ភ្នំពេញ៖ កាលពីម្សិលមិញ ប្រិយមិត្តប្រាកដ ជាបានជ្រាបហើយ ពីរឿងរ៉ាវឃាតកម្មនៃការបាញ់សម្លាប់តារាចម្រៀង សាន ស្រីឡៃ ដោយដៃអតីតស្វាមីផ្ទាល់ បន្ទាប់ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ហើយរឿងដ៏រន្ធត់នេះ ក៏នៅតែដាក់ជាប់អារម្មណ៍អ្នកគាំទ្រគ្រប់គ្នា ដែលពិបាកធ្វើចិត្តទទួលយករឿងរ៉ាវ ដែលបានកើតឡើងលើអតីតបេក្ខភាព The voice Cambodia នេះខ្លាំងណាស់។

យ៉ាងណាមិញការចាកចេញ ដោយមិនបានប្រាប់មុនរបស់ ស្រីឡៃ ក៏បានបន្សល់ទុកនៅបទចម្រៀង«រឿងក្នុងចិត្ត» ដែលជាស្នាដៃចុងក្រោយរបស់អ្នកនាង ដែលបានបកស្រាយរួមគ្នាជាមួយអតីត Coach របស់ខ្លួន នោះគឺអ្នកនាង ពេជ្រ សោភា។

ហើយមួយបទនេះដែរ ក៏ជាការបង្ហោះលើបណ្ដាញសង្គមផ្ទាល់ពីផេកហង្សមាស ដែលជាទ្រនំរបស់ ស្រីឡៃ ។ 

ជាក់ស្ដែង ពេជ្រ សោភា ក៏បានធ្វើការស៊ែរបន្ត អមនឹងសរសេរសារដ៏សោកសៅមួយថា៖ «រឿងក្នុងចិត្ត ដែលសាន ស្រីឡៃមិនអាចនិយាយបានតែងនាងតែងតែប្រាប់ខ្ញុំ ពីរឿងក្នុងចិត្តនាង យើងនៅមិនទាន់បានច្រៀងបទនេះជាមួយគ្នានៅលើឆាកទេ នាងទៅចោលបទចម្រៀងហើយ សុំជាតិក្រោយកុំឲ្យជួបដូចជាតិនេះណា ស្រីឡៃ»។

ចំពោះអត្ថន័យនៃបទនេះ ហាក់ដូចជា សាន ស្រីឡៃ បកស្រាយ និងទម្លាយ ពីរឿងរបស់នាង ដែលជួបទុក្ខលំបាកគ្រប់យ៉ាង។

គួរបញ្ជាក់ផងដែរថា បទចម្រៀង«​រឿងក្នុងចិត្ត» មិនទាន់ចេញជាផ្លូវការនៅឡើយទេ តែអ្នកគាំទ្រ​សង្ឃឹមថា ផលិតកម្មហង្សមាស នឹងចេញបទនេះ ក្នុងពេលឆាប់ៗ​ដើម្បី ទុកជាស្នាដៃ ចុងក្រោយរបស់នាង៕

ចង់ដឹងស្នាដៃចុងក្រោយដែល ស្រីឡៃ បន្សល់ទុកជូនប្រិយមិត្តអ្នកគាំទ្រពិរោះយ៉ាងណាតោះស្ដាប់ទាំងអស់គ្នា!

សារដែល ពេជ្រ សោភា បានបង្ហោះក្នុងបណ្ដាញសង្គម
សាន ស្រីឡៃ និង ពេជ្រ សោភា កាលពីនាងនៅរស់
សាន ស្រីឡៃ កាលពីនាងនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ