រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ពណ៌ស្ករមួយគ្រឿង បើកបរដោយយុវជនស្ទាវស្រវឹងធ្លាក់ភ្នែក បានចងកំហឹងនឹងដើមគគីរមុខនាឡិការ មណីយដ្ឋានវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ វិច្ឆិកា ២០១២ បណ្តាលឱ្យមនុស្ស៤នាក់ រងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករ បើកក្នុងល្បឿនលឿន លើកំណាត់មហាវិថីព្រះនរោត្តម  ឆ្ពោះទៅទិសខាងជើង (រមណីយដ្ឋានវត្តភ្នំ) លុះដល់រមណីយដ្ឋានវត្តភ្នំ ចំណុចមុខនាឡិការថយន្តបានចាក់កួរ ស្រាប់តែជ្រុលចង្កូតឡើងលើចិញ្ចើមផ្លូវ រួចបុកដើមគគីរមួយដើមពេញ ទំហឹងលាន់ដូចរន្ទះហ៊ុយផ្សែងទ្រលោម ។

បន្ទាប់ពីចងកំហឹងនឹងដើមគគីររថយន្ត ទៅមុខលែងរួច គេឃើញក្រុមយុវជនស្ទាវ៣នាក់រងរបួស ក្នុងនោះម្នាក់ជាអ្នក បើកបរសន្លប់ និងមានឈាមហូរលើផ្ទៃមុខ ហើយនារីស្រស់ស្អាតម្នាក់រងរបួស ស្រាលបាននាំគ្នាបើកទ្វាររថយន្តចេញ មកខាងក្រៅដែលស្ថិតក្នុងសភាពស្រវឹង។ ជាមួយគ្នានេះ យុវជនម្នាក់ជួបសំណាងល្អមិនមានរ ងរបួសបានទូរស័ព្ទហៅមិត្តភក្តិយករថយន្តម៉ាករ៉េវហ្វ័រ ពណ៌ទឹកប្រាក់ មកទទួលពួកគេទៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងនោះមានតែអ្នកបើករថយន្តម្នាក់ប៉ុណ្ណោះ ដែលរងរបួសធ្ងន់ជាងគេ ។ដោយឡែក យុវជនដែលមិនមានរងរបួសបានព្យាយាម ដោះស្លាកលេខរថយន្តមុខក្រោយចេញផងដែរ ។ ទោះបីបែបណា អ្នកឃើញហេតុការណ៍នៅវត្តភ្នំបានប្រាប់ថា ក្រុមយុវជនទាំងនោះមានខ្លះជាពិធីករ និងជាតារា ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]