ភ្នំពេញ ៖ បុរសម្នាក់បានដាច់ ចិត្ដយកដប ស្រាស៊ុបពើវីស្គី វាយប្រពន្ធរបស់ខ្លួនចំក្បាល រហូតដល់ស្លាប់ ពេលបញ្ជូនមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ដោយសារតែប្ដីរូបនេះ មានជម្លោះពាក្យសំដីជាមួយប្រពន្ធរឿងប្រពន្ធវាយកូននិងតមាត់ត សំដីជាមួយបងប្អូនសាច់ថ្លៃ ដែលត្រូវជាបងស្រីបង្កើតរបស់បុរសជាប្ដី។

ហេតុការណ៍វាយប្រពន្ធរហូតដល់ស្លាប់ ខាងលើនេះ បានកើតឡើងនៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ដែលករណីប្ដីវាយប្រពន្ធបានកើតឡើងតាំងពីថ្ងៃអាទិត្យ ទី២៨ ខែតុលា ហើយប្រពន្ធស្លាប់នៅព្រឹកថ្ងៃទី៣០ ខែតុលា ដោយសារតែរងរបួសធ្ងន់ពេក ។ ប៉ុន្ដែបុរសជាប្ដី ដែលបង្កអំពើហិង្សាលើភរិយារបស់ខ្លួននេះបានរត់គេចខ្លួនបាត់ទៅហើយ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសជា ប្ដីដែលបាននឹងកំពុងរត់គេចខ្លួននោះ មាន ឈ្មោះភី រ៉ាវី អាយុ២៧ឆ្នាំ និងស្ដ្រីជាប្រពន្ធ ឈ្មោះហម ស្រីដា អាយុ២៧ឆ្នាំ ។
បើតាមសមត្ថកិច្ចបានរៀបរាប់ពីដំណើរ រឿងថា កាលពីថ្ងៃអាទិត្យកន្លងទៅ កូន របស់ពួកគេទាំងពីរនាក់នេះ បានទៅលេងផ្ទះអ៊ុំស្រីដែលនៅជិតគ្នាពេលនោះ ត្រូវបានអ៊ុំស្រីដេញកូនកុំឱ្យចូលលេងក្នុង ផ្ទះ ដោយខ្លាចបែកកញ្ចក់ ។ ពេលនោះស្ដ្រីជាប្រពន្ធបានឮយ៉ាងដូច្នេះក៏ខឹងក៏ទៅវាយកូនខ្លួនឯង កុំឱ្យទៅលេងទៀត។

ពេលកំពុងវាយកូននោះ ស្រាប់តែបងថ្លៃស្រី ដែលត្រូវជាបងស្រីបង្កើតរបស់ប្ដី បានរករឿងនិងស្ដីបន្ទោសថា គ្រាន់តែរឿងប៉ុណ្ណឹងក៏វាយកូនដែរ។ បន្ទាប់មក ស្ដ្រីជាប្រពន្ធបានទៅហៅប្ដី ខណៈកំពុងផឹកស៊ីជាមួយមិត្ដភក្ដិ រួចពួកគេទាំងពីរនាក់ប្ដីប្រពន្ធបាននាំគ្នាចូលទៅក្នុងផ្ទះក៏កើតជាជម្លោះ ហើយឈានទៅដល់ថ្នាក់ប្ដីទាញដបស្រាស៊ុបពើវីស្គីវាយក្បាលប្រពន្ធបណ្ដាលឱ្យរងរបួសធ្ងន់។ ក្រោយមានករណីនេះកើតឡើង សាច់ញាតិបានជួយដឹកស្ដ្រីជាប្រពន្ធមកកាន់មន្ទីរពេទ្យ ហើយក៏បានស្លាប់នៅព្រឹកថ្ងៃអង្គារនេះតែម្ដងទៅ ខណៈដែលបុរសជាប្ដីបានរត់គេចខ្លួនបាត់៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]