ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីស្ត្រីរូបនេះទៅទារលុយជំពាក់ ។ រឿងលុយដែលខ្លួនបានបង់ធនាគារភូមិជំនួសស្ត្រីរងគ្រោះ ពុំបានក៏វាយតប់ទៅលើកូនបំណុល បណ្តាលឲ្យដួលសន្លប់ស្ដូកស្ដឹង ។ ករណីទីនេះកើតនៅវាលាម៉ោង០៣និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មានករណីហិង្សាដោយចេតនាមួយ បានកើតឡើងនៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រោះតែរឿងខ្ចីលុយធនាគារភូមិរួមគ្នា តែស្ត្រីរងគ្រោះមិនទាន់មានលុយបង់ ស្ត្រីជាប់ចោទបង់ជំនួស ទើបកើតរឿងបែបនេះ ។

ជនបង្កដោយឈ្មោះ ឡាន សោភា ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ ជី ទូច ភេទស្រីអាយុ៥៤ឆ្នាំ នៅភូមិជាមួយគ្នា ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គឺស្ត្រីរងគ្រោះកំពុងតែនៅផ្ទះជាធម្មតា ពេលនោះស្ត្រីបង្កបានមកដល់ ហើយសួរនាំរឿងជំពាក់លុយ ក៏បានឈ្លោះប្រកែកគ្នា យកត្រូវរៀងៗខ្លួន ។

បើតាមការស្រង់សម្ដីសាក្សី សមត្ថកិច្ចបានឲ្យដឹងថា ពេលប្រកែកគ្នា រឿងលុយជំពាក់នោះ ស្ត្រីរងគ្រោះតបថា ខ្លួនមិនទាន់មានលុយនោះទេ ចាំពេលមានចាំគាត់សងពេលនោះ ម្ចាស់បំណុលមានការខឹងសម្បារឹតតែខ្លាំង ព្រោះតែឮសម្តីបែបនេះ ក៏ឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក បន្ទាប់មកស្ត្រីបង្កបានស្ទុះទៅវាយលើស្ត្រីរងគ្រោះ ដែលកំពុងមានជំងឺលើសឈាមផងនោះ បណ្តាលឲ្យដួលសន្លប់តែម្តង ។ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យឯជន ដើម្បីសង្គ្រោះ ។ ប្រភពបន្តថា ក្រោយបង្កសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីដៃដល់យកមកអធិការដ្ឋាន កសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ករណីនេះជារឿងដែលខ្ចីលុយធនាគារភូមិរួមគ្នា ដល់ថ្ងៃកំណត់ស្ត្រីរងគ្រោះមិនទាន់មានលុយបង់ ទើបស្ត្រីជាប់ចោទបង់ជំនួស ក្រោយមកក៏មកទារលុយដែលខ្លួនបង់ជំនួស ទើបមានករណីវាយតប់គ្នានេះកើតឡើងតែម្តង ៕

បង់​ជំនួស​លុយ​ខ្ចី​រួម​គ្នា ទារ​វិញ​ថា​អត់​មាន​លុយ​សង​វ៉ៃ​ប្រាវ
បង់​ជំនួស​លុយ​ខ្ចី​រួម​គ្នា ទារ​វិញ​ថា​អត់​មាន​លុយ​សង​វ៉ៃ​ប្រាវ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]