មនុស្សម្នាក់ៗតែងតែជួបនូវបញ្ហា គ្មាននរណាម្នាក់អាចចៀសផុតនោះទេ។  នៅពេលជួបប្រទះបញ្ហា អ្នកតែងតែចង់ស្វែងរកដៃគូណាម្នាក់មកពិភាក្សាគ្នាអំពីបញ្ហាដែលអ្នកកំពុងជួបប្រទះ។ 

ក៏ប៉ុន្តែរអ្នកត្រូវចងចាំថា មិនមែនគ្រប់រឿងទាំងអស់សុទ្ធតែអាចប្រាប់ និងពិភាក្សាជាមួយអ្នកនៅក្បែរខ្លួនទាំងអស់បាននោះទេ។ នៅពេលខ្លះពេលដែលអ្នកនិយាយរៀបរាប់រឿងរ៉ាវរបស់អ្នកទៅកាន់អ្នកដទៃច្រើនពេក វាអាចធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ថាធុញថប់ ឬក៏គេអាចគិតថាអ្នកគឺជាមនុស្សទន់ខ្សោយដែលមិនចេះដោះស្រាយបញ្ហាដោយខ្លួនឯង ដោយចាំតែរកគេជួយ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថា តើរឿងណាដែលអ្នកមិនគួរប្រាប់ទៅអ្នកដទៃ តោះនាំគ្នាអានទាំងអស់គ្នា៖

១. រឿងដែលទាក់ទងនឹងអារម្មណ៍ ឫក៏រឿងសម្ងាត់

ប្រសិនបើអ្នកប្រាប់អ្នកដទៃពីអារម្មណ៍ ឫក៏រឿងសម្ងាត់របស់អ្នក នោះនឹងធ្វើឲ្យអ្នកដទៃដឹងថាអ្នកជាមនុស្សប្រភេទណា។  ឧទាហណ៍៖ អ្នកប្រាប់ពីអារម្មណ៍របស់អ្នកទៅកាន់មិត្តភក្តិស្និទ្ធស្នាលរបស់់អ្នក ថាអ្នកមិនចូលចិត្តមិត្តភក្តិដែលមានសភាពស្រែៗសោះ។ នេះបង្ហាញឲ្យមិត្តរបស់អ្នកយល់ឃើញថា អ្នកគឺជាមនុស្សមានការរើសអើងក្នុងការសេពគប់មិត្ត។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកប្រាប់រឿងសម្ងាត់របស់អ្នកទៅកាន់អ្នកដទៃ ហើយអ្នកដ៏ទៃយករឿងសម្ងាត់ទៅប្រាប់អ្នកផ្សេងទៀត នោះវានឹងក្លាយទៅជារឿងកាន់តែធំ ដូចដែលពាក្យខ្មែរយើងតែងតែនិយាយថា ក្អែក១ ក្អែក១០០។ ដូច្នេះចូរអ្នកកុំរៀបរាប់ពីអារម្មណ៍ និងរឿងសម្ងាត់របស់អ្នកឲ្យគេដឹងច្រើនពេក។ 

រូបតំណាង

២. រឿងដែលទាក់ទងទៅនឹងជម្លោះ

ជាការពិតណាស់ប្រសិនបើអ្នកយករឿងជម្លោះរបស់អ្នកទៅប្រាប់អ្នកផ្សេង នោះគេនឹងគិតអ្នកក្នុងផ្លូវមួយផ្សេង។ ប្រសិនបើអ្នកត្រូវ នោះវាមិនអីទេ តែប្រសិនបើអ្នកខុសវិញ គេនឹងនិន្ទាអ្នកជាមិនខាន។ ម្យ៉ាងវិញទៀតនៅពេលដែលអ្នកយករឿងជម្លោះរបស់អ្នកទៅប្រាប់អ្នកផ្សេង ច្បាស់ណាស់ថាអ្នកត្រៀមតែច្រចៀកចាំស្តាប់មតិយោបល់របស់គាត់ទៅ គាត់នឹងសម្តែងមកហាក់ដូចជាគាត់ជាគ្រូខាងចិត្តសាស្រ្តអញ្ចឹង គឺថាដឹងគ្រប់រឿងតែម្តង ហើយមតិយោបល់របស់គាត់ពេលខ្លះអាចធ្វើឲ្យអ្នកកាន់តែពិបាកចិត្តថែមក៏ថាបានដែរ។ 

រូបតំណាង

៣. ជីវិតឯកជនរបស់អ្នក

ពេលខ្លះអ្នកប្រហែលជាមិនធ្លាប់គិតទេថា នៅពេលដែលអ្នកបានប្រាប់អំពីរឿងជីវិតឯកជនទៅកាន់អ្នកផ្សេង អាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់នៅថ្ងៃក្រោយ។ ឧទាហរណ៍៖ អ្នកប្រាប់អ្នកដ៏ទៃថាអ្នករស់នៅឯណា ផ្ទះលេខប៉ុន្មាន ស្នាក់នៅប៉ុន្មាននាក់ ហើយអ្នកតែងតែដើរលេងកន្លែងណាខ្លះនៅពេលដែលអ្នកទំនេរ។ នៅពេលដែលគេបានព័ត៌មានទាំងអស់នេះហើយ គេចង់ធ្វើបាបអ្នកនៅថ្ងៃណាមួយជារឿងងាយស្រួលបំផុត។ 

រូបតំណាង

៤. ទម្លាប់របស់មិត្តភក្តិអ្នក

ជាក់ស្តែងប្រសិនបើអ្នកយក ទម្លាប់អាក្រក់ណាមួយរបស់មិត្តអ្នកទៅប្រាប់អ្នកផ្សេង នោះប្រាកដណាស់ថា វានឹងធ្វើឲ្យមិត្តអ្នកមានភាពអាម៉ាស់យ៉ាងខ្លាំង ហើយអ្នកក៏និងអាចបាត់បង់នូវទំនាក់ទំនងជាមួយមិត្តរបស់អ្នកផងដែរ។ 

រូបតំណាង

៥. ភាពភ័យខ្លាចរបស់អ្នក

ប្រសិនបើអ្នករៀបរាប់អំពីភាពភ័យខ្លាចរបស់អ្នកទៅកាន់មនុស្សគ្រប់គ្នា នោះថ្ងៃណាមួយអ្នកនឹងជួបប្រទះបញ្ហាជាមិនខាន ព្រោះគេនឹងយកអ្វីដែលអ្នកខ្លាចមកធ្វើបាបអ្នក។

រូបតំណាង

៦. រឿងទាក់ទងទៅនិងលុយកាក់

វាហាក់ដូចជារឿងធម្មតា និងទូទៅសម្រាប់យើងក្នុងការត្អូញត្អែរប្រាប់អ្នកដទៃថាអ្នកអស់លុយ។ តែអ្នកមិនដែលចាប់អារម្មណ៍ទេថា ពេលខ្លះនៅពេលដែលអ្នកប្រាប់រឿងនេះទៅកាន់អ្នកដទៃ គេអាចគិតថាអ្នកគឺជាមនុស្សដែលគ្មានការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានល្អ។ ហើយប្រសិនបើគេត្រូវការឲ្យអ្នកកាន់លុយ គេក៏មិនទុកចិត្តអ្នកដែរ។  

រូបតំណាង

៧. ប្រាប់ពីចនុចអវិជ្ជមានរបស់អ្នកដទៃ

បើអ្នករៀបរាប់ចំនុចអវិជ្ជមានរបស់នរណាម្នាក់ទៅកាន់អ្នកផ្សេង នោះអ្នកកំពុងតែធ្វើខុសហើយ ព្រោះថាអ្នកកំពុងតែបំផ្លាញមនុស្សម្នាក់ចោលហើយ។ ឧទាហរណ៍៖ ខ្ញុំប្រាប់មិត្ត ក ថា លោក ខ រៀនមិនកើតទេ កុំយកគាត់ធ្វើជាសមាជិកក្រុមអីប្រយ័ត្នធ្លាក់ទាំងអស់គ្នា។ ទង្វើបែបនេះរំលេចឲ្យឃើញថា អ្នកកំពុងតែបោះបង់មនុស្សម្នាក់ចោលហើយ។ ដូច្នេះចូរកុំប្រព្រឹត្តបែបនេះអី៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]