(ភ្នំពេញ)៖ ខណៈដែលករណីបាញ់ប្រហារសម្លាប់តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ កំពុងតែត្រូវបានមជ្ឈដ្ឋានទូទៅ ចាប់អារម្មណ៍ខ្លាំង ជាពិសេសបណ្ដាអ្នករស់នៅក្នុងចង្កោមសិល្បៈដូចគ្នា គេហាក់មិនទាន់បានដឹងពីប្រវត្តិមួយចំនួន របស់ខ្មាន់កាំភ្លើងដៃឆៅ ដែលបាញ់ប្រហារអតីតភរិយា របស់ខ្លួននោះនៅឡើយទេ។ នៅថ្ងៃនេះ គេទំព័រ Khmertalking សូមនាំចំណាប់អារម្មណ៍ ប្រិយមិត្តមកជ្រាប់ពីប្រវត្តិខ្លះៗ របស់ឃាតកចិត្តឆើត ដែលបានបាញ់សម្លាប់ភរិយារបស់ខ្លួន យ៉ាងព្រៃផ្សៃ។
តាមរយៈប្រភពព័ត៌មានបានបង្ហើបថា ខ្មាន់កាំភ្លើងដៃឆៅ បាញ់ប្រហារតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស សាន ស្រីឡៃ នោះ ឈ្មោះពិតមិនមែន ជ័យ រិន ទេ គឺឈ្មោះ ខៀវ ម៉ៅ ហើយក៏មិនមែនមានអាយុ៥៣ឆ្នាំដែរ គឺមានអាយុខ្ទង់៤០ឆ្នាំក្រាស។
ជាក់ស្ដែងយោងតាមប្រភពគួរទុកចិត្ត ដែលទទួលបាននាព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលជាស្វាមី មិនបានក្រាប់ផ្ទឹមជាផ្លូវការរបស់អ្នកនាង សាន ស្រីឡៃ ឈ្មោះពិត គឺឈ្មោះ ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ចំពោះឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំនោះ គឺជាឈ្មោះដែលគាត់ទិញពីគេ ដើម្បីចូលធ្វើការងារក្នុងក្របខណ្ឌគយតែប៉ុណ្ណោះ។ លោក ខៀវ ម៉ៅ មានបងប្អូនបួននាក់ ដែលសុទ្ធតែធ្វើគយដូចគ្នាៗ។ អតីតស្វាមីរបស់អ្នកស្រី សាន ស្រីឡៃ កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦៤ ស្រុកកំណើតភូមិញនី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពបន្តថា ជ័យ រិន (ឈ្មោះទិញគេ) បច្ចុប្បន្នជាជំនួយការសាខាគយខេត្តកំពង់ចាម គឺមិនមែនអនុប្រធានសាខាគយ ខេត្តត្បូងឃ្មុំទេ។ លោកទើបតែទៅបំពេញការងារនៅទីនោះ ប៉ុន្មានពីរឆ្នាំចុងក្រោយនេះ។ នៅមុនលោកមកបំពេញការងារនៅកំពង់ចាម លោកធ្វើជាគយដែរ នៅខេត្តព្រះសីហនុ និងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទំនងនៅពេលដែល លោក ជ័យ រិន ទៅប៉ោយប៉ែតនេះហើយ លោកបានបង្កើតចំណងស្នេហ៍ជាមួយ សាន ស្រីឡៃ ខណៈលោកមានប្រពន្ធរួចទៅហើយនោះ ដែលប្រពន្ធដើមរបស់លោក នៅឯស្រុកកំណើតស្រុកព្រះស្តេចខេត្តព្រៃវែង។ ជាមួយភរិយាស្របច្បាប់របស់លោក លោក ខៀវ ម៉ៅ គឺលោកមានកូនបួននាក់។
ប្រភពបន្តថា ជាមួយចំណងស្នេហ៍មិនបានរៀបការ គឺលោកនិងនាង សាន ស្រីឡៃ មានកូនពីរនាក់។ យោងតាមប្រភពពីស្ថាប័នដែល លោក ជ័យ រិន ធ្វើការ បានប្រកាសកាលពីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ថា សពលោក ជ័យ រិន តម្កល់ធ្វើបុណ្យនៅស្រុកកំណើត នៅភូមិតានី ឃុំល្វា ស្រុកព្រះស្តេចខេត្តព្រៃវែង។ ដោយឡែកទាក់ទងនឹងអ្នកនាង សាន ស្រីឡៃ វិញសពបានតម្តល់នៅវត្តសែនសុខ ខណ្ឌសែនសុខរាជធានីភ្នំពេញ ដោយក្រុមហ៊ុនហង្សមាសជាអ្នកចាត់ចែង។ សពនឹងត្រូវបូជានៅថ្ងៃស្អែក ទី ១៨ ខែតុលា ឆ្នា២០១៧។ ក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ហង្សមាស កាលពីព្រឹកថ្ងៃទី ១៦ខែតុលានេះដែរ លោក មាស រិទ្ធី បានរៀបរាប់វែងអន្លាយទាក់ទងនឹងជីវិតរបស់នាង សាន ស្រីឡៃនិងជីវិតគូរបស់នាង ដែលស្តាប់ទៅដូចជាសាច់រឿងមួយគួរសង្រេង។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពកម្មវិធី «The Voice Cambodia» រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់សម្លាប់គួរឲ្យរន្ធត់នៅក្នុងគ្លីនិក វ៉ាយតាឡុងហ្គា តាមផ្លូវ៣៦០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោងជាងបួនល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ ចំណែកខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បន្ទាប់ពីបានបាញ់សម្លាប់អតីតភរិយា។ ទីតាំងកើតហេតុនៅមិនឆ្ងាយប៉ុន្មានពីស្ថានីយទូរទស្សន៍អប្សរា និងផ្សារបឹងកេងកងទេ។
ប្រភព៖ Khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]