្តិប្រឆាំងបាក់តេរី ជួយទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី

២) រមៀត៖ មានជាតិប្រេងក្រអូបប្រឆាំងនឹងបាក់តេរី និងកម្ចាត់បាក់តេរីយ៉ាងល្អ ជួយកាត់បន្ថយកន្ទួល និងជួយស្បែកផងដែរ។ វិធីប្រើប្រាស់គឺនាំយកម្ស៉ៅរមៀតស្ងួតមកលាបក្លៀក ឬកន្លែងដែលមានមេរោគ នឹងជួយឱ្យក្លិនស្អុយនៅលើខ្លួនបាត់ទៅមិនខាន។

ម្ស៉ៅរមៀត

៣) ប្រេងជីអង្គាម៖ ប្រេងដែលចម្រាញ់ចេញពីស្លឹកជីអង្កាម មានគុណសម្បត្តិកម្ចាត់ក្លិនតាមបែបធម្មជាតិ។ គួរយកប្រេងនេះប្រហែល២-៣តំណក់ បន្តក់ចូលក្នុងអាងងូតទឹក ហើយត្រាំខ្លួនរយៈពេល៥នាទី ឬប្រើស្លឹកជីអង្កាមស្រស់១ដៃស្ងោរជាមួយទឹក១ពែង ហើយលាយជាមួយទឹកត្រជាក់ដើម្បីងូតក៏បានដែរ។

៤) ស្លឹកម្លូ៖ ជួយសម្លាប់មេរោគ និងរារាំងការលូតលាស់នៃបាក់តេរីជាច្រើន។ ដោយប្រើស្លឹកវាមកញីក្លៀក ក្រោយងូតទឹករួច ទុកចោលមួយសន្ទុះចាំលាងចេញជាការស្រេច។

ស្លឹកម្លូ

៥) ស្លឹកត្របែក៖ ក្រៅពីអាចជួយបំបាត់ក្លិនមាត់ហើយ ថែមទាំងអាចជួយបំបាត់ក្លិនខ្លួនទៀត ដោយគ្រាន់តែយកស្លឹកត្របែកស្រស់ប្រហែល១០សន្លឹក មកបុកឱ្យហ្មត់ ហើយលាបក្លៀក ទុកចោល៥នាទី រួចសឹមងូតទឹកចេញ។

៦) ស្លឹកបាស៖ អាចប្រឆាំងបាក់តេរីបានយ៉ាងល្អ ដោយនាំយកស្លឹកស្រស់ប្រហែល ១-២ ក្តាប់ដៃ ទៅបុកឱ្យល្អិត ហើយលាយជាមួយកំបោរ លាបក្លៀកទុកចោលមួយភ្លែតចាំលាងចេញ។ គួរធ្វើបែបនេះពេញមួយសប្តាហ៍ ដើម្បីជួយកម្ចាត់ក្លិនខ្លួនបានយ៉ាងល្អប្រសើរ។

ស្លឹកបាស

៧) សំបកមង្ឃុត៖ អាចជួយកាត់បន្ថយការរលាក និងកម្ចាត់បាក់តេរីបានយ៉ាងងាយ។ ដោយគ្រាន់តែយកសំបកផ្លែមង្ឃុត១ចំណិតស្ងោររំងាស់ឱ្យរីងសល់បន្តិច ចាំត្រងយកកាកវាមកលាយជាមួយទឹក២០លីត្រ យកទៅងូតជាការស្រេច។

៨) ទឹកអំពិលទុំ៖ មានប្រសិទ្ធិភាពលុបបំបាត់ក្លិនខ្លួន និងជួយកម្ចាត់កោសិកាស្បែកដែលងាប់ចោលផងដែរ។ ងាយធ្វើដោយគ្រាន់តែច្របាច់អំពិលជាមួយទឹក ហើយត្រង់យកកាកវាចេញ ប្រើទឹកអំពិលទុំនេះ ដុសខ្លួនជំនួសសាប៊ូពេលងូតទឹក ពិសេសដុសក្លៀក និងតំបន់សំខាន់ៗនោះជាការស្រេច។ 

ទឹកអំពិលទុំ

៩) ក្រូចឆ្មារ៖ ជាតិអាស៊ីតនៅក្នុងទឹកក្រូចឆ្មារ អាចជួយកាត់បន្ថយបាក់តេរីយ៉ាងប្រសើរ។ វិធីប្រើដោយគ្រាន់យក ក្រូចឆ្មារជា២ចំណិត ហើយលាយជាមួយទឹកស្អាតពេលងូតទឹកជាការស្រេច។ ចំពោះអ្នកដែលមុត ឬមានដំបៅផ្សេងៗនៅលើរាងកាយ មិនត្រូវប្រើវិធីនេះទេ ព្រោះវានាំឱ្យក្រហាយដល់ស្បែកបាន។

ក្រូចឆ្មារ

ដូច្នេះប្រសិនបើអ្នកមានបញ្ហាក្លិនខ្លួន ក្លិនក្លៀក សូមកុំភ្លេចសាកល្បងប្រើរបស់ទាំងនេះ ដើម្បីទទួលបាននូវក្លិនខ្លួនក្រអូបៗគួរឱ្យចង់នៅក្បែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]