ភ្នំពេញ៖ បន្ទាប់ពីទទួលលទ្ធផលមិនល្អ ប៉ុន្មានប្រកួតមកនេះ ទាំងក្នុងការប្រកួតជម្រុះពានរង្វាន់ Asian Cup ការប្រកួតមិត្ដភាព ក៏ដូចជាការប្រកួតឈុត U កន្លងមក គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបង្ហោះនូវខ្លឹមសារមួយ ដែលបង្ហាញពីការតាំងចិត្ដរបស់លោក គឺលោកនឹងមិនចុះចាញ់ជាដាច់ខាត។

កម្ពុជា ទើបតែបរាជ័យយ៉ាងធ្ងន់ក ទៅលើក្រុមជម្រើសជាតិវៀតណាម ក្នុងលទ្ធផល ៥-០ នៃការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup កាលពីប៉ុន្មានថៃ្ងមុននេះ ដែលធើ្វឲ្យក្រុមដែលមានរហ័ស្សនាមថា គោព្រៃ មានឱកាសតិចតួចដើម្បីឆ្លងទៅកាន់វគ្គបន្ទាប់ ពោល២ប្រកួតដែលនៅសល់ គឺកម្ពុជា ទាមទារឈ្នះទាំងអស់។ 

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

យ៉ាងណាមិញ លោក Leonardo បានបង្ហោះនូវរូបភាពមួយចំនួនក្នុងទំព័រហ្វេសប៊ុករបស់លោក ភ្ជាប់ជាមួយខ្លឹមសារដ៏មានន័យថា៖ «ខ្ញុំនឹងមិនចុះចាញ់ ជាដាច់ខាត»។

ក្នុងខ្លឹមសារដដែលនោះ លោកបានសរសេរបន្ដថា៖ «មុនពេលដែលខ្ញុំមកកម្ពុជា ខ្ញុំដឹងមុនពីលទ្ធល និងប្រវត្ដិសាស្រ្ដពីអតីតកាលមកហើយ។ ខ្ញុំត្រូវបានគេចាត់តាំងឲ្យធើ្វការងារក្នុងរយៈពេលវែង។ ខ្ញុំជឿទៅលើអនាគតរបស់បាល់ទាត់កម្ពុជា ហើយខ្ញុំនឹងធើ្វអ្វីដែលត្រូវ ដូច្នេះហើយលទ្ធផលនឹងបានផ្លែផ្កាមកវិញនៅថៃ្ងអនាគត។ ប្រសិនបើអ្នកមិនជឿលើខ្ញុំ ខ្ញុំនៅតែជឿលើអនាគតបាល់ទាត់របស់ប្រទេសនេះ។ អ្នកដែលជឿមកលើខ្ញុំ ដើរតាមខ្ញុំ ហើយតាមដានការប្រកួតលីកយ៉ាងយកចិត្ដទុកដាក់ ទាំងការហ្វឹកហាត់ និងការប្រកួត។ ខ្ញុំធើ្វការដើម្បីកម្ពុជា ហើយខ្ញុំនឹងមិនចុះចាញ់ជាដាច់ខាត ដើម្បីពង្រឹងវិស័យបាល់ទាត់ក្នុងប្រទេសនេះ។ ដើម្បីសម្រេចបាននូវសមិទ្ធផល ពួកយើងត្រូវឆ្លងកាត់ឧបសគ្គក្នុងជីវិត ហើយដើរជាមួយគ្នា នោះគ្រប់យ៉ាងនឹងងាយស្រួលជាងនេះ»។

លោក Leonardo Vitorino ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ កាលពីដើមឆ្នាំ២០១៧នេះ ខណៈដែលការដឹកនាំវិញ គឺលោកដឹកនាំក្រុមជម្រើសជាតិឈុតធំ ឲ្យទទួលបានជ័យជម្នះទើបតែបាន១ប្រកួតប៉ុណ្ណោះ គឺយកឈ្នះក្រុមអាហ្គានីស្ថាន ១-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup ក្នុងពហុកីឡដ្ឋានជាតិ កាលពីប៉ុន្មានខែមុននេះ៕  

រូបភាពដែលលោក Leonardo បង្ហោះ
រូបដែលលោក Leonardo បង្ហោះ
រូបដែលលោក Leonardo បង្ហោះ
រូបដែលលោក Leonardo បង្ហោះ
រូបដែលលោក Leonardo បង្ហោះ
រូបដែលលោក Leonardo បង្ហោះ
រូបដែលលោក Leonardo បង្ហោះ
ក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]