រាជធានីភ្នំពេញ ៖ រថយន្តម៉ាកដេវ៉ូ ពណ៌ឈាមជ្រូក ខណៈបត់ឆ្វេងក៏ត្រូវម៉ូតូសេ១២៥ ជិះគ្នា២នាក់បើកលឿនពេក ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកកង់ ក្រោយរថយន្ត បណ្តាលឱ្យដួលហើយអ្នកបើកម៉ូតូ បោកក្បាលនឹងកញ្ចក់រថយន្ត បែកកញ្ចក់ខ្ទេចរបួសក្បាលតិចតួច ឯអ្នកជិះពីក្រោយបោកនឹងក្បាល អ្នកឌុបបាក់ធ្មេញហូរឈាមកក្លាក់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ តុលា នៅចំណុចមហាវិថីព្រះនរោត្តម កែងផ្លូវលេខ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដេវ៉ូ ពណ៌ឈាមជ្រូកជិះគ្នា២នាក់ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ ក្នុងគោលបំណងទៅលាងម៉ាស៊ីន ត្រជាក់ឲ្យគេនៅជិតកន្លែងកើតហេតុ បើកតាមមហាវិថីព្រះនរោត្តម ពីជើងទៅត្បូង ចំណែកម៉ូតូសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ជិះគ្នា២នាក់ដែរក្នុងទិសដៅបញ្រ្ចាសគ្នា ខណៈមកដល់ចំណុចផ្លូវកែងរថយន្តបត់ឆ្វេង ធ្វើឱ្យអ្នកបើកម៉ូតូចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុល ទៅបុកកង់ក្រោយរថយន្តបណ្តាលឲ្យកង់មុខម៉ូតូ ធ្លាយពោះវៀនចេញក្រៅ ឯអ្នកបើកម៉ូតូពាក់មួកការពារសុវត្ថិភាពបោកក្បាល នឹងកញ្ចក់រថយន្តបែកខ្ទេចជ្រុលក្បាលចូល ក្នុងរថយន្តបែកក្បាលបន្តិច ចំណែកអ្នកជិះពីក្រោយបោកក្បាល ជាមួយនឹងអ្នកបើកម៉ូតូធ្វើឲ្យបាក់ធ្មេញមុខអស់មួយ ។

ក្រោយពេលកើតហេតុប៉ូលិសចរាចរបានវាស់វែងតែភាគីទាំងពីរបានចរចាគ្នានៅកន្លែងកើតហេតុ ។ ឆ្លងកាត់ការចរចាគ្នាម្ចាស់រថយន្តបានសងសំណងទៅម្ចាស់ម៉ូតូចំនួន៩០ដុល្លារ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]