មណ្ឌលគិរីៈ កុមារាម្នាក់បានរងរបួស យ៉ាងដំណំពីសំណាក់ ហ្វូងគោមួយហ្វូង ដែលផ្អើលរត់មក ជាន់លើ ទាំងកំរោល ខណៈដែលកុមាររងគ្រោះរូបនោះ កំពុងធ្វើដំណើរដោយ ថ្មើរជើងទៅសាលារៀន បឋមសិក្សា ក្រុងសែនមនោរម្យ ។ហេតុការណ៍ដ៏គួរឲ្យ អាណិតអាសូរនេះបានកើតឡើង កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០៦ ៤០នាទី នៅបរិវេណអាកាសយានដ្ឋានចាស់ ស្ថិតនៅភូមិកណ្តាល សង្កាត់ ស្ពាន មានជ័យ ក្រុង សែនមនោរម្យ។

តាមសាក្សីនៅកន្លែងកើតហេតុឃើញផ្ទាល់បានប្រាប់ ឲ្យដឹងថា នៅពេល ព្រលឹមស្រាងៗ នោះគេឃើញកុមាររង គ្រោះខាងលើ ក្នុងសំលៀកបំពាក់ឯកសណ្ឋានជាសិស្សសាលា បានដើរតំរង់ទៅកាន់សាលា។ ខណៈ ដើរមក ដល់កន្លែង កើតហេតុ ក៏មានហ្វូងគោមួយហ្វូងដែលគេគ្រប់គ្នាអះអាងថា ជាគោរបស់លោកអភិបាលខេត្ត បានដោយញីដោយឈ្មោល ផ្អើលរត់ចំកុមារសិស្សសាលា ហើយសន្ឋប់ជាន់ពីលើដួល រហែកខោអាវ ជាំ ពេញដងខ្លួន នឹងត្រូវបុកចំត្រចៀក ដោយស្នែងគោមួយទំហឹងផងដែរ។

ប្រភពបន្តថា ភ្លាមៗនោះកុមាររងគ្រោះត្រូវបាន អ្នករស់នៅក្បែរកន្លែងកើតហេតុ ជួយដេញហ្វូងគោ ទាំងនោះ ចេញដើម្បីជួយសង្គ្រោះ នឹងត្រូវបានគេដឹកយកទៅ សម្រាកព្យាបាលនៅគ្លីនិកឯកជន មួយកន្លែងនៅ ក្បែនោះ។

ប្រភពបានបញ្ជាក់ថា អ្វីដែលជាការហួសចិត្តគឺ នៅពេលបញ្ជូនកុមាររងគ្រោះទៅព្យាបាលនៅគ្លីនិកឯកជន គេសង្កេតឃើញថា ម្ចាស់គ្លីនិកពុំបានយកចិត្តទុកដាក់ ជួយសង្គ្រោះជនរងគ្រោះឡើយ ដោយគិតតែពី  សួរនាំរកអ្នកចេញថ្លៃសេវា។ដោយមើលឃើញថា ម្ចាស់គ្លីនិកពុំបានយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ បងស្រីម្នាក់ដែលទើស ភ្នែកពេកក៏ជួយចេញលុយ១៥០០០៛ ឲ្យទៅគ្រូពេទ្យមុខលុយ ហើយក៏ជួយដឹក កុមាររងគ្រោះនោះ ទៅព្យាបាលបន្តនៅ មន្ទីរពេទ្យបង្អែកខេត្តវិញ។តែនៅពេលយកមកដល់ពេទ្យរដ្ឋហើយនោះ ក៏មិនខុសពីពេទ្យឯកជនដែរ ។

ស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះ យ៉ាត់ គីន ត្រូវជា យាយកុមាររងគ្រោះខាងលើបានឲ្យដឹងថា ចៅប្រុសរបស់គាត់ មានឈ្មោះ កែវ វ៉ាម៉េត អាយុ ១៣ ឆ្នាំ រៀនថ្នាក់ទី៥ នៅសាលារៀនបឋមសិក្សាក្រុងសែនមនោរម្យ។ បងស្រីដដែលបន្តថា សព្វថ្ងៃនេះចៅប្រុសរស់នៅតែពីរនាក់គាត់ជាយាយតាំងពីនៅតូចមកម្ល៉េះ នៅភូមិ ដោះក្រមុំ សង្កាត់ សុខដុម ក្រុង សែនមនោរម្យ។ បច្ចុប្បន្នគ្រួសារគាត់ជួបប្រទះភាពលំបាកខ្លាំងណាស់ ព្រោះរូបគាត់បានធ្លាក់ខ្លួនឈឺហើមជើង ជិតកន្លះឆ្នាំដើរពុំរួចឡើយ ហើយនៅពេលនេះចៅប្រុសតែ ម្នាក់គត់ដែលអាចពឹងពាក់បានខ្លះៗនោះ ត្រូវមកជូបរឿងបែបទៀត មិនដឹងថាបានប្រាក់ ពីណាមកព្យាបាលចៅរបស់គាត់ទេ។

មជ្ឃដ្ឋានអ្នករស់នៅជិតរង្វង់មូលរូបសំណាក់គោព្រៃបានឲ្យដឹងស្របគ្នាថា ជារៀងរាល់យប់គេតែង ឃើញហ្វូងគោមិនតិចជាង២០ក្បាលទេ បានវាទទីកាន់កាប់ តំបន់ជិតរង្វង់មូលខេត្តហើយ តែង បង្ករគ្រោះថ្នាក់ចរាចរណ៏ ជាញឹកញាប់។តែហាក់ដូចជាពុំមានការមើលឃើញពីសំណាក់ អាជ្ញាធរមូលដ្ឋានឡើយឬប្រហែលជាគោអ្នកធំមិនហ៊ាន ធ្វើអី?

www.dap-news.com

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]