រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលស្វិតជើងទាំងពីរ ខណៈជិះម៉ូតូឌុបជាមួយក្មួយស្រីត្រឡប់ ទៅផ្ទះវិញ បានត្រូវជនសង្ស័យ៤នាក់ ជិះម៉ូតូ២ គ្រឿងកៀបសងខាង បណ្ដាលឱ្យទាក់ដៃចង្កួតដួល រួចស្ទុះទៅឆក់យកខ្សែក តែប្រវាយប្រតប់គ្នាបានតែទំពក់ ហើយក៏គេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៥៥នាទីយប់ថ្ងៃទី៣០ តុលា មុខវិទ្យាស្ថានវាន់ដាគណនេយ្យ តាមមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

បើតាមអ្នករត់ម៉ូតឌុបឈ្មោះអេង ភារ៉ុន អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  មានស្រុកកំណើតនៅភូមិពោធិ៍ធំ ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង  ឱ្យដឹងថា ជារៀងរាល់យប់គាត់តែងតែដឹកម៉ូយជា ស្ត្រីស្វិតជើងទាំងពីរនេះដែលជាអាជីវករ គប់ប៉េងប៉ោងនៅកោះពេជ្រត្រឡប់ មកផ្ទះវិញនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នៅយប់កើតហេតុគាត់បានដឹកស្រ្តីស្វិតជើងនោះ ដែលមានពាក់ខ្សែកប្លាទីនមួយខ្សែ ទម្ងន់ប្រមាណ៤ជី និងជាអ្នកអង្គុយកណ្ដាល ដោយមានក្មួយស្រីម្នាក់ទៀតអង្គុយខាងក្រោយ ធ្វើដំណើរតាមមហាវិថីម៉ៅសេទុង។

ប្រភពដដែលបន្តទៀតថា ខណៈមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូូតូពីរគ្រឿងគឺមួយគ្រឿងម៉ាកស្គូពី ពណ៌ក្រហម និងមួយគ្រឿងទៀតម៉ាកសេ១២៥ ធ្វើដំណើរស្របទិសគ្នាមកកៀបម៉ូតូសង់កូរ៉េបណ្ដាលឱ្យទាក់ដៃចង្កូតគ្នាធ្វើឱ្យម៉ូតូគាត់ដួលសង្កត់លើម៉ូតូស្គូពី ។ ភ្លាមនោះស្រាប់តែជនសង្ស័យដែលដួលម៉ូតូនោះស្ទុះក្រោកឆក់ខ្សែកពីស្ត្រីស្វិតជើង ។

ក្នុងហេតុការណ៍នេះ នាងជាក្មួយស្រីក៏បានប្រវាយប្រតប់ជាមួយជនសង្ស័យដណ្ដើមបានខ្សែកមកវិញ ចំណែកជនសង្ស័យឆក់បានតែទំពក់ប៉ុណ្ណោះ ស្របពេលនោះមានរថយន្តមួយគ្រឿងបើកមកពីខាងមុខធ្វើឱ្យជនសង្ស័យប្រញាប់ឡើងជិះម៉ូតូរត់គេចបាត់អស់ទៅ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]