អាមេរិក៖ រឿងរ៉ាវគួរឲ្យត្រេកអរ និងនឹកស្មានមិនដល់មួយបានកើតឡើងចំពោះបុរសវ័យចំណាស់សញ្ជាតិអាមេរិកម្នាក់ ដែលលោកទទួលបានប្រាក់រង្វាន់ប្រមាណ ២៤លានដុល្លារ ក្រោយពេលឃើញសន្លឹកឆ្នោតរង្វាន់នៅក្នុងហោប៉ាវអាវចាស់មួយ ដែលលោកខានបានពាក់វាជិតមួយឆ្នាំទៅហើយ។

គួរបញ្ជាក់ថា កាលពីឆ្នាំទៅ លោក Jimmie Smith វ័យ ៦៨ ឆ្នាំ បានជាវសន្លឹកឆ្នោតផ្សងសំណាងមួយសន្លឹក ពីក្រុមហ៊ុនឆ្នោតអាមេរិកដ៏ល្បីឈ្មោះមួយ ដែលគេស្គាល់ថា New York Lottery។ ជាក់ស្តែងនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនឆ្នោតផ្សងសំណាងមួយនេះ បានប្រកាសលេខដែលត្រូវរង្វាន់ ដែលមានលេខ 05 - 12 - 13 - 22 - 25 – 35។

តាមលក្ខខន្តិកៈ សន្លឹកឆ្នោតផ្សងសំណាងគឺមានសុពលភាពត្រឹមរយៈមួយឆ្នាំតែប៉ុណ្ណោះ ដែលមានន័យថាសន្លឹកឆ្នោតណាដែលយកមកប្តូរហួសថ្ងៃកំណត់ នឹងក្លាយជាអាសារបង់។

រយៈពេលជាច្រើនខែដែលមិនទាន់រកឃើញម្ចាស់ឆ្នោត ក្រុមហ៊ុន New York Lottery បានសម្រេចចិត្តប្រកាសដាស់តឿន ឲ្យអ្នកទិញសន្លឹកឆ្នោតទាំងអស់មេត្តាជួយឆែកហោប៉ៅរបស់ខ្លួន មើលក្រោមពូក ឫសាឡុង ក្រែងបានត្រូវរង្វាន់។

ក្រុមហ៊ុនឆ្នោត New York Lottery ដាស់តឿនឲ្យមកបើករង្វាន់មុនថ្ងៃកំណត់

នៅសុខមិនសុខ លោក Smith ដែលត្រូវជាបុគ្គលិកសន្តិសុខចូលនិវត្តន៍ បានតាមដានឃើញព័ត៌មាន អំពីការប្រកាសស្វែងរកម្ចាស់សន្លឹកឆ្នោតរង្វាន់។ ភ្លាមៗនោះលោកក៏មានចិត្តចង់ឆែកហោប៉ាអាវចាស់ៗដែលលោកខានពាក់ ក្រែងលមានភ័ព្វសំណាងក្លាយជាសេដ្ឋីដូចគេដូចឯង។ មួយរំពេចនោះ លោកក៏ប្រទេះឃើញសន្លឹកឆ្នោតដែលខ្ទក់ក្នុងហោប៉ាវអាវចាស់មួយ។

ពេលឃើញលេខដែលមានក្នុងសន្លឹកឆ្នោតនោះ មើលទៅដូចជាប្រហាក់ប្រហែលនឹងលេខឆ្នោតសំណាង ដែលត្រូវបានគេប្រកាស លោកស្រាប់តែភ្ញាក់ខ្លួនព្រឺតតែម្តង។ បុរសចំណាស់រូបនេះឈរទ្រឹងសម្លឹងទៅក្រៅបង្អួច រួចសួរខ្លួនឯង តើលោកកំពុងស្រមៃ ឬយ៉ាងណា តើសន្លឹកឆ្នោតនេះជាអ្វីតែគេកំពុងតែស្វែងរកមែនឬ?

គួរឲ្យដឹងថា ក្រុមហ៊ុនឆ្នោតបានយល់ព្រមធ្វើការបើករង្វាន់ឲ្យលោក Smith ព្រោះលោកបានយកវាទៅប្តូរបានទាន់ពេលវេលា ពោលគឺពីរថ្ងៃមុនថ្ងៃផុតកំណត់ ហើយប្រសិនបើលោកមកយឺតត្រឹមរយៈតែពីរថ្ងៃដែលបានបញ្ជាក់យ៉ាងដូច្នេះ លោកច្បាស់នឹងកើតទុក្ខសោកស្តាយឱកាសក្លាយជាសេដ្ឋីមួយនេះជាក់ជាពុំខាន៕

រូបភាព៖ លោក Jimmie Smith ឈ្នះឆ្នោត ២៤ លានដុល្លារអាមេរិក
រូបភាព៖ Logo ក្រុមហ៊ុនឆ្នោត New York Lottery

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]