អ្នកដែលមានជំងឺស្លេកស្លាំង តែងមានសភាពដូចជា ឆាប់វិលមុខ ឈឺក្បាល ងងឹតមុខ ហើយមិនអាចបរិច្ចាគឈាមបាននោះទេ។ ដូច្នេះអ្នកគួរមើលថែសុខភាពរាងកាយឱ្យបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺទាំងនេះដោយការងាកទទួលទានអាហារល្អៗជួយចិញ្ចឹមគ្រាប់ឈាមនៅក្នុងខ្លួន និងការពារជំងឺខ្វះគ្រាប់ឈាមផងដែរ។

អាហារទាំងនោះរួមមានដូចជា៖

១) ឈាមសត្វ សត្វថ្លើម និងសាច់សត្វផ្សេងៗ៖ អាហារទាំងនេះសុទ្ធតែមានជាតិដែកជាច្រើនដែលជួយក្នុងការចិញ្ចឹមគ្រាប់ឈាម។ ហើយជាតិដែកដែលមាននៅក្នុងសត្វ អាចធ្វើឱ្យពោះវៀន អាចស្រូបយកបានច្រើនជាងជាតិដែកនៅក្នុងគ្រាប់ធញ្ញជាតិផ្សេងៗ។ ដូច្នេះគួរទទួលទានវាឱ្យបានញឹកញាប់ សម្រាប់អ្នកដែលឧស្សាហ៍ទៅបរិច្ចាគឈាមនានា។ 

សាច់សត្វ
ថ្លើមសត្វ

២) បន្លែពណ៌បៃតង៖ ទោះបីជាជាតិដែកពីរុក្ខជាតិមិនមានច្រើនដូចនៅក្នុងសត្វក៏ដោយ តែអ្នកគួរបរិភោគវាដើម្បីការពារការខ្វះជាតិដែក។ បន្លែទាំងនោះមានដូចជា ខាត់ណា ត្រកួន ផ្ទី ជាដើម។

ចំណាំ៖ នៅពេលដែលរាងកាយស្រូបយកជាតិដែកពីរុក្ខជាតិបានតិច យើងគួរតែបរិភោគអាហារដែលមានវីតាមីន C ខ្ពស់ ដើម្បីជួយស្រូបយកជាតិដែក។ អាហារដែលមានវីតាមីន C មានដូចជា ក្រូច ល្ហុង ត្របែក ក្រូចឆ្មារ -ល-។ 

បន្លែពណ៌បៃតង

៣) ស៊ុត៖ ជាអាហារមួយទៀតដែលសម្បូរសារធាតុចិញ្ចឹម មានប្រយោជន៍ណាស់ដល់រាងកាយព្រោះវាមានប្រូតេអ៊ីនច្រើន។ ពិសេសមានបរិមាណរបស់ធាតុដែកដែលនឹងជួយឱ្យឈាមរបស់យើងមានសុខភាពល្អផងដែរ។ គួរចងចាំថា ស៊ុតពណ៌ក្រហម មានជាតិដែកខ្ពស់ជាងស៊ុតពណ៌ស។

ស៊ុតពណ៌ក្រហម មានជាតិដែកខ្ពស់ជាងស៊ុតពណ៌ស

៤) គ្រាប់ធញ្ញជាតិផ្សេងៗ៖ ដូចជាសណ្តែកក្រហម សណ្តែកខ្មៅ គ្រាប់អាល់ម៉ុន រួមទាំងស្រូវសាលីជាដើម ជាប្រភពប្រូតេអ៊ីនដ៏ល្អដើម្បីពង្រឹងរាងកាយ ក្រៅពីនេះក៏នៅមានជាតិដែកដែលជួយសាងកោសិកាឈាមក្រហម និងបង្កើនគ្រាប់ឈាមបានយ៉ាងល្អ។

គ្រាប់ធញ្ញជាតិផ្សេងៗ

៥) អាហារសមុទ្រ៖ អាហារសមុទ្រដូចជាបង្គា មឹក ក្តាម សុទ្ធតែសម្បូរប្រូតេអ៊ីន និងសារធាតុរ៉ែជាច្រើន ហើយក៏មានជាតិដែកដែលជួយបង្កើនគ្រាប់ឈាមបានយ៉ាងប្រសើរ។ ប៉ុន្តែសូមកុំបរិភោគរបស់ទាំងនេះក្នុងបរិមាណច្រើនពេក ព្រោះជាទូទៅវាមានកាល់ឡូរី និងកូឡេស្តេរ៉ូល ច្រើនណាស់ដែលតាមមកជាមួយ។

អាហារសមុទ្រ

បន្ថែមពីលើអាហារទាំងអស់នេះ អ្នកដែលប្រឈមមុខនឹងភាពស្លេកសាំង ខ្វះឈាមក៏គួរតែ ហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកគ្រប់គ្រាន់ផងដែរ។ ពេលគ្រាប់ឈាមក្រហមត្រូវបានកើនឡើង ហើយរាងកាយមានសុខភាពល្អរឹងមាំ ពេលនេះអ្នកនឹងបាត់អាការៈខ្សោយអស់កម្លាំង វិលមុខ ឈឺក្បាល ជាក់ជាមិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]