កូរ៉េខាងត្បូង៖ ជារឿងហួសចិត្ត និងនឹកស្មានមិនដល់មួយបានកើតឡើង បន្ទាប់ពីស្រ្តីជនជាតិចិនមួយក្រុម ត្រូវបានខាងព្រលានយន្តហោះបដិសេធ មិនអនុញ្ញាតឲ្យឡើងជិះយន្តហោះត្រឡប់ទៅផ្ទះវិញ ដោយសារមូលហេតុនៃការវះកាត់កែសម្ផស្ស។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ស្រ្តី៣នាក់ជនជាតិចិន ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ បានជិះយន្តហោះធ្វើដំណើរចេញពីប្រទេសរបស់ខ្លួន ឆ្ពោះទៅកាន់ប្រទេសកូរ៉ខាងត្បូង ដើម្បីវះកាត់កែសម្ផស្ស។ ប៉ុន្តែនៅពេលវិលត្រឡប់ទៅវិញ  ស្រាប់តែត្រូវបានខាងព្រលានមិនអនុញ្ញាតឲ្យពួកនាង ឡើងជិះយន្តហោះទៅផ្ទះវិញ ដោយសារហេតុផលកែសម្ផស្សរបស់ពួកនាង បានធ្វើឲ្យមានមុខមាត់ខុសប្លែកខ្លាំង ទៅនឹងរូបថតក្នុងលិខិតឆ្លងដែន ដែលមិនអាចគួរឲ្យជឿទុកចិត្តបាន។

ស្រ្តីជនជាតិចិនមួយក្រុម ត្រូវបានខាងព្រលានបដិសេធ មិនអនុញ្ញាតឲ្យឡើងជិះយន្តហោះត្រឡប់ទៅផ្ទះវិញ ដោយសារតែមូលហេតុនៃការកែសម្ផស្ស

ប្រភពដដែលបន្តថា ស្រ្តីជនជាតិចិនទាំង៣នាក់ខាងលើនេះ បានធ្វើដំណើរមកកូរ៉េខាងត្បូងបែបលក្ខណៈជាភ្ញៀវទេសចរ ប៉ុន្តែក្នុងគោលបំណងដើម្បីមកវះកាត់កែសម្ផស្ស ដោយចំណាយរយៈពេលអស់៨ថ្ងៃ ក្នុងកំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ។

ទោះបីជាយ៉ាងណាមកទល់ពេលនេះ ប្រភពព័ត៌មានមិនបានបញ្ជាក់ឲ្យដឹងទេថា តើស្រីស្អាតទាំងបីរូបខាងលើនេះ នឹងត្រូវបានគេអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសចិនវិញ ឬយ៉ាងណា។ ក្នុងនោះមានការអះអាងមួយចំនួនបានលើកឡើងថា បច្ចុប្បន្នពួកនាងគឺកំពុងស្ថិតក្នុងការរង់ចាំការបញ្ជាក់ជាផ្លូវការណាមួយ អំពីអត្តសញ្ញាណពិតប្រាកដរបស់ពួកនាងជាមុនសិន។

អ្នកនិយមលេងអ៊ីនធើណែតមួយចំនួន បានបញ្ចេញមតិរិះគន់លើចំណាត់ការរបស់ខាងព្រលានយន្តហោះថា នេះគឺជាសិទ្ធិសេរីភាព ក្នុងការវះកាត់ផ្លាស់ប្តូរមុខរបស់ពួកនាង មិនគួរផ្តាច់ការបែបនេះទេ។

គួរឲ្យដឹងថា កូរ៉េខាងត្បូងត្រូវបានគេស្គាល់ និងចាត់ទុកថាជាប្រទេសដែលល្បីល្បាញ និងពេញនិយមខ្លាំងខាងវះកាត់កែសម្ផស្ស។ ហើយស្រ្តីជនជាតិចិន គេសង្កេតឃើញថានិយមធ្វើដំណើរទៅវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េ រាបសែននាក់ក្នុងមួយឆ្នាំៗ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ពួកគេនិយមវះកាត់តត្របកភ្នែកពីរជាន់ កែភ្នែកឲ្យធំ កែខ្ទង់ច្រមុះ និងកែសម្ផស្សលើដងខ្លួន ជាដើម ៕ 

ស្រ្តីជនជាតិចិនទាំង៣នាក់ខាងលើនេះ បានធ្វើដំណើរមកកូរ៉េខាងត្បូងបែបលក្ខណៈជាភ្ញៀវទេសចរ ប៉ុន្តែក្នុងគោលបំណងដើម្បីមកវះកាត់កែសម្ផស្ស
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]