សៀមរាប ៖ ប្អូនស្រីនាយកទូរទស្សន៍ខ្សែកាប្លិ៍ នៅខេត្ដសៀមរាបមួយរូប ត្រូវបានគេអះអាងថា  បានចាកចេញពីផ្ទះ រត់តាមប្រុស ចោលប្ដី ចោលកូន នៅក្នុងថ្ងៃខួប កំណើតកូនរបស់ខ្លួនតែម្ដង ហើយកន្លះខែ ក្រោយមក ទើបសមត្ថកិច្ចរកឃើញ ទៅតាមពាក្យបណ្ដឹង របស់ក្រុមគ្រួសារ ដែលបានប្ដឹងចោទប្រកាន់ថា មានគេ ចាប់បង្ខាំង។ ប៉ុន្ដែខណៈដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមនុស្សមួយក្រុមខាងលើនេះ ពីបទចាប់បង្ខាំង មនុស្សនោះ ស្រាប់តែនៅកន្លែងសមត្ថកិច្ច ស្ដ្រីរងគ្រោះ បានធ្វើការអះអាងថា រូបនាងគ្មានអ្នកណាបង្ខំ អ្នកណាបង្ខាំងនោះទេ គឺខ្លួនស្ម័គ្រចិត្ដរត់ទៅនៅជាមួយបុរសខាងលើនេះ ។

ហេតុការណ៍ឃាត់ខ្លួនមនុស្សចំនួន ៥នាក់ បន្ទាប់ពីសមត្ថកិច្ច ទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារ នារីរងគ្រោះរួចមកនោះ គឺបានប្រព្រឹត្ដទៅកាលពីវេលាម៉ោង ៤និង៤៥នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ នៅក្នុងភូមិគ្រឹះសាគូរ៉ា ដែលមានទីតាំងនៅផ្ទះលេខ ២២២ ,២២៣  ស្ថិតនៅក្នុងភូមិវត្ដបូរណ៍ សង្កាត់ សាលាកម្រើក ក្រុងសៀមរាប ខេត្ដសៀមរាប ក្រោមការដឹកនាំបញ្ជាដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដសៀមរាប សំរិទ្ធ សុខុន និងចូលរួមដោយ កម្លាំងសមត្ថកិច្ច នគរបាលខេត្ដសៀមរាបផងដែរ។

នៅក្នុងការចុះឆែកឆេរ និងឃាត់ខ្លួនខាងលើនេះ គេបានរកឃើញមានមនុស្សចំនួន ៥នាក់ ដែលក្នុងនោះរួមមាន ទី១ ឈ្មោះ ដូ សុខលី ភេទប្រុស អាយុ ៣២ឆ្នាំ រស់ នៅភូមិត្រញំងសេះ សង្កាត់គោកចក ក្រុងសៀមរាប, ទី២ ឈ្មោះ កែវ ពុធបញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប, ទី៣ ឈ្មោះ តាប់ មេត្ដា ហៅ លី គឹមហុង ហៅ ម៉ាប់ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប, ទី៤ ឈ្មោះ ប៉ោ លក្ខិណា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទី៥ ឈ្មោះ សាំង ម៉ាលីកា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយត្រូវជាប្អូននាយកទូរទស្សន៍ខ្សែកាប្លិ៍ រស្មីស្ដារ ដែលនៅក្នុងបណ្ដឹង ត្រូវបាន ក្រុមគ្រួសារអះអាងថា ជាជនរងគ្រោះត្រូវ គេចាប់បង្ខាំង ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកវរសេនីយ៍ត្រី អ៊ូ សុផល អនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដបានឱ្យដឹងថា ដើមចមធ្វើឱ្យមានការស៊ើប អង្កេត និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំង ៥នាក់ ខាងលើនេះ គឺកាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ ដែលត្រូវ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌនោះ ស្ដ្រីឈ្មោះ សាំង ម៉ាលីកា បានរត់ចាកចេញពីផ្ទះចោលប្ដីនិងកូនចំនួន ២នាក់ ដែលកូនម្នាក់ ទើបមានអាយុ ៤ខែប៉ុណ្ណោះ ទៅតាមបុរសម្នាក់ឈ្មោះ តាប់ មេត្ដា ខណៈថ្ងៃនោះ ក្រុម គ្រួសាររបស់នាង ក៏មាន រៀបចំពិធីបុណ្យខួបកំណើតកូនផងដែរ ។

លោកអ៊ូ សុផល បានឱ្យដឹងបន្ថែមទៀតថា ក្រោយទទួលពាក្យបណ្ដឹង ខាងលោកបានធ្វើការស៊ើបអង្កេត តែពួកគេ បានធ្វើការផ្លាស់ប្ដូរទីកន្លែងស្នាក់នៅ ពីមួយកន្លែង ទៅមួយកន្លែង ដោយមុនដំបូងពួកគេរស់នៅផ្ទះជួលឯស្រុកពួក ហើយក្រោយមក មកស្នាក់នៅផ្ទះសំណាក់ និក ដែលមានទីតាំងនៅមុខក្លឹបខារ៉ាអូខេ ញូស្ដារ ហើយក្រោយមក ទៀត ក៏បានមកនៅភូមិគ្រឹះ សាគូរ៉ា ខាងលើនេះ ទើបត្រូវបានសមត្ថកិច្ចចុះចាប់តែម្ដង។

លោក អ៊ូ សុផល បានលើកឡើងថា យោងតាមពាក្យបណ្ដឹងរបស់ម្ដាយ សាំង ម៉ាលីកា បានប្ដឹងចោទឈ្មោះ  តាប់ មេត្ដា ពីបទបង្ខាំងមនុស្សខុសច្បាប់ តែពេល សមត្ថកិច្ចចុះចាប់ខ្លួន ក៏រកឃើញមានបទល្មើស២បន្ថែមទៀត គឺការ ប្រើប្រាស់គ្រឿងញៀន និងលាក់ទុកអាវុធខុសច្បាប់ (ដាវស៊ាំម៉ូរ៉ៃ) ។ ក្នុងពេលចាប់ខ្លួន សមត្ថកិច្ច ក៏ដកហូតបាន រថយន្ដម៉ាកកាមរីចង្កូតឆ្វេង ស៊េរីឆ្នាំ៩៥ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ សៀមរាប ២អា ០៨៦១ និងម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅមួយគ្រឿង ដាវស៊ាំម៉ូរ៉ៃ១ វិទ្យុទាក់ទង ទូរស័ព្ទ និងប្រាក់ រៀល ប្រាក់ដុល្លារមួយចំនួនទៀត។

លោក អ៊ូ សុផល បានអះអាងថា ជនទាំងអស់នឹងត្រូវបញ្ជូនទៅតុលាការ បន្ទាប់ពីធ្វើការសាកសួររួចរាល់ ដោយ ចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ បទប្រើប្រាស់និងជួញដូរថ្នាំញៀន និងបទសន្ធិធិអាវុធខុសច្បាប់។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ម្សិលមិញ នៅកន្លែងឃុំឃាំងរបស់នគរបាល ឈ្មោះ សាំង ម៉ាលីកា បាននិយាយប្រាប់អ្នកកាសែត ដែលចុះទៅយកព័ត៌មានថា មិនមានអ្នកណាចាប់បង្ខំ ហើយបង្ខាំង រូបនាងនោះទេ គឺនាងសម្រេចចិត្ដរត់តាមបុរសឈ្មោះ តាប់ មេត្ដា ដោយខ្លួនឯង ពីព្រោះនៅថ្ងៃខួបកំណើតកូន គឺ ថ្ងៃទី១៥ ខែតុលា ប្ដីរបស់នាង បានវាយតប់នាង ដោយសារតែភ្លើងប្រច័ណ្ឌ។

នាងបានបញ្ជាក់ថា ទង្វើមិនអាចឱ្យនាងរស់នៅជាមួយបាន ទើបបង្ខំឱ្យរូបនាងរត់តាមគេ ចោលកូនដែលទើបតែមានអាយុ ៤ខែ យ៉ាងដូច្នេះ។

ទោះបីជានាងអះអាងយ៉ាងដូច្នេះក៏ដោយ ក៏ភាគីក្រុមគ្រួសារនៅតែធ្វើការចោទប្រកាន់ដដែល ហើយរឿងរ៉ាវខាង លើនេះយ៉ាងណានោះ គឺគេអាចនឹងដឹង ខណៈបញ្ជូនទៅដល់តុលាការ ធ្វើការសាកសួរ ថាតើរឿងហេតុពិតប្រាកដ ផ្ដើមចេញពីអ្វី ជារឿងបង្ខាំងមនុស្សពិតប្រាកដ ឬក៏ជារឿងការរស់នៅស្រុះស្រួលគ្នា តាមការស្ម័គ្រចិត្ដ៕

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]