ទំនាក់ទំនងដែលមានភាពរឹងមាំបំផុត គឺជាទំនាក់ទំនងដែលមនុស្សពីរនាក់អាចបង្ហាញនូវអ្វីដែលជាខ្លួនឯង។ ក៏ប៉ុន្តែការដែលមនុស្សពីរនាក់មានភាពខុសប្លែកគ្នាខ្លាំងពេក វាក៏អាចបង្កើតបានជាបញ្ហានៅក្នុងទំនាក់ទំនងរវាងអ្នក និងដៃគូផងដែរ។ តែការដែលមានបញ្ហានេះ វាមិនមែនកើតឡើងតែមនុស្សពីរនាក់មានភាពខុសគ្នាខ្លាំងនោះទេ សូម្បីតែមនុស្សពីរនាក់ដែលមានភាពដូចគ្នាច្រើន ក៏ចៀសមិនផុតពីបញ្ហានេះផងដែរ។ ដូច្នេះតើចំណុចណាខ្លះដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកមានភាពប្រេះឆា?

១. ភាពខុសគ្នាបន្តិចបន្តួច អាចធ្វើឲ្យមានបញ្ហាធំបាន ប្រសិនបើអ្នកមិនដោះស្រាយ

ចំពោះបញ្ហាទាក់ទងនឹងអារម្មណ៍ វាងាយដោះស្រាយ តែចំពោះបញ្ហាដែលទាក់ទងទៅនឹងជំនឿ  ឫតម្លៃរបស់បុគ្គល ជម្លោះវាមិនងាយដោះស្រាយបាននោះទេ។ ពីព្រោះថា ដៃគូម្ខាងៗជឿជាក់ថាខ្លួនត្រូវ។ ប្រសិនបើមានបញ្ហាបែបនេះកើតឡើង ការទំនាក់ទំនងរវាងដៃគូ នឹងមានការធ្លាក់ចុះជាលំដាប់ដោយសារតែម្នាក់ៗព្យាយាមបង្ហាញថាខ្លួនឯងត្រូវ  ហើយគ្មានអារម្មណ៍ចង់បង្កើតទំនាក់ទំនងនឹងគ្នា។ អ៊ីចឹងបើមានភាពខុសគ្នាកើតឡើង ចូរអ្នកព្យាយាមបើកចិត្តទទួលនូវភាពខុសគ្នាទាំងអស់នោះទៅ ព្រោះមនុស្សយើងមិនអាចដូចគ្នានោះទេ។ ចូរអ្នកកុំចង់ឲ្យមនុស្សម្នាក់ធ្វើអ្វីឲ្យដូចអ្នកចង់បាន។ អ្នកត្រូវគិតពិចារណាខ្លួនឯងថា បើខុសគ្នាតិចតួច ចូរលើកលែងទៅកុំនិយាយនាំតែមានបញ្ហា។

ដោយសារតែអ្នកមិនអាចទទួលយកនូវភាពខុសគ្នា ធ្វើឲ្យអ្នកត្រូវដើរផ្លូវផ្សេងគ្នា

២. ដំណោះស្រាយរបស់អ្នក ធ្វើឲ្យដៃគូរបស់អ្នកស្ថិតក្នុងស្ថានភាពរឹតតែលំបាក

នៅពេលខ្លះអ្នកប្រហែលជាមិនដឹងទេថា ហេតុអ្វីបានជានៅពេលដែលអ្នកនិយាយពីដំណោះស្រាយទៅកាន់ដៃគូរបស់អ្នក ដៃគូអ្នករឹតតែខឹងនឹងអ្នកលើសដើម? អ្នកមិនចាំបាច់ឆ្ងល់ច្រើនទេ រឿងនេះកើតឡើងដោយសារអ្នកមិនបានគិតដល់ថា ពេលខ្លះដំណោះស្រាយដែលអ្នកផ្តល់ទៅវាល្អតែសម្រាប់អ្នកប៉ុណ្ណោះ តែសម្រាប់ដៃគូរបស់អ្នកវិញគឺពិបាកជាងស្លាប់ទៅទៀតក៏មាន។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន និងគិតពិចារណាឲ្យបានល្អិតល្អន់មុននឹងនិយាយទៅកាន់ដៃគូរបស់អ្នក បើមិនដូច្នេះទេ ជីវិតជាដៃគូរបស់អ្នកនឹងត្រូវឃ្លាតឆ្ងាយហើយ។

អ្នកគិតថាដំណោះស្រាយរបស់អ្នកល្អ តែដៃគូរបស់អ្នកត្រូវឈឺចាប់

៣. ភាពចង់ឈ្នះ

មនុស្សមួយចំនួនអាចគិតថា នៅពេលមានជម្លោះជាមួយគ្នា  អ្នកទៅនិយាយរកគេមុន វាធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលអន់ ប៉ុន្តែតាមពិតទៅវាមិនមែនដូច្នោះទេ។ ដៃគូដែលមានជម្លោះជាមួយគ្នា គឺតែងតែចង់ឲ្យដៃគូម្ខាងទៀតមកនិយាយរកមុន ដើម្បីដោះស្រាយគ្នាដោយសន្តិវិធី។ អ្នកសាកស្រមៃបន្តិចទៅមើល៍ថា តើអ្នកអាចដោះស្រាយបញ្ហាបានទេប្រសិនបើអ្នកមិននិយាយជាមួយគ្នា?  ហើយដោះស្រាយតាមរបៀបណាទៅ? ប្រសិនបើមានរឿងបែបនេះកើតឡើង អ្នកឆាប់ដោះស្រាយភ្លាមទៅ ដោយសារដៃគូរបស់អ្នកនឹងមានអារម្មណ៍ថាហត់នឿយខ្លាំង និងពិបាកចិត្ត ដោយសារតែអ្វីដែលគាត់បានរំពឹងទុកពីដៃគូរបស់គាត់ គឺវាផ្ទុយគ្នាស្រលះ។ សាកយកចំនុចនេះដាក់ក្នុងចិត្តអ្នកបន្តិចទៅមើល៍ថា តើពេលដែលអ្នកមានបញ្ហាជាមួយនឹងដៃគូរបស់អ្នក តើអ្នកធ្លាប់អង្គុយរង់ចាំសារ ពីដៃគូម្ខាងទៀតដែរឬទេ? នេះបង្ហាញឲ្យឃើញថា នៅពេលដែលមានបញ្ហា មនុស្សពីរនាក់តែងតែរង់ចាំគ្នាទៅវិញទៅមក។ 

ការចង់ឈ្នះ

៤. អ្នកសម្របខ្លួនខ្លាំងពេក

នៅពេលដែលមនុស្សពីរនាក់ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា ពួកគាត់ម្ខាងៗតែងតែព្យាយាមធ្វើឲ្យចំនុចខុសគ្នាជាមួយដៃគូមានកាន់តែតិច ដើម្បីឲ្យដៃគូរបស់ខ្លួនចូលចិត្ត ដូចជាការបោះបង់ចោលនូវចំនង់ចំណូលចិត្តរបស់ខ្លួនជាដើម។ តាមពិតទៅការដែលសម្របខ្លួនដើម្បីធ្វើឲ្យមានការពេញចិត្តពីដៃគូម្ខាងៗគឺវាល្អហើយ តែប្រសិនបើការសម្របខ្លួនរបស់អ្នកច្រើនលើសពីដៃគូម្ខាងទៀតរបស់អ្នកបានធ្វើ នោះអ្នកនឹងមានអារម្មណ៍ថាហត់នឿយ និងមិនសប្បាយចិត្ត ដោយសារចិត្តមួយគិតថាខ្លួនឯងបានធ្វើលើសលប់ខ្លាំងពេក។ ដូច្នេះដើម្បីគេចចេញពីបញ្ហានេះ ចូរអ្នកសម្របខ្លួនឲ្យសមល្មមបានហើយ កុំបោះបង់ចោលនូវអ្វីដែលខ្លួនពេញចិត្តខ្លាំងពេក។ 

នៅពេលដែលអ្នកសម្របខ្លួនខ្លាំងពេក អ្នកនិងហត់ហើយដើរចេញ

៥. ការលះបង់ខ្លាំងពេក

នៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ គឺចៀសមិនផុតពីការលះបង់នោះទេ ពេលខ្លះក៏លះបង់ពេលវេលាដើម្បីកំដរដៃគូរបស់ខ្លួន  ពេលខ្លះក៏លះបង់នូវទម្លាប់របស់ខ្លួនដើម្បីឲ្យដៃគូម្ខាងទៀតពេញចិត្ត។  អ្នកសាកស្រមៃបន្តិចទៅមើល៍ថា នៅពេលដែលអ្នកលះបង់តើអ្នកសប្បាយចិត្តទេ? ហើយធ្វើឲ្យអ្នកបានប្រសើរទេ?  ជាការពិតណាស់ ប្រសិនបើការលះបង់របស់អ្នក ធ្វើឲ្យអ្នកនិងដៃគូអ្នកសប្បាយចិត្ត ចូរអ្នកធ្វើវាចុះ តែប្រសិនបើការលះបង់ដែលធ្វើឲ្យដៃគូរបស់អ្នកសប្បាយចិត្ត តែអ្នកកើតទុកខ្លួនឯងទៅវិញនោះ គឺជាសញ្ញាមួយបញ្ជាក់ថា ទំនាក់ទំនងរបស់អ្នកកំពុងដើរទៅរកបញ្ហាហើយ។  ម្យ៉ាងវិញទៀតបើការលះបង់នូវទម្លាប់អាក្រក់ឲ្យទៅជាល្អដើម្បីឲ្យត្រូវនឹងអ្វីដែលដៃគូរបស់អ្នកចូលចិត្ត ចូរអ្នកធ្វើចុះ ព្រោះវាធ្វើឲ្យអ្នកក៏ល្អ ទំនាក់ទំនងអ្នកក៏ល្អ តែប្រសិនបើការលះបង់ទម្លាប់ល្អទៅជាអាក្រក់ ចូរអ្នកកុំធ្វើបែបនេះអី។ បើអ៊ីចឹងចូរអ្នកកុំលះបង់ខ្លាំងពេកដែលហួសពីអ្វីដែលអ្វីអាចធ្វើបាន៕ 

ការលះបង់របស់អ្នកធ្វើឲ្យអ្នកត្រូវលំបាកខ្លួនឯង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]