អាមេរិក៖ អ្នកធ្លាប់ដឹងទេថា រដ្ឋកាលីហ្វ័រញ៉ា បានជាប់ឈ្មោះជាតំបន់សំបូរភ្លើងឆេះព្រៃខ្លាំងជាងគេ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ បើយោងតាមសេចក្តីរាយការណ៍កន្លងមក មានមនុស្សមិនតិចជាង ៤០ នាក់ ត្រូវបានស្លាប់ដោយសារភ្លើងឆេះព្រៃប៉ុន្មានរយៈពេលថ្មីៗនេះ ព្រមទាំងលំនៅដ្ឋានរាប់ពាន់កន្លែងត្រូវបានបំផ្លាញ។ 

ជាក់ស្តែងភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ានាពេលថ្មីៗនេះ ត្រូវគេដឹងថា បានប្រើប្រាស់ពេលវេលាជិតមួយសប្តាហ៍ ដើម្បីពន្លត់ ដោយមានអ្នកពន្លត់អគ្គិភ័យប្រមាណជាងមួយម៉ឺននាក់ ឡានទឹក៨៨០គ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រចំនួន ១៤គ្រឿង។

ដូច្នេះពេលពន្លត់ភ្លើងឆេះព្រៃម្តងៗ គឺមានការលំបាកស្មុគស្មាញខ្លាំងណាស់ ហើយ ខាងក្រោមនេះជាកត្តាសំខាន់ៗ ដែលបង្កឲ្យមានការលំបាកយ៉ាងដូច្នេះ។

យន្តហោះពន្លត់ភ្លើង DC-10

កម្លាំងខ្យល់

នៅភាគខាងលិចរដ្ឋកាលីហ្វ័រញ៉ា ជារឿយៗគេសង្កេតឃើញថា កម្លាំងខ្យល់ដែលបក់បោកឆ្លងកាត់ គឺមានកម្លាំងខ្លាំង ដែលល្បឿនរបស់វា ត្រូវបានគេកត់ត្រាថា មានរហូតដល់ទៅ ១១២ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។  

កម្លាំងខ្យល់ខ្លាំង បណ្តាលឲ្យមានភ្លើងឆេះព្រៃ

កម្តៅ និងភាពរាំងស្ងួត

ថ្មីៗនេះកាលីហ្វ័រញ៉ាបានជួបប្រទះអាកាសធាតុក្តៅដែលពុំធ្លាប់មានមួយ ដែលវាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ កម្តៅខ្លាំងធ្វើឲ្យរុក្ខជាតិទាំងឡាយ ដែលស្វិតងាប់ ងាយនឹងឆេះ និងបង្កឲ្យមានភ្លើងឆេះព្រៃជាយថាហេតុណាស់។

ជាមួយគ្នានេះ វាមានរយៈពេលប្រាំឆ្នាំមកហើយ ដែលរដ្ឋកាលីហ្វ័រញ៉ា បានជួបប្រទះភាពរាំងស្ងួត។ ភាពរាំងស្ងួតអាចធ្វើឲ្យរុក្ខជាតិក្នុងព្រៃស្វិត ស្រពោនឆាបឆេះ បង្កឲ្យមានភ្លើងឆេះព្រៃ។ 

ភាពរាំងស្ងួតធ្វើឲ្យដើមឈើប្រមាណ១២លានដើមស្វិតងាប់ នៅរដ្ឋកាលីហ្វញ៉ា

កត្តាប្រជាជន

ប្រជាជននៅកាលីហ្វ័រញ៉ាជាច្រើនពេញចិត្តរស់នៅតំបន់ព្រៃ ។ ច្បាប់មួយរបស់រដ្ឋកាលីហ្វ័រញ៉ាបានតម្រូវឲ្យប្រជាជនពួកគេ ត្រូវសាងសង់លំនៅដ្ឋាន យ៉ាងហោចណាស់ ក៏១០០ ហ្វ៊ីត ឬក៏៣០ម៉ែត្រដែរពីតំបន់ព្រៃ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ ទោះជាយ៉ាងណា ច្បាប់នេះមានភាពធូររលុង ហើយបើទោះវាត្រូវបានអនុវត្តក៏ដោយ លំនៅដ្ឋានដែលមានចម្ងាយប៉ុណ្ណឹង ត្រូវបានគេគិតថា ប្រហែលនៅតែមិនអាចចៀសផុតពីគ្រោះមហន្តរាយភ្លើងឆេះព្រៃបានដដែល។  

ផ្ទះអ្នកស្រុកនៅ កាលីហ្វញ៉ា
ផ្ទះអ្នកស្រុកនៅកាលីហ្វញ៉ា
តបន់ជាយ ទីក្រុង Santa Rosa រដ្ឋកាលីហ្វញា

មធ្យោបាយពន្លត់ភ្លើងឆេះព្រៃ

ទោះជាអាមេរិកស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ជាងគេក៏ពិតមែន ប្រទេសមួយនេះនៅពុំទាន់មានមធ្យោបាយបែបវិទ្យាសាស្ត្រដ៏សមស្របណាមួយក្នុងការពន្លត់ភ្លើងឆេះព្រៃ ដែលមានទំហំធំនៅឡើយទេ។ ជាមួយគ្នានេះដែរ បើតាមប្រភពព័ត៌មាន BBC បានបង្ហាញថា រដ្ឋកាលីហ្វ័រញ៉ា មានប្រព័ន្ធប្រកាសអាសន្នមួយ ដែលផ្តល់ដំណឹងទៅប្រជាជនរស់នៅក្នុងតំបន់ អំពីករណីមានអាសន្ន ប៉ុន្តែអាជ្ញាធរក្នុងតំបន់ត្រូវគេសង្កេតឃើញថា ពុំបានប្រើប្រាស់វាជាប់លាប់នោះទេ៕

ក្រុមអ្នកពន្លត់ភ្លើង
រូបភាពផែនទីភាគខាងជើងរដ្ឋកាលីហ្វញ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]