រាជធានីភ្នំពេញ ៖ មានការកត់សម្គាល់ខ្លះៗពីឆាកជីវិតរបស់ស្រីស្អាត សាន ស្រីឡៃ បន្ទាប់ពីនាងបានបង្ហាញខ្លួនជាបេក្ខនារី The Voice Cambodia រដូវកាលទី២ ដែលមានព័ត៌មានថា នាងមិនមែនជាស្រីក្រមុំទេ តែមានស្វាមីរួចទៅហើយ ។ ចំពោះព័ត៌មានដែលបេក្ខនារីរូបស្អាតនេះ មានស្វាមីរួចហើយ ក៏ក្លាយជាចំណុចរសើបមួយ ដែលធ្វើឲ្យអ្នកគាំទ្រ រឹតតែចង់ដឹងថា តើរូបនាង ហ៊ានបង្ហាញមុខស្វាមីជាសារធាណៈដែរទេ ក្រោយពីគ្រប់គ្នាបានដឹងឮនូវរឿងរ៉ាវអស់ទាំងនេះហើយនោះ ។

ពេលនោះ សាន ស្រីឡៃ បានសរសេររៀបរាប់ក្នុងទំព័រហ្វេសប៊ុកថា «ក្នុងមួយជីវិតរបស់ស្រី តើមានមនុស្សប្រុសប៉ុន្មាននាក់ដែលតាមស្រឡាញ់យើង ? ក្នុងមួយជីវិតរបស់មនុស្សស្រី មានមនុស្សប្រុសប៉ុន្មាននាក់ ដែលសុំអ្នកធ្វើសង្សារ ហើយមានមនុស្សប្រុសប៉ុន្មាននាក់ដែលចូលស្តីដណ្តឹងអ្នក ពីម្តាយរបស់អ្នក ? សម្រាប់ខ្ញុំ មនុស្សប្រុសដែលសុំខ្ញុំធ្វើសង្សារដាច់ខាតខ្ញុំមិនអាចស្រឡាញ់ឡើយ ព្រោះសង្សារទោះស្រឡាញ់គ្នាយ៉ាងងណា ក៏បានត្រឹមជាតែសង្សារ ពេលគេអស់ចិត្ត នោះយើងក៏អស់តម្លៃ ។ ទោះមនុស្សប្រុសម្នាក់នេះមិនស្អាត មិនក្មេង មិនមាន តែគាត់ហ៊ានចូលដល់ម្តាយរបស់ខ្ញុំ ។ ទោះបីខ្ញុំមិនស្រឡាញ់គាត់ មិនដែលស្គាល់គាត់ តែបើម្តាយព្រមលើកខ្ញុំឲ្យទៅគាត់ ខ្ញុំក៏យល់ព្រម ព្រោះខ្ញុំជឿជាក់ថាម្តាយរបស់ខ្ញុំមើលមនុស្សមិនខុស ហើយក៏គ្មានម្តាយណាដែលចង់ឲ្យកូនពិបាកទេ ។

ការរៀបការតាមការទុកដាក់របស់ម្តាយ ជាការសងគុណដ៏ធំធេងបំផុតរបស់កូនស្រី ។ ពីមនុស្សមិនដែលស្រលាញ់គ្នា មិនដែលស្គាល់គ្នា ទីបំផុតយើងក៏ស្រឡាញ់គ្នា យល់ចិត្តគ្នា ទោះបីគាត់មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភ តែគ្រប់ពេលដែលខ្ញុំនៅក្បែរគាត់ ខ្ញុំប្រៀបបាននឹងម្ចាស់ក្សត្រីយ៍ម្នាក់ដ៏សែនមានក្តីសុខ ។ មានគ្រួសារមានអ្វីត្រូវខ្មាស ខ្លាចគេ គ្រាន់តែបង្ហាញពិភពលោកឲ្យបានដឹង ថាពួកយើងស្រឡាញ់គ្នា បើគ្រាន់តែក្លាយជាអ្នកសិល្បៈម្នាក់ ត្រូវបោះបង់មនុស្ស ដែលស្រឡាញ់យើងចោល បោះបង់មនុស្សប្រុសល្អម្នាក់ មិនចាំបាច់ឡើយ។ មួយជីវិតរបស់មនុស្សស្រីអ្វីដែលចង់បាន គឺប្តីល្អម្នាក់ នេះហើយជាអ្វីដែលមនុស្សស្រីគ្រប់រូបចៀសមិនផុត។

ព័ត៌មានបន្តឱ្យដឹងថា សាន ស្រីឡៃ ក្រោយពីបានក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាសមក ត្រូវបានគេដឹងថា ផ្លូវជីវិតគូស្វាមីភរិយារបស់នាងដែលខំសាងរួមគ្នាជាច្រើនឆ្នាំ ក៏បានប្រេះឆាឈានដល់ផ្លូវបំបែក ដែលបានធ្វើឲ្យនាង មានការឈឺចាប់ជាខ្លាំង និងបានបង្ហោះសារត្អូញត្អែរ បង្ហាញពីទុក្ខសោករបស់ខ្លួនជារឿយៗ នៅលើគណនីហ្វេសប៊ុករបស់នាង ។

ដោយឡែក ថ្មីៗនេះ អ្នកនាង សាន ស្រីឡៃ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការត្រេកអរជាខ្លាំង ដោយនាងបានដកខ្លួនចេញពីភាពទុក្ខសោកជាមួយនឹងអតីតកាល និងធ្វើខ្លួនជាមនុស្សថ្មី ទទួលស្គាល់ការពិត និងរស់នៅជាមួយបច្ចុប្បន្នភាព ដោយអ្នកនាងបានលើកឡើងថា៖ «ធ្លាប់ខូចចិត្ដរួចហើយ (អត់ឃើញបានផលអីក្រៅពីមុខដូចយាយអាយុ៨០ឆ្នាំនោះទេ អ្វីដែលប្រសើរត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ ធ្វើឲ្យខ្លួនឯងមានក្ដីសុខច្រើនៗ ហើយត្រូវចងចាំថាក្ដីស្រឡាញ់ ដែលស្ថិតស្ថេរគ្មានថ្ងៃកែប្រែ គឺជាក្ដីស្រឡាញ់របស់(ម្ដាយឪពុក)របស់យើងចងចាំគ្រប់យ៉ាងជាបទពិសោធន៍ » ។

ជាការពិតណាស់ ធ្វើឲ្យខ្លួនឯងឲ្យលិចលង់ជាមួយនឹងស្រមោលអតីតកាល គឺគ្មានបានអ្វីមកវិញនោះទេ ក្រៅពីភាពសោកស្តាយ និងការឈឺចាប់គ្រាំចិត្តដូចពាក្យគេថា «រឿងល្អៗទុកជាការចងចាំ រីឯរឿងអាក្រក់ទុកជាបទពិសោធន៍» ដើម្បីយកវាមកកែ ប្រែជាថ្មី ដូច្នោះដែរ ។ នាង សាន ស្រីឡៃ ក៏ធ្លាប់ត្រូវបានស្ត្រីម្នាក់ហែកកេរ្តិ៍ថារូបនាងបានយកស្វាមីគេ តែមិនហ៊ានទទួលយកការពិត ។

គណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់ឈ្មោះ ប៊ុន រ៉ាឌី បានបង្ហោះរូបថតគ្រួសារមួយសន្លឹកបានអះអាងថា ម្នាក់ប្រុសក្នុងរូប ជាស្វាមីរបស់អ្នកនាង សាន ស្រីឡៃ ហើយក៏បានសរសេររៀបរាប់ថា «នេះជារូបក្រុមគ្រួសារ ដែលស្រឡាញ់គ្នា ចុះអ្នកវិញ សាន ស្រីឡៃ តើអ្នកស្រឡាញ់គ្នា តាំងពីពេលណាទៅ ខ្ញុំចង់ដឹងណាស់ ហើយមិនមានតែខ្ញុំទេ ដែលចង់ដឹងនោះ មានមនុស្សជាច្រើនដែលចង់ហើយចង់ថាអ្នកយកប្តីគេ តើអ្នកសប្បាយចិត្តទេ ចុះបើមានគេយកប្តីនាងវិញ តើនាងគិតយ៉ាងណាដែរ ខ្ញុំចង់ប្រាប់នាងថា នាងពិតជាធ្វើឲ្យខូចដល់មនុស្សស្រីដទៃទៀត ហេតុអ្វីទៅ សាន ស្រីឡៃ នាងស្អាតយ៉ាងហ្នឹងហើយ នាងនៅទៅយកប្តីគេទៀត នាងយកប្តីគេ តើនាងខ្មាស់គេអត់ » ?

ចំពោះសារដែលបង្ហោះរូបថតស្វាមីរបស់នាងកំពុងតែធ្វើឲ្យមហាជនចង់ដឹងថែមទៀតថា តើស្ត្រីម្នាក់នោះ ពិតជានិយាយពិតដែរទេ ដែលថា អ្នកនាង សាន ស្រីឡៃ បានយកស្វាមីគេ ? រឿងរ៉ាវរបស់នាង សាន ស្រីឡៃ ពិតជាក្លាយជារឿងតភាគមិនចេះអស់រហូតទីបំផុត បានក្លាយជាហេតុការណ៍ដ៏តក់ស្លុត គឺការស្លាប់ក្នុងថ្លុកឈាមដោយស្នាដៃអតីតប្ដី ។

នៅវេលាម៉ោងជាង៧យប់សពរបស់នាងសាន ស្រីឡៃ ត្រូវបាននាំទៅតម្កល់ធ្វើបុណ្យនៅវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខតាមសំណូមពររបស់ក្រុមគ្រួសារដោយសារផ្ទះរបស់នាងក៏ស្ថិតនៅជិតកាំកូស៊ីធី ។ សមាគមអ្នកសិល្បករខ្មែរដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានបានជួយឧបត្ថម្ភដល់បុណ្យសពរបស់នាង ខណៈក្រុមហ៊ុនហង្សមាស ក៏បានប្រកាសពីការចំណាយបុណ្យសពទាំងស្រុងផងដែរ ។ នាងសាន ស្រីឡៃ ក៏ជាអ្នកសម្តែងក្នុងខ្សែភាពយន្តដែលកំពុងថតដោយក្រុមហ៊ុនហង្សមាសផងដែរ។ សូមវិញ្ញាណក្ខន្ធរបស់នាងបានទៅកាន់សុគតិភពផងចុះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ