ចិន៖ សម្រាប់មនុស្សធម្មតា  ការទៅមើលកុនប្រហែលជាមានន័យថា ការអង្គុយក្នុងរោងភាពយន្តដ៏ងងឹត ដើម្បីស្តាប់ និងទស្សនារឿងដែលគេកំពុងបញ្ចាំងនៅលើអេក្រង់ដ៏ធំ។ សម្រាប់មនុស្សពិការភ្នែកវិញ តើពួកគេអាចមើលកុនដោយរបៀបណា?

លោក Wang Weili មានតួនាទីជា «អ្នកនិទានរឿងកុន» សម្រាប់មនុស្សពិការភ្នែក នៅឯរោងភាពយន្ត Xinmu

លោក Wang Weili មានតួនាទីជា «អ្នកនិទានរឿងកុន» សម្រាប់មនុស្សពិការភ្នែក នៅឯរោងភាពយន្ត Xinmu នាទីក្រុងប៉េកាំង។ រៀងរាល់ថ្ងៃចុងសប្តាហ៍ ជនពិការភ្នែកជាច្រើន តែងតែទៅជួបជុំគ្នានៅរោងភាពយន្តនោះ ដើម្បីស្តាប់សម្លេងចេញពីក្នុងកុន និងស្តាប់ការនិទានរបស់លោក Wang Weili ក្នុងពេលតែមួយតែម្តង។

លោក Wang Weili បានចាប់ផ្តើមការងារនេះដំបូង នៅក្នុងឆ្នាំ២០០៤ ហើយកាលនោះ លោកមានភ្ញៀវតែម្នាក់ប៉ុណ្ណោះ។ លោកបាននិយាយថា៖

“ភ្ញៀវម្នាក់នោះបានប្រាប់ខ្ញុំថា នៅពេលដែលខ្ញុំកំពុងនិទានរឿង គេអាចស្តាប់ខ្ញុំបណ្តើរ និងស្រមៃរូបភាពបណ្តើរ។ វាប្រៀបដូចជាគេអាចមើលឃើញរូបភាពពិតៗយ៉ាងអ៊ីចឹង។”
រៀងរាល់ថ្ងៃចុងសប្តាហ៍ ជនពិការភ្នែកជាច្រើន តែងតែទៅជួបជុំគ្នានៅរោងភាពយន្តនោះ

ចាប់ពីពេលនោះមកលោក Wang Weili បានចាប់ផ្តើមមានទំនាក់ទំនងល្អជាមួយភ្ញៀវជាច្រើន ដែលសុទ្ធសឹងតែជាជនពិការភ្នែក។

ពីមួយថ្ងៃទៅមួយថ្ងៃ លោក Wang Weili បានព្យាយាមនិទាន និងពន្យល់រូបភាពទាំងនោះទៅកាន់អ្នកពិការភ្នែក តាមរបៀបដែលពួកគេអាចយល់បាន។

ពីមួយថ្ងៃទៅមួយថ្ងៃ លោក Wang Weili បានព្យាយាមនិទាន និងពន្យល់រូបភាពទាំងនោះ តាមរបៀបដែលពួកគេអាចយល់បាន

លោក Wang Weili បាននិយាយថា៖ 

“ខ្ញុំប្រាប់ពួកគេអំពីតួអង្គនីមួយៗ ទឹកមុខ ឈុតឆាកក្នុងរឿង ទំនាក់ទំនងរបស់តួអង្គនីមួយៗ និងការផ្លាស់ប្តូរទីតាំងរបស់កាមេរ៉ា។ ដូច្នេះពួកគេអាចស្រមៃដឹងថា ហេតុការណ៍បែបណាដែលកំពុងកើតឡើងនៅក្នុងរឿងនោះ”។

ការប្រឹងប្រែងរបស់លោក Wang Weili ប្រហែលមិនមែនជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់មនុស្សទូទៅនោះទេ ប៉ុន្តែវាមានន័យយ៉ាងធំធេងសម្រាប់ជនពិការភ្នែក រហូតដល់អ្នកខ្លះបានមកមើកកុននៅទីនោះរៀងរាល់ចុងសប្តាហ៍តែម្តង ហើយអ្នកខ្លះទៀតមានអារម្មណ៍ថា លោក Wang Weili បានជួយឲ្យពួកគេចូលទៅកាន់ពិភពលោកថ្មីមួយទៀតផង។

ការប្រឹងប្រែងរបស់លោក Wang Weili មានន័យយ៉ាងធំធេងសម្រាប់ជនពិការភ្នែក

អរគុណជាខ្លាំងដល់លោក Wang Weili សម្រាប់ការតស៊ូរបស់លោក។ រហូតមកដល់ពេលនេះ មានរឿងជាច្រើនត្រូវបានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត Xinmu ហើយក៏មានអ្នកស្ម័គ្រចិត្តជាច្រើន បានមកស្ម័គ្រចិត្តបម្រើការងារនៅទីនោះផងដែរ។ ក្រៅពីនេះ ពួកគេក៏បានចាប់ផ្តើមធ្វើការថតសម្លេងទុក ដើម្បីជំនួសឲ្យការនិយាយផ្ទាល់មាត់ និងដើម្បីឲ្យជនពិការភ្នែកកាន់តែច្រើន បានទទួលបទពិសោធន៍ដ៏រំភើបនេះ។

បច្ចុប្បន្នការនិទានរឿងបែបនេះ ត្រូវបានណែនាំទៅកាន់សាលាសម្រាប់ជនពិការភ្នែកជាច្រើននៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសចិន ដើម្បីឲ្យកុមារពិការភ្នែកទាំងនោះ អាចទទួលបានអារម្មណ៍ដ៏ពិសេស ប្រៀបដូចជាការចូលទៅកាន់ពិភពលោកថ្មីមួយទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

រហូតមកដល់ពេលនេះ មានរឿងជាច្រើនត្រូវបានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត Xinmu
ការនិទានរឿងបែបនេះ ត្រូវបាននែនាំទៅកាន់សាលាសម្រាប់ជនពិការភ្នែកជាច្រើននៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]