រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានរឿង​កក្រើក​ថា មាន​អាចារ្យ​ម្នាក់​នៅ​វត្ត​សែន​សុខ ទៅ​ទារ​លុយ​ពី​ក្រុមហ៊ុន​ហង្ស​មាស ថ្លៃ​តម្កល់សព​តារាចម្រៀង សាន ស្រី​ឡៃ រហូត​គម្រាម​ថា បើ​មិន​ឲ្យ​លុយ​ត្រូវ​ដឹក​សព​ចេញ​វិញ​នោះ ភ្លាម​ៗ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម ភារ​ម្យ បាន​ចេញ​មក​ច្រានចោល ហើយ​មាន​សង្ឃដីកា​យ៉ាង​ច្បាស់​ៗ​ថា «​ជា​គោលការណ៍​រួម​វត្ត​មិន​ដែល​យក​ថ្លៃ​ពី​ពិធី​បុណ្យសព​របស់​ប្រជាពលរដ្ឋ​ណា​នោះ​ឡើយ តាំងពី​ដើម​ដល់​ចប់​, ករណី​អាចារ្យ​ទារ​លុយ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នេះ ព្រះ​ចៅអធិការ​ក៏​មាន​សង្ឃដីកា​បន្ត​ថា ករណី​មាន​អាចារ្យ​ទៅ​ទារ​លុយ​ថ្លៃ​តម្កល់សព គឺ​ព្រះ​អង្គ​មិន​បានដឹង​នោះ​ឡើយ ហើយ​អាចារ្យ​រូប​នេះ​ក៏​មិនមែន​ជា​អាចារ្យ​ប្រចាំ​វត្ត​សែន​សុខ​ដែរ ពោល​គឺ​អា​ចា្យ​ប្រចាំ​វត្តមាន​ចំនួន​៩​នាក់ ហើយ​ព្រះ​អង្គ​បាន​សុំ​ឲ្យ​៥​នាក់ មក​ជួយ​រៀបចំ​ចាត់ចែង​ពិធី​ប​ុណ្យ​សព​នេះ រីឯ​៤​នាក់ ផ្សេង​ទៀត​ជាប់​ទៅ​បុណ្យសព​ប្រជាពលរដ្ឋ​ផ្សេង​។

ព្រះ​ចៅអធិការ​បាន​មាន​សង្ឃដីកា​ថា «​នៅ​ពេល​មាន​បុណ្យសព គឺ​អាត្មា និង​គណៈ​ក​ម្មា​វត្ត​គ្រាន់តែ​សួរ​ម្ចាស់​កម្មវិធី​ថា រៀបចំ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​វត្ត​ជួយ​ចាត់ចែង ហើយ​គោលការណ៍​យក​លុយកាក់ សូ​ម្បី​តែ​មួយ​កាក់​មូ​យ​សេន ក៏​វត្ត​មិន​យក​ដែរ លើកលែងតែ​ពលរដ្ឋ​ចង់​ប្រគេន​កសាង​សមិទ្ធផល​ក្នុង​វត្ត នោះ​វត្ត​នឹង​ទទួល​»​។ មន្ត្រី​សាលា​ខណ្ឌ​សែន​សុខ​មួយ​រូប បាន​ឲ្យ​ដឹង​ថា អាចារ្យ​រូប​នេះ​រស់នៅ​ភូមិ​ទី​៧ ហើយ​ជា​អាចារ្យ​ធំ (​គ្រូបង្រៀន​អាចារ្យ​)​។

អាចារ្យ​រូប​នេះ​បាន​មក​ចាត់ចែង រៀបចំ​ពិធី​ចាត់ចែង​ពិធី​បុណ្យសព តារាចម្រៀង សាន ស្រី​ឡៃ រហូត​មក​ទារ​លុយ​យ៉ាងច្រើន​បែប​នេះ​ពី​ក្រុមហ៊ុន​ហង្ស​មាស​។ ដោយឡែក អភិបាលរង​រាជធានី​ភ្នំពេញ​លោក មាន ចាន់​យ៉ា​ដា នៅ​យប់​ថ្ងៃ​ដដែល​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​ដ៏​ចម្រូងចម្រាស់​នេះ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​រួច​ហើយ បន្ទាប់​ពី​លោក​បាន​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​លោក មាស រិ​ទ្ធី និង​អាជ្ញាធរ​ខណ្ឌ ដូច្នេះ​ករណី​នេះ​គឺជា​រឿង​បុគ្គល​របស់​អាចារ្យ​ដែល​ប្រព្រឹត្ត​ដោយ​ខ្លួនឯង មិន​ពាក់ព័ន្ធ​ជាមួយនឹង​វត្ត គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​នោះ​ឡើយ​។

លោក មាស រិ​ទ្ធី អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស និង​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា វត្ត​សែន​សុខ​ទីកន្លែង​តម្កល់សព​តារាចម្រៀង សាន ស្រី​ឡៃ មាន​អាចារ្យ​ម្នាក់​បាន​ទាមទារ​លុយ​ថ្លៃ​តម្កល់សព​, ថ្លៃ​អាចារ្យ​, ថ្លៃ​រៀបចំ​ពិធី និង​ក្តារ​មឈូស រហូត​ដល់​២៦០០​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​ពោល​ពាក្យ​មាក់ងាយ​ដល់​ក្រុមហ៊ុន​ហង្ស​មាស​ធ្ងន់​ៗ ព្រមទាំង​បាន​និយាយ​ថា ប្រសិនបើ​មិន​ឲ្យ​លុយ​ទេ សូម​យក​សព​ទៅ​វិញ​។

លោក មាស រិ​ទ្ធី បាន​បញ្ជាក់​ទៀត​ថា អាចារ្យ​ប្រចាំ​វត្ត​សែន​សុខ ដែល​ទាមទារ​លុយ​នោះ​ឈ្មោះ មាស សំណាង ដែល​បាន​ទាមទារ​លុយ​ដូច​ជា ទី​១៖ ប្រគេន​ចំពោះ​វត្ត​សម្រាប់​តម្កល់សព ១២៥០​ដុល្លារ​ទី​២៖ អាចារ្យយោគី ៥០០​ដុល្លារ ទី​៣៖​សម្រាប់​វត្ត​ចាត់ចែង​ពិធី​៖ ៧០០​ដុល្លារ ទី​៤៖ ក្តារ​មឈូស ១៥០​ដុល្លារ​។ ការ​ទាមទារ​លុយ​ថ្លៃ​តម្កល់សព​នេះ ខាង​វត្ត​សែន​សុខ​មិន​បានដឹង​រឿង​នេះ​ទេ គឺ​បុគ្គល​អាចារ្យ​តែ​ម្តង ហើយ​បុគ្គល​អាចារ្យ​រូប​នោះ​បាន​អះអាង​ខ្លួនឯង​ថា ជា​អាចារ្យ​មក​ពី​វាំង​ទៀត​ផង​។

លោក មាស រិ​ទ្ធី បាន​និយាយ​ជាមួយ​កំហឹង​ខ្លាំង​ៗ​ថា អ្វី​ដែល​ក្រុមហ៊ុន​ហង្ស​មាស មិន​អាច​ទទួលយក​បាន​នោះ គឺ​ពាក្យ​សម្តី​របស់​អាចារ្យ មាស សំណាង និយាយ​មាក់ងាយ​ធ្ងន់​ៗ​ថា «​ថៅកែ​ហង្ស​មាសធំ​ប៉ុណ្ណា​ប៉ុ​ណ្ណី​មក​ថោកទាប​អត់​លុយ​ឲ្យ​វត្ត​»​។ លោក​បាន​បញ្ជាក់​ថា តើ​វត្ត​ជាទី​អារាម​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​ធ្វើ​ទាន ឬ​ក៏​ជា​សណ្ឋាគារ​សម្រាប់​គិតថ្លៃ ? បន្ទាប់​ពី​មាន​ជម្លោះ​រឿង​ទាមទារ​លុយ​នោះ លោក មាស រិ​ទ្វី បាន​ទូរស័ព្ទ​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​អភិបាល​ខណ្ឌ​សែន​សុខ និង​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ផង​ដែរ​៕ 

ក្រោយ​ពី​មានរឿង​កក្រើក​ថា មាន​អាចារ្យ​ម្នាក់​នៅ​វត្ត​សែន​សុខ ទៅ​ទារ​លុយ​ពី​ក្រុមហ៊ុន​ហង្ស​មាស ថ្លៃ​តម្កល់សព​តារាចម្រៀង សាន ស្រី​ឡៃ រហូត​គម្រាម​ថា បើ​មិន​ឲ្យ​លុយ​ត្រូវ​ដឹក​សព​ចេញ​វិញ​នោះ ភ្លាម​ៗ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម ភារ​ម្យ បាន​ចេញ​មក​ច្រានចោល
ក្រោយ​ពី​មានរឿង​កក្រើក​ថា មាន​អាចារ្យ​ម្នាក់​នៅ​វត្ត​សែន​សុខ ទៅ​ទារ​លុយ​ពី​ក្រុមហ៊ុន​ហង្ស​មាស ថ្លៃ​តម្កល់សព​តារាចម្រៀង សាន ស្រី​ឡៃ រហូត​គម្រាម​ថា បើ​មិន​ឲ្យ​លុយ​ត្រូវ​ដឹក​សព​ចេញ​វិញ​នោះ ភ្លាម​ៗ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម ភារ​ម្យ បាន​ចេញ​មក​ច្រានចោល
ទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ
ទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ
ទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ
ទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ
ទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ
ទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ