ប្រសិនបើអ្នកគឺជាអ្នកដែលចូលចិត្តទំនាក់ទំនងជាមួយនឹងមជ្ឃដ្នានមនុស្សនៅជុំវិញខ្លួន  អ្នកប្រហែលជាបានយល់ខ្លះៗហើយថា នៅក្នុងការទំនាក់ទំនង តើការចង់បានការទុកចិត្តគឺវាពិបាកប៉ុណ្ណា ​មិនមែនសុខៗគេទុកចិត្តយើងនោះទេ។

មិនសម្រាប់តែអ្នកតូចអ្នកធំនោះទេដែលត្រូវការទុកចិត្តគ្នានោះ សូម្បីយើងជាមួយនឹងមិត្តភក្តិរបស់យើងក៏ត្រូវការ ការទុកចិត្តជាមុនសិនដែរ មុននឹងឈានទៅដល់ការសេពគប់គ្នាបាន។ ម្យ៉ាងវិញទៀតប្រសិនបើគេមិនជឿទុកចិត្តអ្នកទេ នោះមិនថាអ្នកនិយាយអ្វី  ក៏គ្មានអ្នកស្តាប់ និងធ្វើតាមដែរ។ ដូច្នេះដើម្បីដឹងថា តើអ្នកគួរធ្វើយ៉ាងណាដើម្បីអាចបង្កើតការទុកចិត្តបាន? តោះចូលរួមអានទាំងអស់គ្នា៖

១. ត្រូវមានភាពស្មោះត្រង់ជាមួយខ្លួនឯងជាមុនសិន

យើងតែងតែឮនូវពាក្យខ្មែរយើងដែលគេតែងតែនិយាយថា ប្រសិនបើអ្នកមិនស្មោះត្រង់នឹងខ្លួនឯងផង តើឲ្យអ្នកណាគេមកស្មោះត្រង់ជាមួយយើង? ដូច្នេះត្រង់ចំនុចនេះមានន័យថា មុននឹងអ្នកចង់ឲ្យអ្នកដទៃទុកចិត្តអ្នក លុះត្រាណាតែអ្នកត្រូវបង្កើតការទុកចិត្តចំពោះខ្លួនឯងជាមុនសិន។ ការទុកចិត្តខ្លួនឯងមានន័យថា អ្នកគោរព និងឲ្យតម្លៃខ្លួនឯង  អ្នកជាមនុស្សច្បាស់លាស់  មិននិយាយម្តងបែបនេះ  ម្តងបែបនោះ ជាដើម។ 

ស្មោះត្រង់ជាមួយខ្លួនអ្នកជាមុនសិន

២. កាយវិការរបស់អ្នកត្រូវសមាមាត្រគ្នាជាមួយនឹងពាក្យសម្តីរបស់អ្នក

សូម្បីពាក្យខ្មែររបស់យើងក៏តែងតែពោលដែរថា៖ មនុស្សមាត់ផ្សេង ចិត្តផ្សេងមិនគួរឲ្យទុកចិត្តទេ។ នៅក្នុងភាសាទំនាក់ទំនង គឺអ្នកត្រូវមានភាពប្រាកដនិយមមែនទែន ទាំងកាយវិការ និងពាក្យសម្តីរបស់អ្នក បើមិនដូច្នេះទេ ការទំនាក់ទំនងរបស់អ្នកនឹងមិនអាចទាក់ទាញការទុកចិត្តពីគេបានទេ។ ឧទាហណ៍៖ អ្នកសន្យានឹងឪពុកម្តាយអ្នកថា អ្នកនឹងប្រឹងប្រែងរៀនសូត្រឲ្យពូកែ តែជាក់ស្តែងអ្នកមិនដែលចូលសាលាផង។ ដូច្នេះតើឲ្យគាត់ទុកចិត្តអ្នកម្តេចបានទៅ? អញ្ចឹងហើយដើម្បីទទួលបានការទុកចិត្ត អ្នកត្រូវប្រើប្រាស់កាយវិការរបស់អ្នកឲ្យដូចនូវអ្វីដែលអ្នកបាននិយាយ។ 

បើអ្នកនិយាយថាធ្វើ អ្នកត្រូវតែធ្វើឲ្យបាន

៣. អ្នកត្រូវចេះគ្រប់គ្រងភាពប្រតិកម្ម និងប្រើប្រាស់ពាក្យពេចន៍ឲ្យបានសមរម្យ

ការបង្កើតនូវការទុកចិត្តមានន័យថា អ្នកត្រូវបង្ហាញពីអ្វីដែលអ្នកពេញចិត្ត និងមិនពេញចិត្ត ដើម្បីឲ្យមានការកែប្រែគ្នាទៅវិញទៅមក ឈានទៅរកភាពល្អប្រសើរទាំងអស់គ្នា។ តែរាល់ការបង្ហាញពីអារម្មណ៍របស់អ្នក អ្នកក៏ត្រូវចេះរៀបចំពាក្យពេចន៍ឲ្យពិរោះពិសាគួរឲ្យចង់ស្តាប់ផងដែរ។

ការប្រើប្រាស់ពាក្យសម្តីពិរោះពិសារ

៤. ត្រូវធ្វើការផ្តល់ជាមតិរិះគន់ដោយបើកចំហរ

ឧទាហរណ៍៖ អ្នកបានរៀបចំអង្គប្រជុំមួយដែលមានអ្នកចូលរួម ២៥នាក់។ នៅពេលដែលចប់កម្មវិធី អ្នកបានឲ្យអ្នកទាំង ២៤នាក់ទៀតចេញទៅមុន ដោយអ្នកទុកមនុស្សម្នាក់ដើម្បីធ្វើការរិះគន់។ ទង្វើបែបនេះប្រសិនបើយើងស្តាប់មើលទៅវាហាក់ដូចជាការទុកមុខមាត់ឲ្យអ្នកដែលត្រូវបានរិះគន់  ក៏ប៉ុន្តែអ្នកមិនបានដឹងនោះទេថា ទង្វើបែបនេះកំពុងធ្វើឲ្យមានការបាត់បង់ទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងនៅពេលដែលអ្នកកំពុងតែនិយាយជាមួយមនុស្សម្នាក់នោះ មនុស្ស ២៤នាក់ទៀតអាចគិតថា តើអ្នកកំពុងនិយាយអ្វី? តើអ្នកកំពុងតែរៀបចំផែនការសម្ងាត់អ្វីតែ ២នាក់ទេដឹង? ដូចនេះ ទង្វើបែបនេះអាចធ្វើឲ្យអ្នកបាត់បង់នូវការទុកចិត្តបាន។

ផ្តល់ជូនមតិយោបល់បើកចំហរ

៥. ការទទួលយកនូវភាពខុសគ្នា

ប្រសិនបើយើងនិយាយពីការទុកចិត្តគ្នា ពេលខ្លះយើងអាចគិតថា គេត្រូវតែទទួលយកនូវគំនិតរបស់អ្នកជានិច្ចទើបមានការទុកចិត្ត។ ទេ! មិនមែនបែបនេះនោះទេ។ សូមគិតបន្តិចថា ពេលខ្លះនៅពេលដែលអ្នកនិយាយទៅកាន់មនុស្សម្នាក់ ឬ មនុស្សមួយក្រុម ដើម្បីចង់បានការជឿជាក់ពីគេ តែពួកគេមិនជឿជាក់គំនិតរបស់អ្នកសោះ ហើយពួកគេបានផ្តល់មកវិញនូវគំនិតថ្មីផ្សេងពីអ្នក។ បែបនេះមិនមែនមានន័យថាគំនិតរបស់អ្នកមិនត្រូវនោះទេ តែគ្រាន់តែថា អ្នកផ្សេងគេមើលឃើញចំនុចផ្សេងខុសពីអ្នកមើលឃើញ ដូច្នេះវាជារឿងធម្មតាទេដែលមនុស្សតែងតែមានគំនិតខុសគ្នានោះ។ អញ្ចឹងប្រសិនបើមានករណីនេះកើតឡើង ចូរអ្នកកុំខឹងនឹងគេអី ព្រោះនេះមកពីគេមានគំនិតខុសពីយើង៕

ទទួលយកនូវភាពខុសគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]