ចិន៖ ពិតជាឡូយខ្លាំងណាស់! សិស្ស និងបុគ្គលិកនៅក្នុងវិទ្យាល័យមួយ អាចធ្វើការស្កេនមុខជំនួសឲ្យការប្រើកាតបាន ដើម្បីទទួលយកអាហាររបស់ពួកគេ  ដែលនេះមានន័យថា ពួកគេគ្រាន់តែឈរពីមុខកាមេរ៉ា ២វិនាទីប៉ុណ្ណោះ ពួកគេនឹងទទួលបានអាហារដែលបានកុម្ម៉ង់តែម្តង។  បច្ចេកវិទ្យាដ៏ទំនើបនេះត្រូវបានបំពាក់នៅក្នុងវិទ្យាល័យមួយនាទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

ពួកគេគេគ្រាន់តែឈរមុខកាមេរ៉ា២វិនាទី ក៏ទទួលបានអាហារដែលពួកគេកម្ម៉ង់តែម្តង

យោងតាមសារព័ត៌មាន The Paper បានឲ្យដឹងថា វិទ្យាល័យមួយក្នុងប្រទេសចិន បានដាក់ដំណើរការបច្ចេកវិទ្យា Smart Canteen កាលពីខែឧសភាកន្លងទៅ ដែលសិស្សទាំងអស់ អាចកុម្ម៉ង់អាហារតាមរយៈបណ្តាញទំនាក់ទំនង WeChat បាន។ នេះជាវិធីសាស្ត្រដ៏ថ្មីបំផុត ដែលពួកគេអាចទិញអាហារ និងគ្រឿងផ្សំបន្ថែម ដោយមិនបាច់ខ្ជះខ្ជាយពេលវេលា។

លោក Zhang Guangchao នាយករងប្រចាំវិទ្យាល័យមួយនេះបាននិយាយថា៖ 

“កាលពីមុន សិស្សទាំងអស់ត្រូវបង្ហាញកាតអាហារដ្ឋាន ទើបអាចទទួលបានអាហាររបស់ពួកគេ ប៉ុន្តែសិស្សមួយចំនួនតែងតែភ្លេចយកកាតមកជាមួយ ឬធ្វើឲ្យបាត់តែម្តង។ ដូច្នេះហើយ ទើបយើងបំពាក់បច្ចេកវិទ្យាស្កេនផ្ទៃមុខ ដែលមានមុខងារថ្មីមួយហៅថា Smart Canteen 3.0”។
បច្ចេកវិទ្យាស្កេនផ្ទៃមុខ ដែលជាមុខងារថ្មីមួយហៅថា Smart Canteen 3.0

វាបានធ្វើឲ្យប្រព័ន្ធគ្រប់គ្រងកាន់តែប្រសើរឡើង ដោយបញ្ចូលទាំងរូបភាព និងលេខកាតរបស់សិស្សតែម្តង ហើយវាក៏ជាវិធីសាស្ត្រដ៏ល្អក្នុងការតាមដានសុខភាពរបស់សិស្សផងដែរ។ 

លោក Zhang បានបញ្ជាក់បន្ថែមថា៖ 

“ឪពុកម្តាយអាចពិនិត្យមើលគណនី WeChat បានជាសាធារណៈ ដើម្បីតាមដានកម្រិតអាហារូបត្ថម្ភរបស់កូនៗពួកគេក្នុងមួយសប្តាហ៍ម្តង។ ដូច្នេះពួកគេអាចដឹងបានថា អាហារូបត្ថម្ភប្រភេទណា ដែលកូនរបស់ពួកគេគួរតែញ៉ាំបន្ថែមទៀត នៅពេលដែលគេទៅផ្ទះវិញ”។

លើសពីនេះ ឧបករណ៍ថ្មីនេះបានធ្វើឲ្យសិស្សទាំងអស់ចំណេញពេលវេលាដល់ទៅ ១០នាទីឯណោះ មានន័យថាពួកគេអាចមានពេលញ៉ាំអាហារបានយូរជាងមុន។

ឧបករណ៍ថ្មីនេះបានធ្វើឲ្យសិស្សទាំងអស់ចំណេញពេលវេលាដល់ទៅ១០នាទីឯណោះ

នៅពេលអនាគត វិទ្យាល័យមួយនេះ ក៏មានគម្រោងដាក់ឲ្យដំណើរការបច្ចេកវិទ្យាស្កេនទម្រង់មុខ ជំនួសឲ្យការកត់វត្តមានសិស្ស ដើម្បីសន្សំពេលវេលា ក៏ដូចជាដើម្បីពង្រឹងគុណភាពនៃការគ្រប់គ្រងថ្នាក់រៀនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]