ឈីលី៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមបាល់ទាត់ជម្រើសជាតិឈីលីមានភាពរីកចំរើនខ្លាំងមែនទែន ប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលគឺថាប្រទេសជើងខ្លាំងក្នុងពិភពបាល់ទាត់មួយនេះបែរជាបាត់បង់កៅអីសម្រាប់លេងនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ World Cup នៅក្នុងប្រទេសរុស្ស៊ីនាឆ្នាំក្រោយ បន្ទាប់ពីការលេងមិនសូវបានល្អនៅក្នុងពូល។

យ៉ាងណាមិញ បន្ទាប់ពីឈីលីបានចាញ់ប្រទេសប្រេស៊ីលយ៉ាងចាស់ដៃក្នុងលទ្ធផល ៣ទល់នឹង០ ហើយមក លោកស្រី Carla Pardo ដែលជាភរិយារបស់កីឡាករ Claudio Bravo បានបង្ហោះពាក្យពេចន៍នៅលើទំព័រ Instagram ដោយបង្ហើបពីមូលហេតុដែលធ្វើឲ្យទម្រង់លេងរបស់ឈីលីធ្លាក់បែបនេះ។

គ្រាប់បាល់ដែលឈីលីរបូតក្នុងពេលប៉ះជាមួយនឹងប្រេស៊ីល
ក្រុមជម្រើសជាតិឈីលីបន្ទាប់ពីបាត់បង់កៅអីសម្រាប់លេង World Cup

ភរិយារបស់កីឡាករ Bravo បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមជម្រើសជាតិសម្រាប់ពេលវេលាពិសេសៗទាំងអស់ដែលអ្នកបានផ្តល់ឲ្យពួកយើង។ ប៉ុន្តែនៅពេលដែលអ្នកពាក់អាវកីឡាហើយ អ្នកត្រូវតែមានវិជ្ជាជីវៈជាកីឡាករជាប់ខ្លួនជានិច្ច។ ខ្ញុំដឹងថាកីឡាករជម្រើសជាតិភាគច្រើនព្យាយាមខ្លាំងណាស់ ប៉ុន្តែក្នុងនោះក៏មានកីឡាករមួយចំនួនទៀតបានដើរលេង ជប់លៀងនិងស្រវឹងដល់ថ្នាក់មិនអាចធ្វើការហ្វឹកហាត់ទៀតផង។»

ពាក្យពេចន៍នៅលើទំព័រ Instagram ដែលភរិយារបស់កីឡាករ Claudio Bravo បានបង្ហោះ
កីឡាករ Bravo និងភរិយារបស់គាត់

យ៉ាងណាមិញ ពាក្យចោទប្រកាន់ទាំងនេះត្រូវបានច្រានចោលដោយកីឡាករ Gary Medel ដែលជាខ្សែបម្រើដ៏សំខាន់របស់ក្រុមជម្រើសជាតិឈីលីផងដែរ។ Gary Medel បានប្រាប់ថា គាត់មិនដែលឃើញមិត្តរួមក្រុមណាម្នាក់ស្រវឹងឬមកហាត់ទាំងនៅស្រវឹងនោះទេ ហើយកីឡាករជម្រើសជាតិឈីលីទាំងអស់តែងតែមានឥរិយាបថល្អនិងព្យាយាមហ្វឹកហាត់ជានិច្ចផងដែរ៕

កីឡាករ Gary Medel

គួរបញ្ជាក់ផងដែរថា ទោះបីជាឈីលីខកខានមិនបានចូលរួមក្នុងការប្រកួត World Cup ក្នុងឆ្នាំក្រោយក៏ពិតមែន ប៉ុន្តែក្នុងពេលនេះគេនៅតែមាននាមជាជើងឯកក្នុងតំបន់អាមេរិកឡាទីនដដែល៕

ឈីលីពេលឈ្នះពាន Copa America កាលពីឆ្នាំមុន

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]