សព្វថៃ្ងនេះ យ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរបរទេស ពី២០ ទៅ៤០ នាក់ដែរ បានទៅទស្សនា តំបន់ប្រវត្តិសាស្រ្តកោះកេរ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសុមេធ បានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ នេះបើយោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ។

យោងតាមការបង្ហាញរបស់លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា កំណើនភ្ញៀវទេសចរ ទៅកាន់តំបន់ប្រាសាទកោះកេរ ដូចបញ្ជាក់ខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរក្នុងស្រុកផងទេ។

លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកិច្ចអភិវឌ្ឍន៍នៅតំបន់ប្រាសាទកោះកេរខេត្តព្រះវិហារ បានបកស្រាយថា ផ្លូវប្រវែង ១០៥ម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងជាលំដាប់។

នាយកក្រុមហ៊ុនរូបនេះ បានមានប្រសាសន៍ស្របទៅនឹងលោកប្រធានមន្ទីរថា ទោះបីជាផ្លូវនោះល្អហើយក្តី ក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឱ្យបានកាន់តែប្រសើរឡើង សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ មានភាពងាយស្រួលក្នុងការធ្វើដំណើរ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀត។

គួរបញ្ជាក់ថា ឯកសារប្រវត្តិសាស្រ្តមួយចំនួន បានអះអាងថា ប្រាសាទកោះកែរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី ៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកម្ពស់៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជា តាមលទ្ធិព្រហ្មញ្ញសាសនា ផងដែរ៕

ដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]