(ភ្នំពេញ)៖ បន្ទាប់ពីបាត់វត្តមានលើសង្វៀនប្រដាល់មួយរយៈពេលធំ នៅព្រឹកថ្ងៃពុធនេះ អ្នកប្រដាល់ដ៏ល្បី សែន រ៉ាឌី ដែលជាអតីតម្ចាស់មេដាយមាសកីឡាវ៉ូវីណាមជើងឯកពិភពលោកផងនោះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការបង្ហោះសារដ៏គួរឲ្យអស់សំណើចមួយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយ រ៉ាឌី បានសម្ដែងការអស់សំណើច ចំពោះរឿងអ្នកប្រដាល់មួយចំនួន ដែលពេលល្បីខ្លាំង ត្រូវបានគេចាត់ទុកជាកូនចៅអញៗ ប៉ុន្ដែដល់ពេលកីឡាករនោះ វាយចាញ់ធ្លាក់កូដបន្ដិច ក៏រត់ទៅរកការងារធ្វើនៅរោងចក្រសឹងតែមិនបានទៅវិញ។

សាររបស់អ្នកលេងគុនខ្មែរទម្ងន់ស្រាលខាងលើ ហាក់សើចចំអក ចំពោះបុគ្គលអ្នកមុខអ្នកការមួយចំនួនតូច ដែលស្រលាញ់គាំទ្រកីឡាករគុនខ្មែរ ត្រឹមមើលឃើញប្រយោជន៍ផ្ទាល់ខ្លួន។ រ៉ាឌី បានសរសេរថា «គិតៗទៅអស់សំណើច និងហួសចិត្តដែរ។ អ្នកប្រដាល់ទាំងអស់ ដែលហ្វឹកហាត់ជាមួយខ្ញុំ រួមទាំងខ្លួនឯងផ្ទាល់គ្មានអ្នកណាមានកំណើតមួយហ្មង…។ កាលនៅវ៉ៃមួយៗល្បីរកគូក្នុងស្រុកវ៉ៃគ្មាន ប៉ុន្តែរកតែកន្លែងណាមួយសម្រាប់ជ្រកកោនពេលដែលប្រកួតលែងកើត រឺក៏ពេលឈប់ប្រកួតមិនបានសោះ ពេលនៅវ៉ៃល្បីកូនចៅអញ កូនចៅអញ ពេលវ៉ៃលែងកើត ឬឈប់វ៉ៃទៅណាទៅទៅ…ហាហាហា ដូចឥឡូវពួកម៉ាកខ្ញុំម្នាក់កាលនៅវ៉ៃល្បីកប់ ដល់ឥឡូវវ៉ៃរាងធ្លាក់ដោយសារជីវភាពហ្វឹកហាត់ក៏លឺសូរថា ឥឡូវកំពុងរកការងាររោងចក្រធ្វើ (ហួសចិត្ដ)»។

កីឡាករល្បីខាងវ៉ៃគូប្រកួតឲ្យសន្លប់មិនទុកមុខ បើមានឱកាសរូបនេះបានបន្ដថា «និយាយលេងអី តាមពិតគឺអាណិតគាត់ណាស់ ហើយក៏អាណិតខ្លួនឯង និងអ្នកឯទៀតណាស់ ដែលជួបវាសនាដូចៗគ្នា ប៉ុន្តែកុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងតាំងតោ..ស៊ូស៊ូទាំងអស់គ្នា ព្រោះទាំងអស់នេះ គឺយើងទាំងអស់គ្នាជាអ្នកដើរទៅរកវាដោយខ្លួនឯងទេ។ ប៉ុន្តែសម្រាប់ខ្ញុំបាទគឺនៅតែអរគុណ ដែលធ្វើអោយខ្ញុំបានមកដល់កន្លែងនេះ អរគុណ អរគុណ អរគុណបាទ ជាចុងក្រោយចង់និយាយថា ការហ្វឹកហាត់ប្រដាល់បើគ្មានការព្យាយាម និងតាំងចិត្តពីបុគ្គលនឹងផ្ទាល់ទេ ទោះបង្ហាត់វ៉ៃដល់ចាស់ក៏វ៉ៃមិនខ្លាំង និងមានកេរ្ដិ៍ឈ្មោះដែរបាទ»។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ស្របពេល សែន រ៉ាឌី បើករបររកស៊ីខ្លួនឯង គេហាក់ឃ្លាតឆ្ងាយពីគុនខ្មែរ ហើយមកស្រវ៉ាជាមួយកីឡាវ៉ូវីណាមទៅវិញ ដែលជាប្រភេទកីឡាមួយ បានជួយឲ្យគេមានជីវភាពកាន់តែប្រសើរ បន្ទាប់ពីដណ្ដើមបានមេដាយកម្រិតពិភពលោកជាបន្ដបន្ទាប់៕

កីឡាករ សែន រ៉ាឌី
សាររបស់ កីឡាករ សែន រ៉ាឌី
កីឡាករ សែន រ៉ាឌី និងអ្នកចាំទីជម្រើសជាតិ ស៊ូ យ៉ាទី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]