ស្វាយរៀងៈ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ ពោលរយៈពេល៩០ឆ្នាំមុនគឺជាពេលវេលា ដ៏មហានក្ខត្ត ឬក្សឧត្តម ដែលក្សត្រមួយព្រះអង្គ បានប្រសូតចេញពីព្រះឧទរ របស់ម្ចាស់ក្សត្រីយ៍មួយអង្គ ដែលជាបុត្រីសំណព្វ របស់ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ជាព្រះមហាក្សត្រ ដែលគ្មានអំណាចពេញលេញ គ្រប់គ្រងប្រទេសនា សម័យកាលនោះ។

បន្ទាប់ប្រសូតចាកពីឧទរព្រះមាតា ស៊ីសុវត្ថិ កុសមៈនារីរ័ត្ន សេរីវឌ្ឍនា ភ្លាម ព្រះអង្គម្ចាស់ នរោត្តម សុធារស ដែលត្រូវជាជីតា បានដាក់ព្រះនាមឲ្យទារកមួយអង្គនេះថា «សីហនុ» គឺព្រះនាម ដែលយកលំនាំ តាមព្រះរាជា មួយអង្គនៅក្នុងរឿងព្រេងនិទានរបស់ប្រទេសឥណ្ឌា។ នៅពេលដែលបុត្ររបស់ខ្លួន បានទទួលព្រះនាមហើយ នោះ ម្ចាស់ក្សត្រីយ៍ កុសមៈ បានយាងមកកាន់ព្រះបរមរាជវាំង ដើម្បីឲ្យក្រុមហោទស្សន៍ទាយពីជោគជាតារាសី របស់ព្រះរាជកុមារ «សីហនុ» នៅពេលអនាគត។ ពួកក្រុមហោរបស់ព្រះបរមរាជវាំង បានទស្សន៍ទាយថា អនា គតរបស់ព្រះរាជកុមារសីហនុ នឹងមានជោគជាតារាសីខ្ពស់ ព្រះអង្គនឹងទទួលបានតំណែងធំ នៅក្នុងរាជការ ក៏ប៉ុន្តែ ព្រះអង្គមានគូសត្រូវច្រើនតាមព្យាបាទ តែនៅទីបំផុតព្រះអង្គបានផ្ដួលពួកគេដោយជោគជ័យ។

ការទស្សន៍ទាយរបស់ហោព្រះបរមរាជវាំងហាក់ដូចជាត្រឹមត្រូវណាស់។ ព្រោះគ្រាន់តែព្រះអង្គមានព្រះជន្ម ១៩ ព្រះវស្សា ព្រះរាជកុមារ សីហនុ ត្រូវបានក្រុមប្រឹក្សារាជបាល័ង្គបោះឆ្នោតជ្រើសតាំងព្រះអង្គជាព្រះមហាក្សត្រ របស់ប្រទេសកម្ពុជា ជំនួសព្រះមហាក្សត្រ មុនីវង្ស ដែលបានសោយព្រះទិវង្គត ដោយសារការបង្អត់ព្រះស្ងោយ អង្គឯង ព្រោះតែខឹងអាណាព្យាបាលបារាំង ដែលបានកាត់ដីមួយផ្នែកភាគខាងលិចរបស់ប្រទេសកម្ពុជា ប្រគល់ ឲ្យប្រទេសថៃ ដោយគ្មានការពិគ្រោះយោបល់ជាមួយព្រះអង្គបន្តិចសោះឡើយ។

ជាការពិតណាស់ការលើកឲ្យ ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ដែលទើបតែមានព្រះជន្ម ១៩ ព្រះវស្សាឲ្យឡើងសោយរាជ្យ ដែលរំលងសម្ដេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត ដែលជាបុត្រាច្បងរបស់ព្រះមហា ក្សត្រ មុនីវង្ស នោះ វាពិតជាមិនអាចទៅរួចឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីអាណាព្យាបាលបារាំង នោះទេ។ ការដែលបារាំងគាំទ្រយុវជនវ័យក្មេងរូបនេះ ឲ្យឡើងសោយរាជ្យ ព្រោះតែបារាំងចង់ជៀសពីការ ប្រឈមមុខជាមួយនិងពួកអភិរក្សនិយមខ្មែរមួយចំនួន ដែលទាមទារឲ្យមានផ្លាស់វេនសោយរាជ្យគ្នាពីត្រកូល ស៊ីសុវត្ថិ មកត្រកូល នរោត្តម ព្រោះក្រុមអភិរក្សខ្មែរយល់ថា ខ្សែ ស៊ីសុវត្ថិ មានភាពស្លូតបូតពេក ដែលជាហេតុ មិនដែល ហ៊ានតវ៉ាជាមួយអាណាព្យាបាលបារាំងនៅពេល ដែលមានបញ្ហាមិនពេញចិត្តអ្វីមួយ ដែលខុសពីខ្សែ នរោត្តម ដែលមានភាពស្វាហាប់ជាងនេះ និងម្យ៉ាងទៀតបារាំងយល់ថា ខ្លួនអាចងាយស្រួល និងបង្គាប់បញ្ជា ស្ដេចវ័យក្មេង ដែលវក់វីនឹងសិល្បៈ និងកីឡា បានយ៉ាងងាយស្រួល។

តែសេចក្ដីសង្ឃឹមរបស់ពួកអាណានិគមថា ងាយស្រួលក្នុងការបង្គាប់បញ្ជា ចំពោះស្ដេចវ័យក្មេងមួយអង្គនេះ វា បានធ្វើឲ្យអាណាព្យាបាលបារាំងមានការខកចិត្តជាពន់ពេក បន្ទាប់ពីព្រះអង្គបានឡើងសោយរាជ្យ ដោយស្ដេច វ័យក្មេងអង្គនេះ បានទាមទារឲ្យបារាំងលុបចោលនូវសន្ធិសញ្ញាមួយចំនួន ព្រមទាំងទាមទារឲ្យបារាំង ប្រគល់ឯក រាជ្យទាំងស្រុងជូនដល់ប្រទេសកម្ពុជាវិញ ដោយគ្មានលក្ខខណ្ឌនៅក្នុងឆ្នាំ១៩៥៣។

មានហេតុការណ៍មួយ ខណៈដែលបារាំងប្រគល់ឯករាជ្យទាំងស្រុងឲ្យប្រទេសកម្ពុជានោះ គឺមានកងទ័ពបារាំង មួយក្រុមបានមកប្រមូលផ្ដុំគ្នានៅមុខបន្ទាយមេបញ្ជាការរបស់ខ្លួន ដោយក្រុមទាហ៊ានទាំងនោះ បានសួរទាំងងឿង ឆ្ងល់ថា ហេតុអ្វីប្រទេសបារាំងប្រគល់ប្រទេសកម្ពុជា ដ៏ស្រស់ត្រកាលមួយនេះឲ្យស្ដេចវ័យក្មេងមួយអង្គទៅវិញ?

ពេលនោះលោកមេបញ្ជាការ បានប្រាប់ទៅក្រុមទាហានទាំងនោះថា ជាការពិតស្ដេចវ័យក្មេងនេះ ពិតជាឆ្កួតមែន តែជា «ស្ដេចឆ្កួតដោយទេព្យកោសល្យ»។ ចម្លើយទាំងនេះវា ពិតជាធ្វើឲ្យពួកទាហានទាំងនោះភ្លឺភ្នែកគ្រប់គ្នា។

ក្នុងរជ្ជកាលដែលព្រះអង្គកាន់កាប់ប្រទេសក្នុងរយៈពេល១៧ឆ្នាំនោះ អ្នកនិពន្ធជនជាតិអូស្រ្តាលីម្នាក់ គឺលោក មីលតុន អូសប៊ន បានចាត់ទុករជ្ជកាល ដែលព្រះអង្គគ្រប់គ្រងប្រទេសកម្ពុជានោះថា «ជាយុគសម័យមាសក្នុង រយៈពេលខ្លី» ព្រោះសម័យកាលនោះចំណូលរបស់ប្រជាជនកម្ពុជា GDP លើសប្រជាជនប្រទេសមួយចំនួន ដែលនៅក្បែខាងប្រទេសកម្ពុជា សូម្បីតែចំណូលរបស់ប្រជាជនប្រទេសកូរ៉េខាងត្បូង នៅពេលនោះ ក៏មាន ចំណូលទាបជាងប្រជាជនប្រទេសកម្ពុជាដែរ។ ក៏ប៉ុន្តែវាពិតជាគួរឲ្យសោកស្ដាយណាស់ ដែលព្រះអង្គមិនអាច ទប់មិនឲ្យប្រទេសដ៏តូចមួយនេះ ឲ្យនៅជាប្រទេសអព្យាក្រឹត បានអំឡុងពេលសង្រ្គាមរវាងប្រទេសវៀតណាម ខាងជើង និងវៀតណាមខាងត្បូង ដែលបញ្ហានេះហើយ ដែលជាដើមចមធ្វើឲ្យលោកសេនាប្រមុខ លន់ ណុល យកលេសទម្លាក់ព្រះអង្គចេញពីអំណាច។

ក្រោយមកដើម្បីសងសឹក និងអ្នកដែលទម្លាក់ព្រះអង្គ សម្ដេច សីហនុ បានសុខចិត្តទៅចងសម្ព័នភាពជាមួយ អតីតគូសត្រូវ និងព្រះអង្គពីអតីតកាល គឺពួកខ្មែរក្រហម ដែលការចងសម្ព័នភាពជាមួយក្រុមខ្មែរក្រហមនេះ ហើយដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះអង្គហាក់ដូចជាស្រអាប់ បើទោះបីជាក្រោយមកព្រះអង្គ បានដកខ្លួនចេញ ពីក្រុមនេះ ក៏ដោយ។

គេនៅចងចាំបានថា បន្ទាប់ពីត្រូវបានលោកសេនាប្រមុខ លន់ ណុល ទម្លាក់ព្រះអង្គ និងធ្វើការផ្លាស់ប្ដូរបបមក គ្មានអ្នកណាម្នាក់ មានជំនឿថា របបរាជានិយមនេះអាចនឹងរស់រានមានជីវិតឡើងវិញទេ ក៏ប៉ុន្តែវាពិតជាអម្ភូត ហេតុមួយ ដែលគេមិននឹកស្មានដល់ដែលសម្ដេចព្រះ នរោត្តម សីហនុ អាចឡើងសោយរាជ្យជាលើកទី២បាន ដោយទេពកោសល្យពិតៗ របស់ទ្រង់ដោយផ្ទាល់។

ព្រះអង្គត្រូវបានគេលើកឲ្យឡើងសោយរាជ្យជាលើកទីពីរនៅថ្ងៃទី ២៤ ខែ កញ្ញា ១៩៩៣។ ថ្វីបើអតីតកាល របស់សម្ដេចព្រះ នរោត្តម សីហនុ មានទាំងល្អ និងមិនល្អមួយចំនួនក៏ដោយ ក៏ប៉ុន្តែប្រជាជនកម្ពុជា និងពួក បរទេស មួយចំនួនពិតជាមិនអាចបំភ្លេចបាននោះទេ នូវអំពើល្អរបស់ទ្រង់ ដែលបានទាមទារឯករាជ្យជូនប្រទេស ជាតិដោយមិនមានបង្ហូឈាមរវាងខ្មែរ និងបារាំងមួយតំណក់ណាឡើយ ជាពិសេសនោះ ព្រះអង្គត្រូវបានគេស្ងើច សរសើរ ចំពោះការដើរតួនាទីជាអ្នកបង្រូបបង្រួម និងផ្សះផ្សាជាតិ បានយ៉ាងល្អឥតខ្ចោះ នាសតវត្សន៍ទី២០ កន្លង មកនេះ។

ការយាងចូលទីវង្គតរបស់ព្រះអង្គកាលពីថ្ងៃទី១៥ ខែ តុលា កន្លងទៅវាពិតជាបានធ្វើឲ្យប្រជាជន កម្ពុជាមានក្ដី រន្ធត់ និងស្ដាយស្រណោះអាឡោះអាល័យព្រះអង្គជាពន់ពេក ក៏ប៉ុន្តែវាក៏បានធ្វើឲ្យក្រុមអ្នក ដែលមិនពេញចិត្ត និងព្រះអង្គមួយចំនួនតូច បានចាត់ទុកថា វាបានបញ្ចប់នូវយុគសម័យដ៏ចម្រូងចម្រាស់មួយផងដែរ។

តែអ្វីដែលធ្វើឲ្យពួកបរទេស និងប្រជាជនកម្ពុជា មិនអាចមិនស្ងើចសរសើរព្រះអង្គបាននោះ គឺនៅដំណាក់កាលចុងក្រោយ នៃព្រះជន្មាយុរបស់ព្រះអង្គ គឺ ព្រះអង្គបានរៀបចំនូវការផ្ទេររាជបាល័ង្គមួយ ដ៏រលូនថ្វាយដល់បុត្រា របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម សីហមុនី។ ព្រះមហាក្សត្រ សីហមុនី គឺជាក្សត្រ ដែលគ្មានមហិច្ឆតានយោ បាយនោះទេ ព្រះអង្គបានបម្រើប្រជានុរាស្រ្ត និងប្រទេសជាតិ ដោយទឹកចិត្តស្មោះត្រង់ជាទីបំផុត។ បើទោះបីជា មនុស្សមួយចំនួនយល់ថា ព្រះអង្គ គឺជាក្សត្រដែលគ្មានអំណាចក៏ដោយ ក៏ប៉ុន្តែព្រះមហាក្សត្រ សីហមុនី គឺពិតជា ក្សត្រមួយព្រះអង្គ ដែលមានអំណាច «សីលធម៌» ដែលគ្មានមនុស្សណាម្នាក់ នឹងមានអំណាចនេះដូចទ្រង់ឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]