ខេត្តបាត់ដំបង ៖ ទីបំផុតជនដែលគេសង្ស័យថា ជាឃាតករអារ.កសម្លាប់យុវជនភេទទី៣ ម្នាក់ ជាការសម្លាប់ប្លន់យកម៉ូតូនៅឃុំបាយដំរាំ ស្រុកបាណន់ កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុនត្រូវសមត្ថកិច្ចឃាត់ខ្លួនជា បន្តបន្ទាប់ ទាំងជនដៃដល់ ទាំងអ្នកសមគំនិតសរុបចំនួន៥នាក់ កាលពីព្រឹកថ្ងៃទី៣០តុលា ខណៈជនដៃដល់ម្នាក់សំងំលាក់ខ្លួននៅក្នុងផ្ទះ ឯម្នាក់ទៀតជាមេខ្លោងលាក់ខ្លួននៅក្បែរ ហាងខារ៉ាអូខេមួយកន្លែងនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្ត ដែលតាមប្រមាញ់ទាំងយប់ទាំងថ្ងៃលើក្រុមជនសង្ស័យខាងលើនេះ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលត្រូវឃាត់ខ្លួន គឺ២នាក់ជនដៃដល់ រីឯ៣នាក់ទៀតជាអ្នកសមគំនិត ។ ជនដៃដល់១-ឈ្មោះដារ៉ា ឈាន ហៅប៉ិន អាយុ២០ឆ្នាំ មេគំនិត និងជាអ្នកចាប់ក្រៀកជនរងគ្រោះពេលអារ.កសម្លាប់ និង២-ឈ្មោះវ៉ាន់ ចាន់ អាយុ១៨ឆ្នាំ ជាអ្នកប្រើកាំបិតចាក់ និងអារ.កសម្លាប់ ។ ពួកគេទាំង២នាក់នៅភូមិកំពង់ចែង  ឃុំបាយដំរាំ ស្រុកបាណន់ ។ រីឯអ្នកសមគំនិតមាន ១-ឈ្មោះអឿន តុងអាន អាយុ១៧ឆ្នាំ អ្នកទទួលបញ្ញើម៉ូតូពីជនដៃដល់ដែលប្លន់បាន ២-ឈ្មោះអិុន សុភា ហៅង៉ិល អាយុ១៨ឆ្នាំ ជាអ្នកផ្ដល់សម្លៀកបំពាក់ឲ្យជនដៃដល់ផ្លាស់ប្ដូរក្រោយពេលប្លន់ និង៣-ឈ្មោះអ៊ុំ ស អាយុ៥១ឆ្នាំ ជាអ្នកយកសម្លៀកបំពាក់ជនដៃដល់ទៅបោះចោល ។ ជនសមគំនិតទាំង៣នាក់នេះរស់នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ។ លោកជេត វណ្ណនី បានបញ្ជាក់ថា កម្លាំងរបស់លោកបានប្រឹងប្រែងយ៉ាងខ្លាំងទម្រាំបំបែកសម្បុកក្រុម ឃាតករវ័យក្មេងនេះបានក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការនគរបាល ខេត្ត ដែលមានកិច្ចសហការផ្ទាល់ផងដែរពីកម្លាំងនាយកដ្ឋានចារកម្ម និងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ។

លោកបញ្ជាក់បន្ថែមថា ក្រៅពីឃាត់ខ្លួនពួកគេជាបន្តបន្ទាប់ វត្ថុតាងក៏ត្រូវសមត្ថកិច្ចប្រមូលបានទាំងអស់ដែរ ។ ឈ្មោះតារ៉ា ឈាន ហៅប៉ិន បានសារភាពថា ខ្លួននិងឈ្មោះចាន់ ពិតជាបានប្រព្រិត្តនូវអំពើប្លន់សម្លាប់នោះមែន ។ ជននេះថា ខ្លួននិងជនរងគ្រោះឈ្មោះមករា ជាភេទទី៣នោះបានស្រឡាញ់គ្នាជាសង្សារប្រហែលជិត១ខមែមកហើយ ។ ជននេះថា នៅមុនពេលកើតហេតុបន្តិចខ្លួនបានទូរស័ព្ទហៅឈ្មោះមករា ដោយកុហក់ថា ឲ្យមកឌុបខ្លួនទៅផ្ទះ ហើយឈ្មោះមករា ក៏មកយកខ្លួននិងឈ្មោះចាន់នៅម្ដុំភូមិបបុស ឃុំឈើទាល ។ គ្រានោះខ្លួនជាអ្នកឌុប រីឯឈ្មោះមករា អង្គុយកណ្ដាល និងឈ្មោះចាន់ អង្គុយពីក្រោយ ។ ឈ្មោះប៉ិន បញ្ជាក់ថា ពេលជិះដល់ចំណុចកើតហេតុខ្លួនក៏ឈប់ម៉ូតូ រួចចុះឱបថើបសង្សារភេទទី៣នោះមួយខ្សឺត ហើយក៏ដាល់ចំកណ្ដាលមុខតែម្ដង រីឯឈ្មោះចាន់ បានប្រើកាំបិតចិតបន្លែចាក់ពីក្រោយ និងកញ្ចឹងករហូតសន្លប់ ។ ប៉ុន្តែដោយខ្លាចជនរងគ្រោះមិនស្លាប់ខ្លួនក៏ជិះម៉ូតូទៅផ្ទះយក កាំបិតវែងមួយមកកាប់ថែមទៀត រួចនាំគ្នាសែងតាមភ្លឺស្រែផុតពីកន្លែងវ៉ៃដំបូងប្រហែលជាង៤០ម៉ែត្រ ទើបឈ្មោះចាន់អារ.កបន្ថែមឱ្យស្លាប់ហើយក៏អូសចូលក្នុងស្រូវកណ្ដាល ស្រែតែម្ដង ។ ជននេះថា ខ្លួនជាអ្នកដាល់ពីដំបូង និងចាប់ក្រៀក តែឈ្មោះចាន់ ជាអ្នកប្រើកាំបិតចាក់ និងអារ.កសម្លាប់ ។ ក្រោយពីប្លន់ម៉ូតូបាន ភ្លាមនោះខ្លួនជិះទៅផ្ញើនៅផ្ទះឈ្មោះតុងអាន រួចខ្លួនទៅផ្ទះឈ្មោះង៉ិល ដើម្បីប្ដូរខោអាវ ។ ខ្លួនមានគម្រោងប្លន់នេះតាំងពីស្រឡាញ់មករា ដំបូងមកម៉្លេះ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាច្រើននាក់មកសួរនាំអំពីករណីនេះ ខណៈជនដៃដល់ទាំង២នាក់បានគេចខ្លួន ប៉ុន្តែក្រោយមកមានតែមនុស្ស៣នាក់ទេ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងរឿងនេះ ។ ឈ្មោះអឿន តុងអាន បានទទួលស្គាល់ថា នៅម៉ោងជាង៧យប់ថ្ងៃទី២៦ តុលា  ឈ្មោះប៉ិន បានជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ គ្មានស្លាកលេខ មកផ្ញើផ្ទះខ្លួនមែន ។ ខ្លួនបានសួរនាំពីរឿងម៉ូតូថ្មីនេះតែឈ្មោះប៉ិន ឆ្លើយថា «អញលួចលុយម៉ែអញទិញទេ» ។ ជននេះបញ្ជាក់ ខ្លួនមិនបានដឹងថា ម៉ូតូនោះត្រូវឈ្មោះប៉ិនប្លន់បានពីគេទេ ។ រីឯឈ្មោះអិុន សុភា ហៅង៉ិល ក៏បានបំភ្លឺដែរថា នៅម៉ោងជាង៧យប់នោះដែរ ឈ្មោះប៉ិន បានមកហៅខ្លួនដល់ផ្ទះ លុះខ្លួនចេញទៅជួបឃើញអាវរបស់វាប្រឡាក់សុទ្ធតែភក់ ។ ខ្លូនបានសួរនាំអំពីបញ្ហានេះវាប្រាប់ថា វាដួលម៉ូតូនៅបាត់ដំបង ហើយវាក៏សុំខោអាវខ្លួនមួយកំប្លេដើម្បីផ្លាស់ចេញ ។ ក្រោយពីផ្លាស់ខោអាវឈ្មោះង៉ិល បានយកខោអាវវាទៅត្រាំទឹកខាងក្រោយផ្ទះខ្លួន តែខ្លួនក៏មិនបានដឹងថា វាមានរឿងអីកើតឡើងទេ ។

ដោយឡែកចម្លើយចុងក្រោយរបស់បុរសវ័យ៥១ឆ្នាំ ឈ្មោះអ៊ុំ ស បានប្រាប់ថា គាត់ក៏មិនបានដឹងរឿងអ្នកណាសម្លាប់អ្នកណាដែរ ។ នៅព្រឹកថ្ងៃទី២៨តុលា គាត់បានឃើញខោអាវមួយកំប្លេនោះនៅក្បែរបងផ្ទះគាត់ ដោយមិនដឹងរបស់អ្នកណា គាត់ក៏យកទៅបោះចោលក្បែរដើមដូងទៅ តែក្រោយមកមិនដឹងថា អ្នកណាយកខោអាវនោះបន្តទៀតទេ ។

សូមបញ្ជាក់ថា ឈ្មោះម៉េត មករា អាយុ១៨ឆ្នាំ ត្រូវឃាតករអារ.កសម្លាប់កាលពីព្រលប់ថ្ងៃទី២៦ តុលា រួចយកទៅប្លុងចោលក្នុងស្រែនៅចំណុចខ្នងគួរខាងជើងស្ថិតក្នុងភូមិ ច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ។ តាមការធ្វើកោសល្យវិច័យដោយមន្រ្តីជំនាញថា ជនរងគ្រោះត្រូវជនដៃដល់ប្រើកាំបិតចាក់ចំត្រង់ចង្កេះពីក្រោយចំនួន ២កាំបិត ចំកញ្ចឹងក២កាំបិតស្នាមពោរផ្ទៃមុខ និងថ្ងាសខាងស្ដាំ រួចអារ.កបន្ថែមសម្លាប់ ។ ជនប្រព្រឹត្តបានប្លន់យកម៉ូតូរបស់ជនរងគ្រោះ រួចគេចខ្លួន ក្រោយមកសមត្ថកិច្ចបានតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់ រាប់ទាំងជនសមគំនិតផង ។ សមត្ថកិច្ចបានដកហូតម៉ូតូរបស់ជនរងគ្រោះពីជនសង្ស័យបានមកវិញ និងរកឃើញវត្ថុតាងមួយចំនួនទៀតដែលក្រុមនេះប្រើសម្លាប់ជនរង គ្រោះ ។

លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចគ្រប់អង្គភាពជំនាញទាំងអស់របស់អគ្គស្នងការនគ របាលជាតិបានចូលរួមសហការបំបែកសម្បុកជនសង្ស័យប្លន់សម្លាប់ ដ៏សាហាវនេះ ទើបឈានដល់ការបង្រ្កាបបានក្រុមជនដៃដល់ទាំងស្រុង ។ បច្ចុប្បន្នក្រុមជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]