(ភ្នំពេញ)៖ ដោយសង្កេតឃើញ មួយរយៈពេលចុងក្រោយនេះ មានតារាចម្រៀង និងអ្នកនិពន្ធខ្មែរមួយចំនួន បានជ្រើសយកបទចម្រៀងមរតកដើម ទៅច្រៀង ដោយកាឡៃសាច់ភ្លេង ឬទំនុកច្រៀងនោះ តារាចម្រៀង និងជាអតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានចេញមុខដោយទទូច ស្នើសុំឲ្យបញ្ឈប់រាល់សកម្មភាពមួយនេះ និងត្រូវនាំគ្នាចូលរួមអភិរក្ស ទើបជារឿងល្អ។

លោក សុះ ម៉ាច បានលើកពីចំណាប់អារម្មណ៍របស់ខ្លួនថា «ក្រោយការតាមដាន និងសង្កេតរបស់ខ្ញុំ បើមិនសរសើរមិនគាំទ្រ មិនលើកទឹកចិត្តដល់កម្មវិធីប្រឡងចម្រៀង របស់បណ្តាស្ថានីយ៍ទូរទស្សន៍នានា ក៏ដូចជាបេក្ខជន បេក្ខនារី កុមារា កុមារី ដែលជាប់ជ័យលាភីមុនៗ និងថ្មីៗនេះ ពិតជាមិនអស់ចិត្តឡើយ ព្រោះថា ដោយសារកម្មវិធីនិងពួកគេទាំងនោះហើយ បានធ្វើឲ្យមហាជន ជាពិសេសប្អូនៗយុវវ័យ និងកុមារបានងាកមកស្តាប់ និងគាំទ្រស្រឡាញ់បទចម្រៀងមរតកដើម របស់វរសិល្បក រវរសិល្បការិនី ជំនាន់មុនមកច្រៀង និងប្រឡងព្រមទាំងបង្ហោះហូរហែ!»។

លោក សុះ ម៉ាច បាននិយាយបន្តថា «មិនត្រឹមតែប៉ុណ្ណោះក៏តារាចម្រៀងល្បីៗជាច្រើន ក៏បានយកបទខ្លះមកថត និងកែទំនុកព្រោងព្រាត ផងដែរ។ ផលវិជ្ជមាន គឺបានជួយអភិរក្ស ក៏ដូចជាជួយឲ្យបានស្គាល់ នូវបទចម្រៀងនិងម្ចាស់បទផងដែរ មិនតែប៉ុណ្ណោះបានជួយកាត់បន្ថយ នូវការយកបទបរទេសមកចម្លង ។ រីឯផលអវិជ្ជមាននោះ គឺសោកស្តាយដែលតារាល្បីៗមួយចំនួន បានយកបទចម្រៀងខ្លះកាឡៃទំនុកច្រៀង បទខ្លះកាឡៃពីប្រុសទៅជាស្រី ស្រីទៅជាប្រុស។ ចំណែកឯក្រសួងវប្បធម៌វិញស្ងាត់ជ្រៀប ដូចសេះលួចចោរ ដូចចោរលួចសេះអ៊ីចឹង ហាក់ធ្វើមិនដឹងមិនឮ មិនមានវិធានការហាមឃាត់ ឬណែនាំសោះ សង្ស័យត្រូវរ៉ូវគ្នាជាមួយផលិតកម្ម ទេដឹង!»

តារាចម្រៀងជីងចាស់រូបនេះ បាននិយាយទៀតថា «បើសិនជាពួកគាត់តារាយកបទមរតកដើម ទៅច្រៀងហើយរក្សាទំនុកដើម និងបន្ថែមដោយដាក់ឈ្មោះម្ចាស់បទទៀតនោះ មិនដឹងជាប្រសើរយ៉ាងណានោះទេ ។សូមមានមតិតែត្រឹមហ្នឹង ទៅចុះបើខុសឆ្គងសូមអភ័យទោសផង។ ជាចុងក្រោយខ្ញុំសូមអរគុណចំពោះ ការចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្ប:ចម្រៀងជាតិយើង របស់អ្នកសិល្ប: ចាស់ថ្មីយុវវ័យកុមារ។ មួយវិញទៀតសូមជូនពរ ដល់រាល់ការខិតខំបង្កើតកម្មវិធីប្រឡង ចម្រៀងរបស់ស្ថានីយ៍ទូរទស្សន៍នានា ទទួលបានការគាំទ្រ ក៏ដូចជាបញ្ជៀសរាល់ការរិះគន់ ពីសំណាក់មហាជនតទៅទៀត។ សូមឲ្យខ្មែរស្រឡាញ់ខ្មែរ។ ខ្មែររួបរួម ខ្មែរស្រឡាញ់ជាតិ និងទឹកដី!»៕

លោក សុះ ម៉ាច ចង់​ឲ្យ​ក្រសួង​​វប្បធម៌ មាន​វិធានការ​​ចំពោះ​​តារាចម្រៀង​ថ្មី យក​​បទ​មរតកដើម មក​កាឡៃ​ច្រៀង​ឡើងវិញ
លោក សុះ ម៉ាច
លោក សុះ ម៉ាច

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុះ ម៉ាច