ឥណ្ឌា៖ ទារិការអភ័ព្វទើបនឹងកើតម្នាក់ ត្រូវបានឪពុកម្តាយច្រកដាក់ក្នុងថង់ប្លាស្ទិចមួយ យកទៅបំបោះបង់ចោល ក្នុងធុងសំរាមស្រមោចរោមអ៊ូ ជាសំណាងល្អបានគេប្រទះឃើញ និងជួយសង្គ្រោះបានទាន់វេលា។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទារិការងគ្រោះខាងលើ ត្រូវបានប្រទះឃើញដោយអ្នកដំណើរប្រុសម្នាក់ ឈ្មោះ Dheeraj Rathore ។ លោក Dheeraj បានដើរកាត់ក្បែរទីតាំងគំនរសំរាមមួយកន្លែងក្នុងទីក្រុង Bhopal ក៏ស្រាប់តែលឺសូរសម្លេងទារកយំចេញពីធុងសំរាម ហើយភ្លាមៗនោះលោកក៏បានចូលទៅពិនិត្យមើល ក៏ឃើញទារិកាទើបនឹងកើតនេះតែម្តង គ្មានសំលៀកបំពាក់ដណ្តប់កាយ និងថែមទាំងត្រូវបានស្រមោចរោមខាំជាច្រើនកន្លែងទៀត។

លោក Dheeraj និយាយថា «នៅពេលដែលខ្ញុំដើរកាត់ក្បែរធុងសំរាមនោះ ស្រាប់តែលឺសម្លេងទារកស្រែកយំ។ ខ្ញុំពិតជាភ្ញាក់ផ្អើលនិងរំជួលចិត្តយ៉ាងខ្លាំង នៅពេលដែលចូលទៅមើល ឃើញទារកនេះត្រូវបានគេខ្ចប់ដាក់ក្នុងថង់ប្លាស្ទិចពណ៌ក្រហម។ ស្រមោចជាច្រើនបានរោមខាំពេញក្បាលរបស់នាង»

ភ្លាមៗក្រោយកើតហេតុ លោក Dheeraj ក៏បានស្រែកហៅជំនួយពីមិត្តភក្តិរបស់លោក ២នាក់ផ្សេងទៀត ដើម្បីឲ្យមកជួយមើលគ្នា និងជូតសម្អាតទារក និងស្រមោចចេញ។ បន្ទាប់មកលោកក៏បាន រុំទារកនឹងកន្សែង រួចក៏បញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះតែម្តង។

រូបភាព៖ ទារិការងគ្រោះ

បុគ្គលិកមន្ទីរពេទ្យនិយាយថា ទារិការងគ្រោះមានទម្ងន់ត្រឹមតែ ១,៥គីឡូក្រាមតែប៉ុណ្ណោះ បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់។ លើសពីនេះ ក្រុមគ្រូពេទ្យរកឃើញទៀតថា ទារិការងគ្រោះមានស្នាមជាំ និងរបួសជាច្រើនកន្លែងលើរាងកាយ ជាសញ្ញាបញ្ជាក់ថា នាងរងការវាយដំពេញរាងកាយយ៉ាងធ្ងន់ធ្ងរ។

ប៉ូលិសប្រចាំនៃទីក្រុង Bhopal ភាគកណ្តាលរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានជឿជាក់ថា ចំពោះករណីដែលទារិការងគ្រោះ ត្រូវបានឪពុកម្តាយយកទៅបំបោះបង់ចោលបែបនេះ ក៏ដោយសារតែ នាងមិនមែនជាកូនប្រុស។ ព្រោះជាក់ស្តែង សម្រាប់នៅក្នុងប្រទេសឥណ្ឌា កូនប្រុសត្រូវបានគេចាត់ទុកថា ជាមាសទឹកដប់ក្នុងគ្រួសារ អាចមើលថែទាំឪពុកម្តាយ និងជាពិសេសថែមទាំងទទួលបានថ្លៃបណ្ណាការ ក្នុងថ្ងៃរៀបការពីខាងស្រីទៀតផង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នប៉ូលិសក៏កំពុងតែបើកការស៊ើបអង្កេត ស្វែងរកមុខអាណាព្យាបាល ដើម្បីធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាព៖ ទារិការងគ្រោះត្រូវបានលោក Dheeraj Rathore ប្រទះឃើញនិងជួយសង្គ្រោះ
រូបភាព៖ ទារិការងគ្រោះត្រូវបានលោក Dheeraj Rathore ប្រទះឃើញនិងជួយសង្គ្រោះ
រូបភាព៖ ទារិការងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
រូបភាព៖ ទារិការងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]