បច្ចុប្បន្ននេះរឿងថែរក្សាសុខភាព ថែរក្សារាង និងទម្ងន់ គឺជារឿងដ៏សំខាន់បំផុតសម្រាប់នារីៗ ព្រោះចំណីអាហារសព្វថ្ងៃនេះគឺពោរពេញទៅដោយសារធាតុគីមីដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព ជាពិសេសគឺជាតិស្ករដែលធ្វើឱ្យរាងកាយងាយប្រឈមទៅនឹងជំងឺធាត់។

ទោះបីជាជាតិផ្អែមត្រូវបានបំលែងទៅជាថាមពល សម្រាប់យកទៅប្រើប្រាស់នៅក្នុងរាងកាយ ប៉ុន្តែក៏មិនគួរទទួលទានស្ករលើសពី៦ស្លាបព្រាកាហ្វេ ឬ២៤ក្រាម ក្នុងមួយថ្ងៃដែរ។ ប្រសិនបើបរិភោគច្រើនពេក វានឹងក្លាយទៅជាជាតិខ្លាញ់សន្សំទុកនៅក្នុងរាងកាយ ហើយលទ្ធផលគឺ ឡើងទម្ងន់ និងបញ្ហាសុខភាពជាដើមក៏មាន។

ដូច្នេះបើចង់បានភេសជ្ជៈ ឆ្ងាញ់ មិនសូវសម្បូរជាតិ ស្ករ ជំនួយសុខភាព ហើយធ្វើឱ្យអារម្មណ៍ស្រស់ថ្លាបានថែមទៀតនោះគឺកុំភ្លេចភេសជ្ជៈទាំង៣មុននេះឱ្យសោះ៖ 

១) ទឹកផ្លែព្នៅ៖ ព្នៅ គឺជាឱសថមួយប្រភេទដ៏ល្អ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ វាក៏ជាឱសថបុរាណមានដាក់លក់នៅលើទីផ្សារផងដែរ។ គុណសម្បត្តិរបស់វាអាចជួយធ្វើឱ្យខ្យល់ដើរស្រួល កាត់បន្ថយការទល់លាមក បន្ថយភាពអស់កម្លាំង និងការស្ទះដង្ហើមជាដើម។ 

វិធីធ្វើទឹកព្នៅគឺ៖

-ប្រើផ្លែព្នៅខ្ចី ដែលបានកាត់ជាចំណិតហើយហាលថ្ងៃឱ្យស្ងួត យកមកលាងទឹកឱ្យស្អាត និងដំវាឱ្យបែកៗបន្តិច។

-ដាំទឹក៣០០មីលីលីត្រ ហើយដាក់ផ្លែព្នៅដែលលាងទឹកស្អាត ដុតភ្លើងតិចៗល្មម ឬនាំយកព្នៅទៅដាក់ក្នុងឆ្នាំងស្ងោររយៈពេល១០ទៅ១៥នាទី ដោយប្រើកម្តៅមធ្យម។

-បន្ថែមជាតិស្ករប្រមាណ១៥ក្រាម ហើយទុកឱ្យត្រជាក់សឹមចាក់ដាក់ដបស្អាតមួយរក្សាទុកសម្រាប់បរិភោគ។

ពេលទទួលទានអាចដាក់លាយជាមួយទឹកកក ជាពិសេសក្នុងរដូវក្តៅនឹងធ្វើឱ្យស្រស់ស្រាយ អាចកែក្តៅក្នុងបំបាត់អាការស្រេកទឹកយ៉ាងប្រសើរ។ អ្នកខ្លះក៏ចូលចិត្តទទួលទានដោយដាំជាមួយទឹកធម្មតាផឹកក្តៅឧណ្ហៗ ឬដាក់ទឹកកកក៏បានដែរ។ 

២) ទឹកផ្លែឈើចម្រុះ៖ គ្រឿងផ្សំរួមមានដូចជា ការ៉ុត ក្រូចវល្លិ៍ ស្វាយ និងម្នាស់ (អាចប្រើផ្លែឈើដទៃទៀតក៏បានតាមចំណូលចិត្ត)។

-ការ៉ុត៖ មានលក្ខណៈសម្បត្តិជាច្រើនក្នុងការថែរក្សាភ្នែក ជំនួយខួរក្បាល សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលមានអត្ថប្រយោជន៍ដល់រាងកាយផងដែរ។

-ក្រូចវល្លិ៍៖ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ វីតាមីន និងជាតិសរសៃ ដោយក្នុងបរិមាណ១០០ក្រាម ផ្តល់ថាមពល៩៧កាល់ឡូរី។ ជាតិសរសៃខ្ពស់អាចជួយបំបាត់ជាតិខ្លាញ់នៅក្នុងរាងកាយ និងជួយសម្អាតជាតិពោះវៀន។ បង្ការមហារីកពោះវៀនធំ ជួយគ្រប់គ្រងបេះដូង និងសម្ពាធឈាមផងដែរ។

-ស្វាយ៖ មានសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ដល់រាងកាយ ពិសេសវីតាមីន C ជួយបង្ការជំងឺផ្តាសាយ និងបង្កើនការស្រូបយកជាតិដែក។ ស្វាយទុំក៏ជំនួយដល់កែវភ្នែក មានវីតាមីន E ខ្ពស់ក្នុងចំណោមផ្លែឈើកំពូលៗ១០មុខផ្សេងទៀត ដែលជួយជម្រុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

-ម្នាស់៖ មានវីតាមីនពង្រឹងប្រព័ន្ធភាពស៊ាំ ការពារការឆ្លងមេរោគ ប្រយុទ្ធជាមួយមេរោគ និងជួយក្នុងការរំលាយអាហារផងដែរ ពិសេសគឺគ្រប់គ្រងជាតិស្ករក្នុងឈាម។

វិធីធ្វើទឹកផ្លែឈើចម្រុះគឺ៖

-នាំយកការ៉ុត និងម្នាស់ និងស្វាយ មកក្រឡុកចូលគ្នា។

-យកផ្លែឈើទាំងនេះ ទៅលាយជាមួយទឹកផ្លែក្រូចវល្លិ៍ និងទឹកធម្មតា ហើយដាំបញ្ចូលគ្នា។ ដាក់អំបិល១ស្លាបព្រាកាហ្វេ និងបន្ថែមទឹកឃ្មុំដើម្បីបង្កើនរសជាតិ និងក្លិនឈ្ងុយតាមចំណង់ចំណូលចិត្ត។ 

៣) ទឹកស្លឹកគ្រៃ៖ ស្លឹកគ្រៃមានវីតាមីន ដែលអាចជួយចិញ្ចឹមភ្នែកយ៉ាងល្អ ព្រោះវាក៏ផ្ទុកជាតិកាល់ស្យូម ផូស្វ័រ ដែលអាចថែរក្សាឆ្អឹង និងធ្មេញទៀតផង អាចកែចុកពោះ ហើមពោះ សម្រួលពោះវៀន គ្រប់គ្រងសម្ពាធឈាម ជួយបណ្តេញជាតិពុលក្នុងរាងកាយផងដែរ។

វិធីធ្វើគឺ៖

-នាំយកស្លឹកគ្រៃប្រមាណ២០០ក្រាម កាត់ជាបំណែកៗ។

-យកស្លឹកគ្រៃមកស្ងោរជាមួយទឹក២៥០មីលីលីត្រ ហើយរង់ចាំឱ្យវាពុះប្រមាណជា៥-១០នាទី ចាំយកក្រណាត់ស្អាតមកត្រង់យកជាតិសូលុយស្យុងដែលចេញពីស្លឹកគ្រៃចោល។

-ដាក់ស្ករប្រមាណ១៥ក្រាម ហើយកូរឱ្យសព្វ។ បើអ្នកចូលចិត្តរសជាតិជូរបន្តិចៗក៏អាចទឹកក្រូចឆ្មារបន្ថែមបាន ដើម្បីបង្កើនភាពស្រស់ស្រាយពេលទទួលទាន។  

សម្រាប់ជីវិតប្រចាំថ្ងៃ «ទឹក» គឺជាវត្ថុរាវដ៏ល្អបំផុតសម្រាប់សុខភាព។ វាផ្តល់ទាំងថាមពល ជួយរក្សាសីតុណ្ហភាពនៅក្នុងរាងកាយ ដឹកជញ្ជូនអុកស៊ីសែនចូលទៅក្នុងកោសិកា និងជួយឱ្យកោសិកាសាច់ដុំដំណើរការបានយ៉ាងល្អឥតខ្ចោះ។ ទន្ទឹមនឹងនេះអ្នកក៏ត្រូវហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ ដើម្បីសុខភាពល្អក្នុងថ្ងៃអនាគត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]