** ប្រលោមលោកខ្មែរឡូត **

ភាគទី១

នៅលើលោកយើងនេះមានរឿងជាច្រើនដែលអ្នកមិនបានដឹង ហើយមានរឿងខ្លះអ្នកនឹងមិនបានដឹងជារៀងរហូតបើសិនជាគ្មានអ្នកណាហ៊ានបើកកកាយ រ៉ាយរ៉ាប់ឱ្យអស់សេចក្តីប្រាប់ដល់អ្នកអស់នោះទេ។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា វាជារឿងដែលមិនគួរឱ្យជឿ ហើយអ្នកដែលកំពុងតែអានក៏ប្រហែលជាមិនជឿដូចគ្នា។ តែខ្ញុំសុំព្រមាន នេះជាពិត ហើយវាក៏បានកើតឡើងរួចមកហើយ ដែលរឿងពិតនោះគឺ…........................

ផ្តើមរឿង៖ ផ្តើមជួបគ្នាគ្រាដំបូងសម្លាញ់ចិត្ត

នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែងដែលសាងសង់នៅទីដាច់ស្រយាលពីគេឯង ទោះជាមានការសាងសង់ តុបតែងរបៀបរបបថ្លៃថ្នូរ និងទំនើបយ៉ាងណាក៏ដោយ តែតាមរយៈបរិយាកាសជុំវិញដែលសុទ្ធតែព្រៃភ្នំ និងដើមឈើធំៗខ្ពស់ៗដាច់ឆ្ងាយសង្វែងពីគេឯង វាមើលទៅមិនខុសអី ពីវិមានដែលបង្កប់ទៅដោយអាថ៌កំបាំងរាប់មិនអស់នៅក្នុងរឿងនិទាននោះទេ។ បើសិនជាគ្មានភ្លើងបំភ្លឺនៅកណ្តាលផ្ទះដ៏ធំទំនើប និងស្ងប់ស្ងាត់ចម្លែកនេះទេ អ្នកដែលមកដល់ទីនេះប្រាកដជាមិនជឿថានេះអាចជាទីកន្លែងស្នាក់នៅរបស់មនុស្សនោះឡើយ។ សំឡេងសត្វស្លាបព្រៃយំតិចៗគ្រលូងគួរឱ្យព្រឺក្បាល បូកផ្សំនឹងមេឃកាន់តែងងឹតបង្ករឱ្យមានអារម្មណ៍ញាប់ញ័រជាមិនខានបើសិនជាអ្នកហ៊ានតែឈានជើងដើរចូលមកកាន់ផ្ទះធំមួយខ្នងនេះ។ តែនៅពេលដែលយើងក្រឡេកចូលមកខាងក្នុងផ្ទះមួយនេះ អ្វីៗបានប្រែក្រឡាស់ពីបាតដៃ ទៅខ្នងដៃ ព្រោះតែភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ត្រកាល រួមផ្សំនឹងគ្រឿងតុបតែងលម្អ គ្រឿងសង្ហារិមថ្លៃៗភ្លឺរលោង ថែមទាំងរបស់របរប្រើប្រាស់ទំនើបៗជាច្រើន ដែលអាចចហៅបានថា បច្ចេកវិទ្យាទំនើបចុងក្រោយសឹងតែប្រមូលដាក់តាំងនៅក្នុងផ្ទះមួយខ្នងនេះទាំងអស់។ ទិដ្ឋភាពដ៏គួរឱ្យចង់រស់នៅបែបនេះសាកសមនឹងជីវិតរបស់ជនលំដាប់ជាន់ខ្ពស់បំផុត ទាស់ត្រង់តែបរិយាកាសដែលស្ងាត់ជ្រងុំខុសពីធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែស្នូរទឹកផ្កាឈូកដែលបន្លឺពីក្នុងបន្ទប់ដ៏ធំបានបញ្ជាក់ថា នៅទីនេះ « មានមនុស្សរស់នៅ »

បើសិនជាគ្មានភ្លើងបំភ្លឺនៅកណ្តាលផ្ទះដ៏ធំទំនើប និងស្ងប់ស្ងាត់ចម្លែកនេះទេ អ្នកដែលមកដល់ទីនេះប្រាកដជាមិនជឿថានេះអាចជាទីកន្លែងស្នាក់នៅរបស់មនុស្សនោះឡើយ។ សំឡេងសត្វស្លាបព្រៃយំតិចៗគ្រលូងគួរឱ្យព្រឺក្បាល បូកផ្សំនឹងមេឃកាន់តែងងឹតបង្ករឱ្យមានអារម្មណ៍ញាប់ញ័រជាមិនខានបើសិនជាអ្នកហ៊ានតែឈានជើងដើរចូលមកកាន់ផ្ទះធំមួយខ្នងនេះ

ខ្នងបុរសសាច់ដុំធំៗខ្ពស់ស្រលះ ដៃកំពុងតែជ្រោងសក់ដែលទទឹកដោយទឹកផ្កាឈូក បានទាញអារម្មណ៍ឱ្យនឹកភ្នកថា បុរសរាងសង្ហាមាំទាំងអីមកនៅផ្ទះធំកណ្តាលព្រៃជ្រៅបែបនេះ? វាមិនមើលទៅហាក់បីដូចជាចម្លែកពេកទេដឹង? សម្រិបជើងដើរចេញពីបន្ទប់ទឹក រួមនឹងកន្សែងពណ៌សរុំខ្លួនត្រឹមមួយកំណាត់ខ្លួនចុះក្រោមធ្វើឱ្យអ្នកសរសេរនេះបែកញើសជោគខ្លួនតែម្តងហើយ។ គួរឱ្យស្តាយរូបរាងកាយដ៏ឈ្លក់វង្វេងមួយនេះបានចូលទៅក្នុងបន្ទប់មួយដែលមានទ្វារជាប់នឹងបន្ទប់គេងដ៏ធំមួយនេះ។ បើស្មានមិនខុសទេ នេះប្រាកដជាបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់អ្នកមានៗខ្លះមួយចំនួសដូចនៅក្នុងកុនហើយ។ ប្រហែលជាជិត ១ម៉ោងក្រោយទ្វារបន្ទប់ប្តូរសំលៀកបំបាក់បានរបើកឡើង លេចចេញរូបរាងដ៏មាំទាំរបស់បុរសសង្ហាដែលឃើញតែខ្នងមុននេះ តែពេលដែលក្រឡេកឃើញមុខចំ.... ចុម! កាដុមឆែប ស្ទើរតែលោះព្រលឹងអស់។

Knight និយាយ៖ មិនបាច់ភ្ញាក់ផ្អើលទេ ថ្ងៃនេះជាថ្ងៃបុណ្យខ្មោច ដែលភាសាក្មេងៗ និងយុវវ័យគេហៅថាពិធីបុណ្យ Hallowen នោះអី បានជាត្រូវ ​Make Up ឱ្យសាកសមនឹងឈ្មោះវាបន្តិចហ្នឹងណា ​តែសុំធានាថាមិនខ្យល់គរ ភ្ញាក់ព្រោះភ័យខ្លាចនោះទេ បើថាស្ទើរសន្លប់ព្រោះរូបរាងមុខមាត់បែបល្អគ្រប់ ​១០ទើបត្រូវជាង។ Hallowen ការពិតទៅជាពិធីបុណ្យបរទេសនោះទេ តែនៅពេលនេះបែរជាបានហូរចូលគគ្រឹកគ្រេងស្ទើរតែទូទាំងពិភពលោកទៅហើយ ជាពិសេសគឺកន្លែងដែលខ្ញុំរស់នៅសព្វថ្ងៃនេះតែម្តង។ ម៉ោង ១០ល្មម ខ្ញុំត្រូវតែប្រញាប់ទៅក្លឹបហើយ ភ្ញៀវថ្ងៃនេះប្រាកដជាច្រើនជាងថ្ងៃណាៗទាំងអស់។ ប្រហែលជាអ្នកទាំងអស់គ្នាមិនស្គាល់ខ្ញុំទេ ព្រោះខ្ញុំមិនទាន់ណែនាំខ្លួននោះអី ហិហិ។ ខ្ញុំឈ្មោះ Knight និយាយទៅ ខ្ញុំមិនបានអួតទេណា តែមុខមាត់ខ្ញុំពិតជាសង្ហាមែន ស្រីៗបានឃើញខ្ញុំអ្នកណាៗដែលថាមិនងាកមើល មិនដៀងភ្នែកសំឡឹងតាម ស្រមើស្រមៃចង់នែបនិត្យខ្ញុំនោះ។ រូបរាងសង្ហាក៏សង្ហា ឡូយក៏ឡូយហើយជាអ្នកមានទៀត ម្យ៉ាងក្លឹបដែលល្បីជាងគេមួយនៅទីក្រុងនេះជាកម្មសិទ្ធផ្តាច់មុខរបស់ខ្ញុំ។ ហ៊ើយ! ពិបាកនិយាយដែរ ^_^ និយាយឱ្យចំៗតែម្តងទៅគឺថា ល្អលក្ខណៈ Perfect តែម្តង ។ ណែនាំខ្លួនច្រើនពេកទៅភ្លេចខ្លួន ថាដល់ម៉ោងទៅមើលក្លឹបល្មម។ ចាំទំនេរ និងមានអារម្មណ៍ល្អចាំនិយាយប្រវត្តិឱ្យស្តាប់បន្តទៀតណា ។ សង្ឃឹមថាអ្នកអានមិនធុញទ្រាន់ចំពោះបុរសសង្ហាសម្បូរស្នេហ៍ដូចជាខ្ញុំនេះទៅចុះ ។

ឡានទំនើបស៊េរីថ្មីចុងក្រោយមួយគ្រឿងបានបរចេញពិភូមិគ្រឹះមួយនេះ។ ​អេ! មានក្លឹបស្អីមកនៅក្នុងព្រៃភ្នំនេះ? ប៉ុន្តែ​ចម្ងល់ត្រូវបានស្រាយបំភ្លឺ ​នៅពេលដែលប្រុសសង្ហារយើងបានបើកឡានកាច់ឆ្វេង កាច់ស្តាំ មួយសន្ទុះធំ​រហូតផុតព្រៃដែលគួរឱ្យព្រឺក្បាល ​ហើយសំដៅទៅកាន់ទីក្រុងដ៏ទំនើបមួយ ដែលប្រជុំដោយមនុស្សម្នាអ៊ូអរនៅខាងមុខ។ ​

រូបតំណាង

ម៉ោង ១១ យប់នៅក្លឹប K9

Knight និយាយ៖ បន្ទាប់ពីពិនិត្យបញ្ជី មើលការខុសត្រូវសំភារៈ និងម្ហូបម្ហាស្រាបៀររួចមក ខ្ញុំក៏រកតុមួយទំនេរអង្គុយចាក់ស្រាផឹកលេងផង អង្គុយចាំមើលការខុសត្រូវនៅក្លឹបផង ក្រែងលមានហេតុភេទអ្វីខ្ញុំអាចដោះស្រាយទាន់ពេលវេលា ។ គិតៗទៅក្មេងៗសម័យនេះពិបាកណាស់ មិនដូចសម័យមុនទេ ស្រា បៀរ ចេះផឹកសព្វគ្រប់តាំងមិនទាន់ជ្រុះព្រលៃពីក្បាល។ តែក៏ល្អដែរ បើមិនដោយសារតែបែបហ្នឹងទេ ខ្ញុំក៏មិនអាចបើកក្លឹបដ៏ពេញនិយមមួយនេះបានដែរ។ និយាយៗទៅក្លឹបខ្ញុំនេះល្បីល្បាញក៏ដោយសារតែមានចំនុចល្អៗជាច្រើនក្រោមស្នាដៃគ្រប់គ្រងរបស់ខ្ញុំផ្ទាល់តែម្តង។ ក្លឹបដែលមិនរើសអើងមនុស្ស ហើយតម្លៃក៏មិនថ្លែណាស់ណាមានតាំងពីលំដាប់ទាប ទៅលំដាប់ខ្ពស់ មានទាំងក្មេងសិស្សសាលា (លើ១៨ឆ្នាំ) យុវវ័យ មនុស្សជាន់ខ្ពស់ហូរហែរ បូលរួមនឹងអាហារឆ្ងាញ់ៗ ​ភ្លេងពិរោះៗ សុវត្ថិភាពក៏ធានា ១០០%ទៀត អ្នកណាដែលថាមិនចូលចិត្តនោះ មែនទេ?

ដៃកាន់កែវស្រា ភ្នែករំពៃមើលទៅកាន់ភ្ញៀវដែរកាន់តែចូលមកហូរហែរ តុបតែងដោយសំលៀកបំពាក់ខ្មៅ អ្នកខ្លះក៏តុបតែងមុខ គូររូបផ្សេងៗ ព្រោះថ្ងៃនេះជាថ្ងៃលេងសប្បាយ Halloween របស់ប៉ែកអឺរ៉ុប ហើយក៏ជាថ្ងៃពិសេសសម្រាប់ជួបជុំមិត្តភក្តិរាំលេងផងដែរ។ ភាគច្រើនភ្ញៀវដែលមកជាលក្ខណៈក្រុមមិត្តភក្តិ ផឹកស៊ី រាំលេងយ៉ាងរីករាយភ្លើនភ្លើន។ ឯខ្ញុំក៏....កំពុងតែតាមដានរកមើលចំណីដែលត្រូវចិត្តដែរ។ ទោះខ្ញុំជាមនុស្សប្រុសសង្ហា អាចអន្ទងព្រលឹងស្រីៗជាច្រើននាក់បានក៏ពិតមែន តែខ្ញុំក៏រើសស្រីៗណាស់ដែរ។ ខ្ញុំក៏អាចដឹងដោយអារម្មណ៍ និងខ្សែភ្នែកជាច្រើនគូជាពិសេសស្រីៗតែម្តងដែលតាមសំឡឹងមើលមកខ្ញុំមិនដាក់ភ្នែក។

រូបតំណាង

ពេលនោះព្រលឹងរបស់ខ្ញុំស្រាប់តែអន្ទោងឱ្យចាប់អារម្មណ៍លើមនុស្សស្រីមួយក្រុមដែលនៅកណ្តាលក្លឹបមួយនេះ ជាពិសេសស្រីស្អាតម្នាក់ក្នុងចំណោមនោះ។ ស្រីស្អីគួរឱ្យស្អប់បែបនេះ? ស្អាតក៏ស្អាត សាច់ក៏សខ្ចី មុខមាត់ដូចកូនកាត់ រូបរាងស៊ិចស៊ីសមនឹងរ៉ូបខ្មៅត្រឹមភ្លៅឌិនភ្លឺផ្លេកៗ សុំប្រាប់ថាពិតជាត្រូវចិត្តខ្ញុំមែនទែន។ ហើយពេលនេះខ្ញុំដឹងថាក្រុមរបស់នាងកំពុងតែនិយាយដើមខ្ញុំ។ ត្រូវម៉ាច់! គួរតែលួចស្តាប់ស្ងាត់ៗសិន ខ្ញុំដឹងណា ថាគ្មានអ្វីនិយាយក្រៅពីសរសើររូបរាងដ៏ស្រស់សង្ហារបស់ខ្ញុំទេ។

« ដារី ឯងមើលមនុស្សប្រុសម្នាក់នោះ សង្ហា ឡូយ គួរអោយខ្នាញ់មែន ឯងមើលៗ » ខ្ញុំថាអីចេះខុសគ្មានអីក្រៅពីសរសើរខ្ញុំទេ ហាហា...។ មនុស្សស្រីឈ្មោះ ដារី ជាទីពេញចិត្តរបស់ខ្ញុំ បានងាកមកមើលខ្ញុំ ដែលកំពុងតែអង្គុយកាន់កែវស្រាផឹកធ្វើមិនដឹងមិនឮបន្តិចតាមមិត្តរបស់នាងប្រាប់ ដោយកែវភ្នែកឆ្មើងឆ្មៃ សម្លក់សម្លឺង រួចងាកទៅនិយាយជាមួយមិត្តនាងហី។ គិតៗទៅ ស្រីៗតែអ៊ីចឹងធ្វើឯងធ្វើជាមិនចាប់អារម្មណ៍ ការពិតក្នុងចិត្តពុះកញ្រ្ជោលចង់ត្របាក់ខ្ញុំលេបទាំងរស់ផងក៏មិនដឹង តែធ្វើប្ញកធ្វើពាចង់ទាមទារការចាប់អារម្មណ៍ពីខ្ញុំ ស្មានតែខ្ញុំមិនដឹង ហេ? អេ! តែហេតុអីមិនឮសំឡេងឈាមពុះកញ្ជ្រោលរបស់នាង? កុំខ្វល់អី ស្តាប់នាងនិយាយជាមួយមិត្តនាងប្រសើរជាង។ និយាយដើមខ្ញុំដល់ណាហើយ ចេះ?

« ពុទ្ធោ ជាតា មុខចឹងនឹងឯងថាសង្ហា ? មែនមុខមាត់គ្រាន់បើ ការតែងខ្លួនឡូយតើ តែបើជាប្រុសង្ហាមែន មិនមែនអង្គុយផឹកស្រាតែម្នាក់ឯងទេ ហាហា...»

យី! ក្តៅតើអ៊ីចឹងអី និយាយដើមខ្ញុំបែបហ្នឹងផងស្រីជើងល្អនេះ គិតថាខ្លួនឯងស្អាតតែម្នាក់ឯងមែន បានជាមកថាខ្ញុំចឹង? សុំប្រាប់ចុះរូបរាងដូចខ្ញុំ ស្រីៗគៀរនឹងជើង ប៉ុន្តែថាមិនចង់ទេ ចង់នៅស្ងប់ស្ងាត់ល្អជាង ទៅជាស្រីឈ្មោះ ដារីនោះនិយាយដើមខ្ញុំថាអត់បានការទៅវិញ។ ចាំមើលធ្វើឱ្យមើល ឱ្យឃើញនូវមន្តស្នេហ៍កំលោះ Knight ម្តងមើល៍។ ខ្ញុំក៏ក្រោកដើរកាត់ក្រុមមិត្តស្រីជើងល្អនោះទាំងប្ញកពាសង្ហាៗ សប្បាយៗមិនខ្វល់ពីអ្នកណា តែក្នុងចិត្តកំពុងតែក្តៅក្រហាយសម្តីដែលស្រីជើងល្អនេះនិយាយមិនហ្នឹង។ ហើយខ្ញុំក៏ដឹងដែរថា ពួកនាងកំពុងតែចាំអ៊ុតមើលខ្ញុំដែរ ហិហិ! ចាំតែមើលទៅ ដឹងគ្នាហើយ។ ខ្ញុំក៏ដើរសំដៅទៅកាន់ក្រុមស្រី ៣នាក់ដែលមានសម្រស់ស្រស់ស្អាតនៅជិតនោះ ទោះជា.... ចាញ់ម្នាក់ដារីនោះបន្តិចមែន តែ ណ្ហើយ! កុំឱ្យក្មេងក្មាងមើលងាយ។ គ្រាន់តែទៅដល់ សុំជល់កែវបន្តិចពួកនាងៗនោះអរចង់លោតទៅហើយ ម្នាក់ៗធ្វើមុខមាត់ ប្ញកពាដូចចង់ហក់ខាំទាំងរស់ អើយ! គួរឱ្យខ្លាចណាស់។ តែខ្ញុំក៏ទ្រាំៗធ្វើចិត្តឱ្យរីករាយ អត់ដង្ហើម ធ្វើជាអង្គុយនែបនិត្យក្បែរស្រីស្អាតៗ៣នាក់នោះ។ ខ្ញុំក្រឡេកឃើញកែវភ្នែក សំឡក់សំឡឹង ដោយរិកពារក្នក់ក្នាញ់របស់ដារីដែលលួចមើលមកខ្ញុំម្តងៗដែរ។ ស្រាប់តែខ្ញុំឮពួកនាងនិយាយគ្នាម្តងទៀត៖

« វ៉ា ឯងឃើញទេដារី មើលទៅមនុស្សប្រុសមានមន្តស្នេហ៍នោះទៅ មិនដូចឯងនិយាយទេ ខុសស្រឡះហ្មងពួកម៉ាក។ មើលទៅមនុស្សស្រីចូលចិត្តគេមិនស្ទើរទេណ៎ ហ៊ី! បើបានគេបណ្តើរមួយថ្ងៃ មិនដឹងល្អយ៉ាងណាទេ» ម្នាក់ស្រីឈ្មោះជាតាកេះដារីនិយាយដោយទឹកមុខអណ្តែតអណ្តូង ។ ហាហា...វាត្រូវតែអ៊ីចឹង មនុស្សដូចខ្ញុំទៅហើយ អ្នកណាដែលថាមិនឈ្លក់វង្វេងនោះ?

« អើ! កុំស្រមៃ និងឈ្លក់វង្វេងពេកឯង គ្នាឮមិត្តយើងម្នាក់ជាម៉ូយប្រចាំនៅទីនេះ គេធ្លាប់ប្រាប់យើងថា ប្រុសម្នាក់នោះណាគេឈ្មោះ Knight ជាថៅកែកំលោះនៅក្លឹបនេះណា ឮថាមានណាស់ណា គ្រួសារគេមានរបររកស៊ី និងជំនួញជាច្រើននៅក្រៅប្រទេស។ មិនដឹងយ៉ាងម៉េច គេសុខចិត្តបើករកស៊ីក្លឹបនៅទីនេះ គីឡូឯងមិនដល់គេទេដឹងសំលាញ់? តែថាមិនបានដែរ បើជាដារីកូនស្រីសំណព្វរបស់លោករដ្ឋមន្រ្តីប្រហែលជាទៅរួច ហិហិ សាកទេមិត្ត ក្រែងបានប្រុសសង្ហាបណ្តើរនឹងគេ ? » មិត្តម្នាក់ក្នុងក្រុមស្រីជើងល្អ ដារី បានលើកឡើងពីខ្ញុំ ពិតជាអ៊ីចឹងហើយ ខ្ញុំ Knight ស្មោះ មនុស្សប្រុសល្អឥតខ្ចោះទាំងរូបរាង និងឋានៈគ្រួសារ។ ខ្ញុំញញឹមទាំងមានអំនួតចំពោះពាក្យសរសើររបស់ពួកនាង។ តែថា អេ! អំបាញ់មិញមិត្តនាងម្នាក់នោះថា ស្រីជើងល្អនោះជាកូនលោករដ្ឋមន្រ្តី? អាហា! អ៊ីចឹងតើបានជាមានប្ញកពារឆ្មើងឆ្មៃណាស់ គ្រាន់បើ! មិនអន់ឯណា។

« នែ! អាវី ទៅនិយាយជាមួយអ្នកណាក៏និយាយទៅ តែមិនមែនជាគ្នាទេណា ប្រាប់ឱ្យហើយ។ អ្នកណាទៅចាប់អារម្មណ៍មនុស្សប្រុសស្អីបានតែរូបរាង តែអន់ចរិត មើលរិកពារទៅ ញ៉ែស្រីមិនរើសមុខបែបនេះ សង្ស័យស្រីៗបែបគៀរនឹងជើងផង គ្នាមិនចូលចិត្តប្រុសៗដែលទុកស្រីៗជាល្បែងទេ ។ ពួកឯងគិតថាយើងនឹងចូលចិត្តប្រភេទប្រុសព្រាននារីមែនទេ? ដេកចាំទៅ ឆឺស »។

ទៀតហើយស្រីជើងល្អម្នាក់នេះ មួយម៉ាត់ណាក៏និយាយមិនល្អពីខ្ញុំ ​ហើយទើសខ្ញុំរហូតគ្រប់បែប ​គ្រប់រូបភាពតែម្តងហើយ។ ខ្ញុំដូចជាមិនដែលជួបនាងពីមុន មកទេ ហើយក៏មិនបានធ្វើអីនាងដែរ ហេតុអ្វីបានជានិយាយមិនល្អពីខ្ញុំរហូតបែបនេះ? នែ! កុំស្មានតែក្លឹបបើកភ្លេងឮខ្លាំងៗ និយាយគ្នាតែប៉ុន្មាននាក់ហ្នឹងខ្ញុំមិនឮណា។ ជាមួយប្រុស Knight ស្មោះ សម្តីខ្លាំងបែបហ្នឹង ប្រហែលមិនស្គាល់ខ្ញុំទេមើលទៅ។ យប់នេះគួរតែប្រដៅចេញម្តង ឱ្យស្គាល់រស់ជាតិធ្វើជាចំណីរបស់ខ្ញុំនៅយប់នេះ...ហុហុ.............។

.........សូមរង់ចាំភាគបន្ត នៅសប្តាហ៍ក្រោយ...............

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]