សូក្រាត បាននិយាយថា៖ ការស្គាល់ខ្លួនឯង គឺជាចំនុចចាប់ផ្តើមដំបូងនៃការមានគតិបណ្ឌិត។ គតិបណ្ឌិតមានន័យថា អ្នកយល់ច្បាស់ខ្លួនឯងថា តើអ្នកកំពុងធ្វើអ្វី។ ដូច្នេះថ្ងៃនេះ Khmerload សូមពាំនាំយកនូវប្រយោជន៍ទាំង៧ នៃការស្គាល់ខ្លួនឯងមកចែកជូនប្រិយមិត្តដូចខាងក្រោម៖

១. មានភាពសប្បាយរីករាយច្រើន

អ្នកនឹងមានអារម្មណ៍ថាអ្នកសប្បាយរីករាយជាងមុននៅពេលដែលអ្នកអាចបង្ហាញប្រាប់ខ្លួនឯង និងអ្នកទៃថា តើអ្នកគឺជាអ្នកណា? ហើយអ្នកដឹងច្បាស់ថា តើអ្វីទៅដែលអ្នកពេញចិត្តចង់បាន? ម្យ៉ាងវិញទៀតការស្គាល់ខ្លួនឯងនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកកំពុងទទួលបានអ្វីដែលខ្លួនឯងចង់បានផងដែរ។ 

អ្នកមានភាពសប្បាយរីករាយនៅពេលដែលអ្នកដឹងថាអ្នកកំពុងធ្វើអ្វី

២. មិនសូវមានជម្លោះច្រើននៅក្នុងចិត្ត

នៅពេលដែលអ្នកអាចធ្វើអ្វីមួយដែលមានភាពស្របគ្នារវាងចិត្ត និងកាយវិការខាងក្រៅរបស់អ្នកបាន នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្រាលមិនសូវតានតឹងក្នុងចិត្ត។ តែប្រសិនបើកាយវិការរបស់អ្នកធ្វើអ្វីខុសពីអារម្មណ៍ដែលអ្នកចង់បាន នោះវានឹងធ្វើឲ្យអ្នកហាក់ដូចជាមានសម្ពាធខ្លាំងនៅក្នុងខ្លួន ហើយអ្នកក៏មិនអាចធ្វើអ្វីបានល្អប្រសើរទេ ព្រោះអារម្មណ៍អ្នកមិនចង់ធ្វើ។

អ្នកអាចសម្រេចចិត្តជ្រើសរើសមួយ បានយ៉ាងល្អ

៣. អាចធ្វើការសម្រេចចិត្តបានល្អប្រសើរ

ជាការពិតណាស់នៅពេលដែលអ្នកអាចដឹងថាអ្វីដែលអ្នកចង់បានហើយ វានឹងធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសអ្វីមួយ។  ជាក់ស្តែងប្រសិនបើអ្នកដឹងថា តើខោអាវម៉ូតណាដែលអ្នកពេញចិត្ត នោះអ្នកនឹងទិញរបស់នោះឆាប់បាន ព្រោះអ្នកដឹងច្បាស់ថាអ្នកពិតជាចង់បានវា។  វាក៏អាចធ្វើឲ្យអ្នកមានភាពងាយស្រួលផងដែរ ប្រសិនបើអ្នកដឹងច្បាស់ថា តើដៃគូប្រភេទណាដែលអ្នកគួរសេពគប់ នោះអ្នកនឹងឆាប់រកបានដៃគូជាមិនខាន។

អ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ

៤. អាចគ្រប់គ្រងខ្លួនឯងបានល្អ

នៅពេលដែលអ្នកដឹងថាអ្វីដែលល្អ និងអ្វីដែលអាក្រក់នោះអ្នកនឹងអាចបញ្ជាខ្លួនឯងឲ្យបោះបង់អ្វីដែលអាក្រក់ និងងាកមកចាប់យកអ្វីដែលល្អ។ ម្យ៉ាងវិញទៀត អ្នកក៏អាចសិក្សាពីចំនុចអាក្រក់ទាំងនោះ ហើយកែប្រែទៅជាចំនុចល្អវិញផងដែរ។ តែប្រសិនបើអ្នកមិនស្គាល់ខ្លួនឯងទេ នោះអ្នកនឹងមិនដឹងទេថា អ្វីដែលអ្នកគួរបោះចោល និងអ្វីដែលអ្នកគួរអភិវឌ្ឃបន្ត។ 

អ្នកអាចគ្រប់គ្រងខ្លួនឯងបាន មិនថាអ្នកនៅក្នុងស្ថានភាពណាក៏ដោយ

៥. អ្នកហ៊ានបដិសេធនូវអ្វីដែលអ្នកមិនពេញចិត្ត

អ្នកមានភាពប្រាកដនិយមខ្លួនឯងខ្លាំងណាស់ ថាអ្នកគួរធ្វើអ្វី និងអ្វីដែលអ្នកគួរធ្វើ។ ដូច្នេះនៅពេលដែលមាននរណាម្នាក់ដាក់សម្ពាធមកលើអ្នកឲ្យអ្នកទៅធ្វើអ្វីមួយឲ្យគេ អ្នកនឹងអាចបដិសេធបាន ប្រសិនបើអ្នកមិនពេញចិត្តវា។ 

អ្នកអាចបដិសេធបាននៅពេលគេបង្ខុំអ្នក ព្រោះអ្នកដឹងថាវាមិនល្អ

៦. អត់អោនឲ្យគេ និងយល់ពីអ្នកនៅជុំវិញខ្លួន

មុនពេលដែលអ្នកស្គាល់ពីខ្លួនឯងច្បាស់ ប្រាកដណាស់ថាអ្នកនឹងជួបរឿងជាច្រើន ហើយអ្នកព្យាយាមពុះពារយ៉ាងមោះមុតដើម្បីសម្រេចបាននូវគោលដៅ។ អញ្ចឹងហើយនៅពេលដែលអ្នកនៅជុំវិញខ្លួនអ្នកស្ថិតក្នុងសភាពដូចអ្នកកាលពីមុន អ្នកប្រាកដជាអាចយល់ពីស្ថានភាពទាំងអស់ហ្នឹងបានច្បាស់ណាស់ ហើយអ្នកក៏អាចជួយអភិវឌ្ឍគេ និងអធ្យាស្រ័យនូវកំហុសដែលគេបានធ្វើផងដែរ។

អ្នកអាចទទួលយកនូវភាពខុសគ្នា ហើយដើរទៅមុខជាមួយគ្នាបាន

៧. មានការពេញចិត្តខ្លួនឯង

អ្នកនឹងមានអារម្មណ៍ថា មានភាពសប្បាយរីករាយជាងមុន អភិវឌ្ឍជាងមុន និងមានបទពិសោធន៍ជីវិតច្រើនជាងមុន។ ហើយអ្នករឹតតែពេញចិត្តនូវអ្វីដែលអ្នកធ្វើ។ ឧទាហរណ៍៖ មនុស្សមួយចំនួនតែងតែត្អូញត្អែរថា ពួកគេមានការធុញថប់នឹងការងារណាស់ ព្រោះពួកគេមិនចង់ធ្វើការងារបែបហ្នឹងទេ តែដើម្បីតម្រូវការទើបគាត់សម្រេចចិត្តធ្វើប៉ុណ្ណោះ។ នេះរំលេចឡើងឲ្យឃើញថា ការដែលយើងធ្វើអ្វីមិនតាមចិត្តខ្លួនឯង យើងនឹងធុញថប់៕

អ្នកមានការពេញចិត្តចំពោះខ្លួនឯង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]