ចង់បានសក់រលោង ស្រស់ស្អាតពីធម្មជាតិទេ? ចម្លើយគឺចង់បានណាស់ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល ប៉ុន្មាននោះទេសម្រាប់នារីៗមួយចំនួន។ អ្នកខ្លះចាំបាច់ត្រូវទៅធ្វើការព្យាបាល ឬប្រើផលិតផលថែរក្សាសក់ថ្លៃៗជាច្រើនទើបអាចជួយបាន។

ប៉ុន្តែពេលនេះ អ្នកមិនចាំបាច់ពិបាកដល់ម្លឹងនោះទេ ដោយគ្រាន់តែបរិភោគអាហារដែលមានប្រយោជន៍ និងសម្បូរសារធាតុចិញ្ចឹមសម្រាប់សក់ ក៏អាចធ្វើឱ្យសក់មានភាពស្រស់ស្អាតហើយសុខភាពល្អពីខាងក្នុងតែម្តង ក៏ដូចជាជួយបំប៉នបន្ថែមចិញ្ចឹមទៅដល់រាងកាយផងដែរ។

សក់ត្រង់ស្រស់ស្អាតពីធម្មជាតិ

ក្នុងនោះរួមមានដូចជា៖  

១) សារធាតុបៃអូទីន (Biotin)៖ ជួយថែរក្សាឫសសក់ ហើយបន្ថែមពន្លឺខ្មៅរលោងទៅសក់កាន់តែច្រើន។ ជាពិសេសអ្នកដែលជ្រុះសក់ សារធាតុ Biotin អាចជួយបានប្រាកដណាស់ វាក៏ជួយទប់ស្កាត់សក់មិនឱ្យឡើងស្កូវបានទៀតផង។ ហើយអាហារដែលមានធាតុបៃអូទីនច្រើនបំផុតត្រូវបានរកឃើញនៅក្នុង ស៊ុតពណ៌ក្រហម សណ្តែកសៀង ស្រូវសាលី និងអង្ករសម្រូបជាដើម។

អង្ករសម្រូប

២) ស័ង្កសី៖ វាគឺជាសារធាតុចិញ្ចឹមមួយដែលនឹងធ្វើឱ្យសក់វែងកាន់តែលឿន និងមានពន្លឺចែងចាំង។ សមស្របសម្រាប់អ្នកដែលចង់ឱ្យសក់ដុះវែងលឿនបំផុត។ លើសពីនេះទៅទៀតវាអាចជម្រុញការរំលាយអាហារឱ្យមានប្រសិទ្ធភាព។ បានទាំងសក់ស្អាតហើយបានរាងស្រឡូនទៀត។ ស័ង្កសីត្រូវបានរកឃើញជាទូទៅនៅក្នុងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងនៅក្នុងសត្វសមុទ្រដូចជា ងាវ គ្រំ ជាដើម ។

សត្វសមុទ្រដូចជា ងាវ គ្រំ

៤) វីតាមីន E ៖ ចង់ឱ្យសក់របស់អ្នកមានសំណើម និងរលាស់ស្អាត គួរទទួលទានវីតាមីនE ព្រោះវាជួយបន្ថែមជាតិសំណើមដល់សក់បានយ៉ាងល្អ។ វាត្រូវបានគេរកឃើញនៅក្នុងអង្ករសម្រូប និងបន្លែពណ៌បៃតងគ្រប់ប្រភេទ

បន្លែពណ៌បៃតងគ្រប់ប្រភេទ

៣) វីតាមីន A ៖ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាវីតាមីនជួយថែរក្សាកែវភ្នែកបានយ៉ាងល្អ ហើយវាក៏អាចជួយចិញ្ចឹមស្បែកក្បាលបានផងដែរ។ មិនតែប៉ុណ្ណោះក៏ជួយឱ្យសក់រឹងមាំ ហើយទន់រលោងបានយ៉ាងងាយ។ ជាទូទៅម្ហូបអាហារដែលសម្បូរវីតាមីន A បំផុតនោះគឺ ប៉េងប៉ោះ ក្រូច ល្ហុង និងការ៉ុតជាដើមផង។

៥) វីតាមីន B5 ឬអាស៊ីត Pantothenic៖ អាស៊ីត Pantothenic ជាអាស៊ីតម្យ៉ាងដែលជួយរក្សាសំណើមនៅក្នុងសក់ និងជួយឱ្យសក់វែងតាមបែបធម្មជាតិ។ អាស៊ីតនេះត្រូវបានគេរកឃើញនៅក្នុងបន្លែស្ទើរតែទាំងអស់ នំបុ័ង និងត្រីជាដើម ដែលវាក៏មានអត្ថប្រយោជន៍ជំនួយទៅដល់រាងកាយផងដែរ។

៦) ប្រូតេអ៊ីន៖ ជាជំនួយដ៏សំខាន់ក្នុងការស្តារសក់ខ្សោយឱ្យកាន់តែរឹងមាំ ហើយអាចជម្រុញសក់ដុះវែងបានយ៉ាងឆាប់រហ័ស។ ប្រូតេអ៊ីនរកឃើញនៅក្នុង សាច់ត្រី សណ្តែកសៀង និងគ្រាប់ធញ្ញជាតិជាដើម វាជាសារធាតុចិញ្ចឹមដែលចាំបាច់ចំពោះសក់ និងសុខភាពរាងកាយដែលមិនអាចខ្វះបាន។ 

សាច់ត្រី សណ្តែកសៀង និងគ្រាប់ធញ្ញជាតិនានា

ឃើញទេ គ្រាន់តែបរិភោគអាហារដែលមានសារធាតុចិញ្ចឹមទាំងនេះប៉ុណ្ណោះ នឹងធ្វើឱ្យសក់អ្នកមានសុខភាពល្អ និងមានពន្លឺចែងចាំងយ៉ាងងាយស្រួល ហើយថែមទាំងមិនមានផលប៉ះពាល់ ឬបន្សល់ទុកនូវកាកសំណល់គីមី កកកុញជាប់នឹងស្បែកក្បាលបានផងដែរ។ ដូច្នេះសាកល្បងទៅរកសារធាតុចិញ្ចឹមទាំងនេះដើម្បីបំប៉នសក់របស់អ្នកឱ្យស្អាតតាមបែបធម្មជាតិម្តងទៅមើល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]