រាជធានី​ភ្នំពេញ ៖ ការ​បាញ់​សម្លាប់​តារាចម្រៀង សាន ស្រី​ឡៃ ពី​សំណាក់​បុរស​ជា​អតីត​ស្វាមី រួច​ឃាត​កបាន​បញ្ចប់​ជី​វីត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទន្ទឹម​គ្នា បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​រំជើបរំជួល​ជា​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​។ ហើយ​ម្នាក់​ៗ​បាន​ចោទសួរ​ថា តើ មូលហេតុ​អ្វី បាន​ធ្វើ​ឲ្យ​ជី​វីត​ស្នេហា របស់​តារាចម្រៀង​រូប​នោះ​បាន​បញ្ចប់​ជី​វិត ដោយ​គ្រាប់កាំភ្លើង​បន្សល់​ទុក​កូនប្រុស​២​នាក់​ឲ្យ​នៅ​កំព្រា​ឯកា​បែប​នេះ​។

តារាចម្រៀង សាន ស្រី​ឡៃ មាន​អាយុ​ពិតប្រាកដ​២៦​ឆ្នាំ ត្រូវ​បាន​ឃាតក​ដែល​ជា​អតីត​ស្វាមី​ឈ្មោះ ជ័យ រិ​ន ជា​មន្ត្រី​គយ និង​រដ្ឋាករ បាញ់​សម្លាប់​ចំនួន​៣​គ្រាប់ នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល វ៉ា​យ​តាឡុ​ង​ហ្គា ដែល​ជា​គ្លីនិក កែ​កែស​ម្ជ​ស្ស មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៥២​អា ផ្លូវ​លេខ​៣៦០ កែវ​ផ្លូវ​៥៧ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចម្ការមន​។​បន្ទាប់​ពី​បាញ់​សម្លាប់​នាង សាន ស្រី​ឡៃ ឃាតក​ដែល​ជា​អតីត​ស្វាមី ក៏​បាន​បាញ់​សម្លាប់​ខ្លួនឯង​មួយ​គ្រាប់​ចំ​ក្បាល​បណ្តាល​ឲ្យ​ដេក​ស្លាប់​ទន្ទឹម​គ្នា​។ ហេតុការណ៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧​។

ការ​បាញ់​សម្លាប់​តារាចម្រៀង​រូប​នោះ ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​បុរស​ជា​ប្តី​បាន​លួងលោម​សុំ​រស់នៅ​ជាមួយ​គ្នា តែ​នាង​មិន​ព្រម ហើយ​ក៏​បាន​បញ្ចប់​ទាំង​២​នាក់​តែ​ម្តង​។ សព​អ្នក​នាង សាន ស្រី​ឡៃ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​តម្កល់​ធ្វើបុណ្យ នៅ​វត្ត​សែន​សុខ ស្ថិត​នៅ ភូមិ​សែន​សុខ​ទី​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ដោយ​មានការ​ជួយ​ជ្រោមជ្រែង ចាត់ចែង រៀបចំ​ធ្វើបុណ្យ ដោយ​ក្រុមហ៊ុន ហង្ស​មាស និង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​ន៍​សិល្បៈ​ខ្មែរ​។

ចំណែក​សព​អតីត​ស្វាមី ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត នៅ​ភូមិ ពា​នី ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ ទី​១៧ ខែតុលា​នេះ នៅ​ក្នុង​វត្ត​សែន​សុខ គូរ​ឲ្យ​សង្វេគ​ណាស់ បងប្អូន​ក្រុម​គ្រួសារ​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​ជា​ម្តាយ​តារាចម្រៀង សាន ស្រី​ឡៃ បាន​យំសោក​អោប​មឈូស​កូនស្រី ហើយ​រៀបរាប់​ដោយ​ក្តី​ក្តុកក្តួល​ថា «​ការ​បាត់បង់​កូនស្រី គឺជា​ការ​បាត់បង់​មេ​គ្រួសារ​មួយ ដែល​ជា​ជំហរ​រឹង​មាំ​រ៉ាប់រង ក្នុង​ការ​ជួយ​ចិញ្ចឹម​កូនប្រុស និង​ប្អូន ស្រី​តូច​ឲ្យ​រៀនសូត្រ​។

ស្ថិត​ក្នុង​ស្ថានភាព​សោកសង្រេង​នេះ ម្នាក់​ៗ​រួម​ជាមួយ​អ្នកសិល្បៈ អ្នក​សារព័ត៌មាន ក៏​ទប់ចិត្ត​មិន​បាន បាន​សម្រក់​ទឹកភ្នែក​ជាមួយ​ក្រុម​គ្រួសារ និង​បងប្អូន​របស់​តារាចម្រៀង​។ ដោយឡែក​កូនប្រុស​២​នាក់ ដែល​ពុំ​ទាន់​ដឹង​ទាន់​ដឹងក្តី ក៏​បាន​ស្រក់​ទឹកភ្នែក​ជាមួយ​ម្តាយមីង និង​ជីដូន​ផង​ដែរ​។

នៅ​ព្រឹក​នោះ​ដែរ ក៏​មាន​អ្នកសិល្បៈ​រួម​ជាមួយ​មិត្តភក្តិ​រួម​អាជីព​បាន​នាំ​គ្នា​ទៅ​ចូល​បុណ្យ​រំលែក​ទុក្ខ​ដល់​សព​តារាចម្រៀង​ទាំង​ក្តី​ត្តុ​ក​ក្តួល​។ អ្នក​នាង ច​ន​ច័ន្ទ ល​ក្ខិ​ណា ក៏​ដូច​ជា​ក្រុម​កា​ងារ​របស់​ផលិតកម្ម រស្មី​ហង្ស​មាស បាន​ឲ្យ​ដឹង​ថា ស្ថានភាព​គ្រួសារ​របស់​តារាចម្រៀង សាន ស្រី​ឡៃ លំបាក​ណាស់ កុំ​តែ​បានការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន ហង្ស​មាស​ទេ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ សាន ស្រី​ឡៃ កំពុង​តែ​ថត​ចម្រៀង​អាល់​ប៊ុ​ម​ថ្មី គ្រោង​នឹង​ចេញ​នៅ​ពេល​ឆាប់​ៗ​នេះ​។

ស្ថិត​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ ស្ត្រី​ម៉េ​ម៉ា​យ​ឈ្មោះ ឡុ​ង ចាន់​ធី អាយុ​៤៦​ឆ្នាំ ត្រូវជា​ម្តាយ បាន​ឲ្យ​ដឹង​ថា គាត់​ជា​ស្រី​ម៉េ​ម៉ា​យ​មានកូន​ស្ត្រី​ចំនួន​៤​នាក់ ដែល សាន ស្រី​ឡៃ មាន​អាយុ​ពិត​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ប្រសាទ ឃុំ​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​ស្រី​៤​នាក់ ដែល​ប្អូនស្រី​ពៅ​មាន​អាយុ​១០​ឆ្នាំ​។ តាម​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្សែ​ជី​វីត​កូនស្រី សាន ស្រី​ឡៃ កម្សត់​ណាស់ លំបាក​វេទនាណាស់​តាំងពី​តូច ហើយ​រកស៊ី​ចិញ្ចឹម​គាត់​ជា​ម្តាយ​តាំងពី​អាយុ​១២​ឆ្នាំ​រហូត​ដល់​ធំ​ពេញវ័យ​។

តាំងពី​តូច សាន ស្រី​ឡៃ ដើរ​ធ្វើ​ក្រចក និង​ដើរ​ច្រៀង​តាម​រោងការ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ម្តាយ និង​ប្អូន​ៗ​តូច​។ នៅ​ពេល​ធំ​ពេញវ័យ សាន ស្រី​ឡៃ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជ័យ រិ​ន ជា​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​ច្រ​ទ្វារ​ប៉ោយ​ប៉ែ​ត ដែល​បុរស​រូប​នោះ​អះអាង​ថា ជា​បុរស​ពោះ​ប៉ាយ មានកូន​ចំនួន​៤​នាក់​។

ក្នុង​ដំណើរ​ជីវិត​ស្នេហា មន្ត្រី​គយ និង​រដ្ឋាករ​រូប​នោះ​ក៏​បាន​ទិញ​ដី​ធ្វើ​ផ្ទះ​នាំ​គ្នា​សាង​ស្នេហ៍​ក្នុងផ្ទះ​ថ្មី​ស្ថិត​នៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ នៅ​ក្នុង​ឆ្នាំ​២០១៦ នាង សាន ស្រី​ឡៃ ក៏​បាន​មក​ដាក់​ពាក្យ​ប្រលង​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២ និង​ជា​កូនក្រុម​របស់​អ្នក​នាង ពេជ្រ សោភា ហើយ​ក៏​មានឈ្មោះ​បោះ​សំឡេង​រួម​នឹង​រួប​សម្បត្តិ​ស្រស់​សោភា ប្រុស​ណា​ក៏​ប៉ងប្រាថ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ជីវិត​ស្នេហា​ប្តី​ប្រពន្ធ​រង្គោះរង្គើ​ដែល​ផ្តើម​ឡើង​ពី​រឿង​ប្រចណ្ឌ​។

តាម​ស្ត្រី​ជា​ម្តាយ បាន​ឲ្យ​ដឹង​ទៀត​ថា កូនស្រី​គាត់ និង​ឈ្មោះ ជ័យ រិ​ន បាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ រយៈពេល​ប្រមាណ​ជិត​១០​ឆ្នាំ បានកូន​ប្រុស​ចំនួន​២​នាក់ ដែល​កូនច្បង​អាយុ​៨​ឆ្នាំ និង​កូន​ប្អូន​អាយុ​៤​ឆ្នាំ​។

ការ​រស់នៅ​ជាមួយ គ្នា មួយ​រយៈ​ចុង​ក្រោយ មិនសូវ​ត្រូវ​គ្នា​នោះ​ទេ​ដោយសារ​តែ​ប្រចណ្ឌ ហើយ​ពួក​គេ​ក៏​បាន​បែកផ្លូវ​លែងលះ​គ្នា​ប្រមាណ​១​ឆ្នាំ តែ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​។ លុះ​ក្រោយមក​ប្តី​បាន​មក​សុំ​ជា​គ្នា​វិញ​តែ​កូនស្រី​មិន​ព្រម​។ ទន្ទឹម​នោះ​ប្តី​ក៏​បាន​បោះពាក្យ​គំរាមកំហែង មិន​នឹក​ស្មានថា ចិត្តដាច់​បាញ់​សម្លាប់​ប្រពន្ធ​ស្លាប់​ចោល​កូន​២​នាក់​បែប​សោះ​។

លោកស្រី ឡុ​ង ចាន់​ធី បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ខ្សែ​ជី​វីត​គាត់ និងកូនស្រី​ដូច​គ្នា រស់នៅ​លំបាក់​វេទនាជួប​តែ​រឿងបែកបាក់គ្រួសារ ព្រោះតែ​ប្រចណ្ឌ ហើយ​គាត់​ជា​ម្តាយក៍​ត្រូវ​បាន​ប្តី​កាប់សម្លាប់រហូត​ដល់​ពិការ​ដៃ។

ស្ត្រី​ជា​ម្តាយ​បាន​រៀប​រាប់ពី​ជីវិតកម្សត់​ឲ្យ​ដឹង​ថា បន្ទាប់​ពីបែកបាក់​គ្រួសារ បន្សល់​ទុក​នូវកូនស្រី​កំព្រា៤​នាក់ ក្រោយមក​គាត់បាន​ប្តី​ក្រោយ ព្រោះតែ​ប្រចណ្ឌគាត់​ក៏បាន​ប្តី​កាប់​ពិការ​ដៃ ហើយក៏​បាន​បែកបាក់​គ្រួសារ ក៏បាន​នាំ​កូនស្រី​មក​រស់នៅផ្ទះ​លេខ១៩១ ផ្លូវ​លេខ២៣០ ភូមិសែន​សុខទី​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ដោយ​ប្រកប​មុខរប​ស់លក់​បបរ និង​បាយ​នៅ​មុខ​ផ្ទះ​។

តាម​តា​អាចារ្យបានឲ្យ​ដឹង​ថា សពតារាចម្រៀង សាន ស្រី​ឡៃ ត្រូវ​បាន​បូជា​នៅ​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ដោយ​ធ្វើ​មេនបូជា នៅ​មុខ​វត្ត​សែន​សុខតែ​ម្តង៕

ការ​បាញ់​សម្លាប់​តារាចម្រៀង សាន ស្រី​ឡៃ ពី​សំណាក់​បុរស​ជា​អតីត​ស្វាមី រួច​ឃាត​កបាន​បញ្ចប់​ជី​វីត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទន្ទឹម​គ្នា បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​រំជើបរំជួល​ជា​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​
ការ​បាញ់​សម្លាប់​តារាចម្រៀង សាន ស្រី​ឡៃ ពី​សំណាក់​បុរស​ជា​អតីត​ស្វាមី រួច​ឃាត​កបាន​បញ្ចប់​ជី​វីត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទន្ទឹម​គ្នា បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​រំជើបរំជួល​ជា​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​
ការ​បាញ់​សម្លាប់​តារាចម្រៀង សាន ស្រី​ឡៃ ពី​សំណាក់​បុរស​ជា​អតីត​ស្វាមី រួច​ឃាត​កបាន​បញ្ចប់​ជី​វីត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទន្ទឹម​គ្នា បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​រំជើបរំជួល​ជា​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​
ការ​បាញ់​សម្លាប់​តារាចម្រៀង សាន ស្រី​ឡៃ ពី​សំណាក់​បុរស​ជា​អតីត​ស្វាមី រួច​ឃាត​កបាន​បញ្ចប់​ជី​វីត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទន្ទឹម​គ្នា បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​រំជើបរំជួល​ជា​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ