របបអាហារដែលអ្នកទទួលទានជាប្រចាំថ្ងៃដែលល្អសម្រាប់សុខភាព គឺជាការដែលទទួលបានជីវជាតិ អាហារបំប៉ន វីតាមីន និងប្រូតេអ៊ីនដែលមានតុល្យភាពសមាមាត្រគ្នា។ ការដែលទទួលទានអាហារដែលមានជាតិប្រូតេអ៊ីន ឬអាហារដែលមានជាតិខ្លាញ់ច្រើនហួសហេតុពេកនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ជាពិសេសគឺអ្នកមិនអាចសម្រកទម្ងន់តាមបំណង ឬទម្ងន់ចេះតែកើនមិនឈប់ឈរជាដើម។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកចំនុចទាំង ៧យ៉ាងបញ្ជាក់ថា អ្នកកំពុងតែមានរបបទទួលទានដែលលើសពីតម្រូវការ ដែលអ្នកត្រូវតែដឹង និងតម្រូវឱ្យធ្វើការកាត់បន្ថយជាចាំបាច់ដើម្បីសុខភាពរាងកាយទាំងមូលដូចខាងក្រោម៖  

១. ឡើងទម្ងន់

វាជាហេតុផលច្បាស់ណាស់ដែលបញ្ជាក់ថារបបអាហារប្រចាំថ្ងៃរបស់អ្នកសម្បូរទៅដោយជាតិខ្លាញ់អាក្រក់ និងធ្វើឱ្យធាត់បាន។ តាមការស្រាវជ្រាវបានឱ្យដឹងថាការទទួលទានអាហារដែលមាន ជាតិខ្លាញ់អាក្រក់ច្រើនពេក នឹងធ្វើឱ្យរាងកាយបាត់បង់សារធាតុចិញ្ចឹម និងជីវជាតិសំខាន់ៗ ដែលបណ្តាលឱ្យមានបញ្ហាសុខភាពយ៉ាងច្រើន។ ដូច្នេះអ្នកគួរតែទទួលទានជាតិខ្លាញ់ល្អៗពីធម្មជាតិដូចជា ផ្លែបឺរ ត្រី និងគ្រាប់ធញ្ញជាតិ ជំនួសឱ្យអាហារដែលសម្បូរទៅដោយជាតិខ្លាញ់មិនល្អដូចជា ដំឡូងបារាំងចៀន ឬបំពង ស៊ុតចៀន និងអាហារផ្សេងៗដែលពោរពេញដោយជាតិខ្លាញ់កែច្នៃជាដើម។  

ឡើងទម្ងន់

២. ចុកដើមទ្រូង

អាការចុកដើមទ្រូង ច្អល់ចុងដង្ហើមអាចបញ្ជាក់ប្រាប់ថារាងកាយរបស់អ្នកពោរពេញទៅដោយខ្លាញ់មិនល្អ។ នោះក៏ដោយសារតែអាហារដែលមានជាតិខ្លាញ់ច្រើនស្ថិតនៅក្នុងក្រពះរបស់អ្នកអស់រយៈពេលយូរពេក អាចបង្កើតឱ្យមានជាតិអាស៊ីដច្រើន ដែលនេះជាហេតុធ្វើឱ្យកើតអាការក្រហាយទ្រូង ចុងដើមទ្រូងជាដើម ។ 

ចុកដើមទ្រូង

៣. ឡើងកម្រិតកូឡេស្តឺរ៉ល

របៀបរស់នៅមិនល្អ ការឡើងទម្ងន់ របបអាហារប្រចាំថ្ងៃដែលមិនល្អ សម្បូរទៅដោយជាតិខ្លាញ់ និងកត្តាអាយុគឺជាមូលហេតុចម្បងដែលធ្វើឱ្យអ្នកកើនឡើងកម្រិតកូឡេស្តឺរ៉ល។ ដូច្នេះ របបអាហារដែលល្អសម្រាប់សុខភាពរបស់អ្នក គួរតែជាបន្លែ ផ្លែឈើវិញប្រសើរជាង។ 

ឡើងកម្រិតកូឡេស្តឺរ៉ល

៤. ការចងចាំមិនល្អ

តើអ្នកកំពុងតែមានបញ្ហាក្នុងការចងចាំ ឬក្នុងការប្រមូលផ្ដុំព័ត៌មានផ្សេងៗមែនទេ? នោះក៏ដោយសារតែរបបអាហារប្រចាំថ្ងៃរបស់អ្នកតែម្តង។ យោងតាមការសិក្សាមួយបានបញ្ជាក់ថា អាហារដែល មានជាតិខ្លាញ់មិនល្អអាចបង្កើនកម្រិតកូឡេស្តេរ៉ូល (LDL) ដែលវាអាចបង្កើនហានិភ័យនៃការកើតជំងឺវង្វេង និងមានបញ្ហាក្នុងការចងចាំមិនល្អជាដើម ។ 

ការចងចាំមិនល្អ

៥. អស់កម្លាំងខ្លាំង

នៅពេលដែលអ្នកទទួលទានជាតិខ្លាញ់ក្នុងមួយថ្ងៃ ១៣៥ក្រាម ឬលើសពីនេះ រាងកាយរបស់អ្នកនឹងចាប់ផ្តើមផលិតសារធាតុ Neurohormones ដែលសារធាតុនេះអាចបណ្តាលឱ្យរាងកាយរបស់អ្នកនឿយហត់ និងអស់កម្លាំងខ្លាំងជាងពេលធម្មតា ។ 

អស់កម្លាំងខ្លាំង

៦. ឈឺសន្លាក់

ការឈឺចុកចាប់ឆ្អែងឆ្អែង និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ត្រូវបានគេដឹងថាបណ្តាលមកពីរបបអាហារដែលមានជាតិខ្លាញ់មិនល្អ។ ម្យ៉ាងវិញទៀត ការឈឺសន្លាក់ និងការរលាកសន្លាក់អាចបង្ករឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសប្រឈមមុខនឹងហានិភ័យការកើតជំងឺបេះដូងនៅថ្ងៃអនាគតផងដែរ។ ដូច្នេះមានតែកាត់បន្ថយរបបអាហារដែលពោរពេញទៅដោយជាតិខ្លាញ់ ហើយប្តូរមកទទួលទានអាហារសុខភាពវិញប្រសើរជាង។

ឈឺសន្លាក់

៧.ប៉ះពាល់ផ្លូវចិត្ត

ការទទួលទានរបបអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ មិនត្រឹមតែធ្វើឱ្យអ្នកនឿយហត់អស់កម្លាំងតែប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ធុញថប់ ស្ត្រេស និងអាចកើតជំងឺធ្លាក់ទឹកចិត្តផងដែរ នោះក៏ព្រោះតែប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការខ្លាំងខុសពីធម្មតាដើម្បីរំលាយខ្លាញ់មិនល្អទាំងនោះ ហើយវាបានទាញយក និងបំផ្លាញថាមពលគ្រប់ផ្នែកពីរាងកាយទាំងមូលយកទៅប្រើប្រាស់៕

ប៉ះពាល់ផ្លូវចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]