នរណាម្នាក់ដែលមិនចង់បាននូវរូបរាងដ៏ស្រឡូន ស្លៀកពាក់អ្វីក៏ស្អាតនោះ? ពិសេសពេលទៅធ្វើការ ឬចេញតាមកម្មវិធីនានាម្តងៗ នារីៗ ឬបុរសៗ តែងចង់បាននូវរូបរាងស្វែលស្អាត ទៅណាមកណាក៏មានតែគេសរសើរមិនដាច់ពីមាត់។

ប៉ុន្តែគ្រប់គ្នាមិនមែនកើតមកយករូបរាងស្រស់ស្អាតពីកំណើតស្រាប់តែម្តងនោះទេ អ្នកខ្លះស្គមពេកស្លៀកអ្វីក៏មិនសម ឯខ្លះទៀតក៏មានរូបរាងធាត់លើសទម្ងន់ ហើយមានខ្លាញ់នៅត្រង់ក្បាលពោះច្រើនថែមទៀត បណ្តាលឱ្យស្លៀកពាក់អ្វីក៏មិនស្រស់ស្អាតដែរ ពិបាកទទួលយកបានណាស់។

ចុះធ្វើយ៉ាងណាទើបមានក្បាលពោះរាបស្មើរស្អាត គ្មានខ្លាញ់ គ្មានសាច់យារធ្លាក់?

មកសាកល្បងវិធីងាយៗទាំងនេះ អាចជួយឱ្យអ្នកមានក្បាលពោះរាប ហើយពេលស្លៀករ៉ូប ឬសម្លៀកបំពាក់ផ្សេងៗពិតជាបានស្រស់ស្អាតតាមបំណង៖ 

១) កាត់បន្ថយជាតិប្រៃ៖ នេះជាវិធីដែលអាចដោះស្រាយបញ្ហាក្បាលពោះធំបានយ៉ាងលឿន ព្រោះថាសារជាតិសូដ្យូមដែលមាននៅក្នុងអាហារប្រៃ អាចធ្វើឱ្យហើមខ្លួនបានដោយងាយ។ ដូច្នេះបើចង់កាត់បន្ថយសាច់ក្បាលពោះ ត្រូវបន្ថយអាហារដែលមានជាតិប្រៃឱ្យបានល្អជាមុនសិន។ 

កាត់បន្ថយជាតិប្រៃ

២) កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់៖ ជាការពិតណាស់អាហារចៀនភាគច្រើនសុទ្ធតែធ្វើឱ្យធាត់ ប្រសិនបើអ្នកចង់បានក្បាលពោះរាបល្អយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព គឺត្រូវចាប់ផ្តើមកាត់បន្ថយចំណីអាហារទាំងនេះជាការប្រញាប់ ហើយងាកទៅបរិភោគបន្លែផ្លែឈើដែលផ្តល់សារធាតុចិញ្ចឹមដល់រាងកាយវិញ។

កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់

៣) ធ្វើលំហាត់ប្រាណជាប្រចាំ៖ ការធ្វើលំហាត់ប្រាណជារឿងល្អមួយសម្រាប់សុខភាព ទោះធ្វើបានតិចឬច្រើនក្តី ក៏សូមឱ្យព្យាយាមហាត់ឱ្យបានទៀងទាត់។ អ្នកអាចជ្រើសយកការធ្វើលំហាត់ប្រាណដូចជា រត់ លេងបាល់បោះ បាល់ទាត់ជាដើម។ គួរចៀសវាងការតមអាហារខ្លាំងពេក ដែលជាការបង្កគ្រោះថ្នាក់ទៅដល់សុខភាពទៅវិញ។

ធ្វើលំហាត់ប្រាណ

៤) បន្ទោរបង់រៀងរាល់ព្រឹក៖ មូលហេតុសំខាន់របស់អ្នកមានក្បាលពោះធំនោះគឺ ការមិនបន្ទោរបង់ឱ្យបានទៀងទាត់ ជាពិសេសពេលព្រឹកក្រោកពីគេង។ ដូច្នេះត្រូវបន្ទោរបង់ជារៀងរាល់ព្រឹក ហើយឱ្យបានទៀងទាត់ផងដែរ បើអ្នកចង់បានរាងស្អាត។ មួយទៀតគួរទទួលទានបន្លែឱ្យបានច្រើន នោះជាតិខ្លាញ់លើសរបស់អ្នកនឹងត្រូវបានកាត់បន្ថយជារឿយៗ។ 

បន្ទោរបង់រៀងរាល់ព្រឹក

៥) ឈរ ឬដើរឱ្យត្រង់ខ្នង៖ នៅពេលដែលអ្នកឈរកោងខ្នង ឬដើរកោងខ្នង ពិតជាធ្វើឱ្យឃើញក្បាលពោះមិនស្មើរស្អាតឡើយ។ ដូច្នេះដំណោះស្រាយគឺត្រូវដើរ ឈរ ឬអង្គុយឱ្យបានត្រង់ខ្នង ហើយកុំភ្លេចយកដៃច្របាច់តិចៗធ្វើដូចជាម៉ាស្សាក្បាលពោះផងដែរ ដើម្បីជួយសម្រកសាច់នៅត្រង់នោះ។

ឈរ ឬដើរឱ្យត្រង់ខ្នង

សរុបមកអ្នកចង់បានក្បាលពោះរាបស្មើរ កុំភ្លេចសាកល្បងអនុវត្តវិធីសាស្រ្តទាំង៥នេះបន្ថែម បើអ្នកមិនទាន់បានធ្វើវាទេ។ ជូនពរសម្រេចតាមក្តីប្រាថ្នា មានរាងស្រស់ស្អាតទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]