ក្រុងប៉ោយប៉ែត ៖ មនុស្ស៣នាក់បានត្រូវប៉េអឹមក្រុង ប៉ោយប៉ែតឃាត់ខ្លួន ក្រោយពីផ្ទុះហិង្សាវាយកាប់ចាក់គ្នា ព្រោះតែជម្លោះពាក្យសម្តីខឹងរឿងឱ្យ«អាចម៍» ដែលករណីនេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ តុលា នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។ ជនទាំង៣នាក់នេះរួមមាន ១- ឈ្មោះ ឡន ឈិនឡុង ហៅ ក្លុង ភេទប្រុស អាយុ២១ឆ្នាំ  ២- ឈ្មោះ ថេង ធា ភេទប្រុស អាយុ៣២ឆ្នាំ និង៣- ឈ្មោះ ថេង ប៉ាថុង ភេទប្រុស អាយុ១៥ឆ្នាំ ។ អ្នកទាំង៣នាក់រស់នៅក្នុងភូមិកើតហេតុខាងលើ ហើយឈ្មោះ ថេង ធា និងឈ្មោះ ថេង ប៉ាថុង គឺជាឪពុកកូននឹងគ្នា ។

តាមមន្ត្រីប៉េអឹមក្រុងប៉ោយប៉ែតប្រាប់ថា មុនពេលឃាត់ខ្លួនគឺសមត្ថកិច្ច បានទទួលព័ត៌មានតាមទូរស័ព្ទពីអ្នក ស្រុករាយការណ៍ថា ពួកគេបានវាយតប់និងកាប់ចាក់គ្នា ។ លុះពេលកងកម្លាំងចុះទៅដល់ចំណុច កើតហេតុដែលជាផ្ទះរបស់ឈ្មោះ ថេង ធា និងឈ្មោះ ថេង ប៉ាថុង ក៏ឃើញឈ្មោះ ឡន ឈិនឡុង សន្លប់ស្តូកស្តឹង ហើយពេលធ្វើការសួរនាំដឹងថា ពួកគេឈ្លោះគ្នា ក៏ឃាត់ខ្លួនទាំង៣នាក់តែម្តង ។ ខណៈធ្វើការសួរនាំបានដឹងថា មុនហេតុការណ៍ផ្ទុះជម្លោះនោះគឺ នៅវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី ២៨ តុលា ឈ្មោះ ថេង ប៉ាថុង បានជិះម៉ូតូដើរលេង លុះដល់មុខផ្សាររ៉ាក៏បានជួបឈ្មោះ ឡន ឈិនឡុង ហៅ  ក្លុង និងឈ្មោះ ពូជ អាយុប្រហែល១៩ឆ្នាំ (ឈ្មោះ ពូជ ជាបងជីដូនមួយរបស់ឈ្មោះ ថេង ប៉ាថុង ) ចំណែកឯឈ្មោះ ឡន ឈិនឡុង ជាមិត្តភក្តិរបស់ឈ្មោះ ពូជ ។

មន្ត្រីប៉េអឹមបានបន្តទៀតថា ពេលនោះឈ្មោះ ពូជ បានទះឈ្មោះ ថេង ប៉ាថុង មួយកំផ្លៀង ហើយឈ្មោះ ឡន ឈិនឡុង ក៏ចូលទៅឃាត់កុំឱ្យភាគីទាំង២គឺឈ្មោះ ពូជ និងថេង ប៉ាថុង ឈ្លោះគ្នា ។ ស្របពេលនោះដែរ បុរសឈ្មោះ អ៊ុក សារិន អាយុ៥០ឆ្នាំ ត្រូវជាជីតារបស់ឈ្មោះ ថេង ប៉ាថុង និងឈ្មោះ ពូជ ជិះម៉ូតូមកទាន់ ក៏ណែនាំពួកគេកុំឱ្យឈ្លោះគ្នា និងបានស្តីបន្ទោសឈ្មោះ ឡន ឈិនឡុងថា «កុំឱ្យចេះដឹងរឿងបងប្អូនគេ»។ ពេលនោះឈ្មោះ ឡន ឈិនឡុង ក៏ខឹងសម្បានឹងឈ្មោះ អ៊ុក សារិន ។ បន្ទាប់ពីបែកគ្នាមួយសន្ទុះ ឈ្មោះ ឡន ឈិនឡុង ក៏ផឹកស្រាស្រវឹងរួចដើរទៅផ្ទះឈ្មោះ ថេង ប៉ាថុង សួររកឈ្មោះ អ៊ុក សារិន ត្រូវជាជីតារបស់ឈ្មោះ ថេង ប៉ាថុង និងឈ្មោះ ពូជ ដែលស្តីបន្ទោសឱ្យខ្លួនកាលពីព្រលប់ ។ ពេលផឹកស្រាស្រវឹង ហើយទៅរករឿងគេនោះគឺឈ្មោះ ឡន ឈិនឡុង មិនបានជួបឈ្មោះ អ៊ុក សារិន ទេគឺបានជួបឈ្មោះ ថេង ធា អាយុ៣២ឆ្នាំ ជាឪពុករបស់ឈ្មោះ ថេង ប៉ាថុង និងបាននិយាយថា បើជួបឈ្មោះ អ៊ុក សារិន ពេលណាគេនឹងកាប់់ភ្លាម ។

ប្រភពព័ត៌មានដដែលបន្តថា ពេលឮយ៉ាងដូច្នេះឈ្មោះ ថេង ធា ក៏និយាយថា ទៅផ្ទះដេកទៅបើស្រវឹងហើយនោះ និងនិយាយថា «មិនអាចម៍ទេ» ។ ភ្លាមនោះឈ្មោះ ឡន ឈិនឡុង ក៏ច្រានទ្រូងដោយប្រកាន់ពាក្យ«ឱ្យអាចម៍» មិនតែប៉ុណ្ណោះ ថែមទាំងទាញកាំបិតចុងស្រួចពីចង្កេះប្រុងចាក់ឈ្មោះ ថេង ធាទៀត ប៉ុន្តែត្រូវឈ្មោះ ថេង ធា វាយមួយកៅអីឈើមុនចំស្មាឆ្វេង បន្ទាប់មកក៏ក្លាយជាការប្រវាយប្រតប់គ្នា ។

ក្នុងហេតុការណ៍នោះឈ្មោះ ឡន ឈិនឡុង បានចាក់ឈ្មោះ ថេង ធា ត្រូវមួយកាំបិតចំគល់ដោះខាងឆ្វេង តែរបួសស្រាល ហើយឈ្មោះ ថេង ប៉ាថុង ដោយខ្លាចឈ្មោះ ឡន ឈិនឡុង ចាក់ឪពុកខ្លួន ក៏ទាញប៉ែលសម្រាប់ចូកខ្សាច់វាយពីក្រោយទៅលើឈ្មោះ ឡន ឈិនឡុង ចំនួនមួយប៉ែលត្រូវចំក្បាលពីខាងលើបណ្តាលឱ្យបែកដួលសន្លប់នៅនឹងកន្លែង ។លោកមេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែតឱ្យដឹងថា ជនទាំង៣នាក់និងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]