បាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់ កម្លាំងជំនាញស្នងការខេត្ត សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានចារកម្ម ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តម សេនីយ៍ឯក សុខ ផល អគ្គស្នងការនគរបាលជាតិ ដោយមានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញា នួនសាន បានធ្វើការស្រាវជ្រាវឈានដល់ធ្វើការ ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ជនដៃដល់ ២នាក់ និងអ្នកពាក់ព័ន្ធ៣នាក់ ក្នុងករណីប្លន់សម្លាប់យកម៉ូតូ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ នៅចំណុច ភូមិជួរច្រនាង ឃុំបាយដំរ៉ាំ ស្រុកបាណន់ នាំយកមកស្នងការខេត្ត សាកសួរចម្លើយ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌ បានឲ្យដឹងថា ក្រោយពីហេតុការណ៍ អំពើឃាតកម្មបានកើតឡើង កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ នៅចំណុច ភូមិជួរច្រនាង ឃុំបាយដំរ៉ាំ ស្រុកបាណន់រួចមក។

កម្លាំងនគរបាលស្រុកបាណន់ និងកម្លាំងជំនាញស្នងការខេត្ត សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក សុខ ផល អគ្គស្នងការនគរបាលជាតិ ដោយមានការអនុញ្ញាត ពីលោកព្រះរាជ អាជ្ញា នួន សាន បានធ្វើការស្រាវជ្រាវ អស់រយៈពេល៤ថ្ងៃ រហូតឈានដល់ធ្វើការ ឃាត់ខ្លួន បានជាបន្តបន្ទាប់ ឃាត់ខ្លួនសង្ស័យ ៥នាក់ ក្នុងនោះជនដៃដល់ ២នាក់ និងអ្នកពាក់ព័ន្ធ ៣នាក់ មាន ៖ ទី១ ឈ្មោះ តារ៉ា ឈាន ហៅ ប៉ិន ភេទប្រុស អាយុ ២០ឆ្នាំ (ជនដៃដល់) ទី២ ឈ្មោះ វ៉ាន់ ចាន់ ហៅ ចយ ភេទប្រុស អាយុ ១៨ឆ្នាំ (ជនដៃដល់) ទាំង២នាក់នេះ រស់នៅភូមិកំពង់ចែង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ទី៣ ឈ្មោះ អ៊ិន សុភា ហៅ ងិល ភេទប្រុស អាយុ ១៨ឆ្នាំ (ជាអ្នកឲ្យខោអាវជនដៃដល់ ខ្ចីស្លៀក១កំប្លេរ និងបានឌុបជនដៃដល់ យកសម្ភារៈទៅផ្ញើគេ) ទី៤ ឈ្មោះ អឿន តុងអាន ភេទប្រុស អាយុ ១៧ឆ្នាំ (ជាអ្នកទទួលផ្ញើម៉ូតូចាស់ ដែលជនដៃដល់បានជិះធ្វើសកម្មភាព) ទី៥ ឈ្មោះ អ៊ំ ស ភេទប្រុស អាយុ ៥១ឆ្នាំ (ជាអ្នកយកខោអាវជនដៃ ដល់បានពាក់លើរបងផ្ទះ យកទៅចោលបាត់) អ្នកទាំង៣នាក់ ជាប់ពាក់ព័ន្ធនេះ មានទីលំនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់។ ចំណែកជនរងគ្រោះ មានឈ្មោះ មេត មករា ភេទប្រុស អាយុ ២០ឆ្នាំ សិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យកន្ទឺ២ ស្រុកបាណន់ រស់នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្ដបាត់ដំបង។

លោកវរសេនីយ៍ឯក ជេត វណ្ណនី បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញយើង បានឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ ៣នាក់ ជាបន្តបន្ទាប់រួចមក និងបន្តធ្វើការឃាត់ខ្លួន ជនដៃដល់ ២នាក់ទៀត នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ នាំយកមកសាកសួរ នៅស្នងការខេត្ត។

ជនដៃដល់ទាំង២នាក់ បានឆ្លើយសារភាពថា មុនពេលបក្ខពួកខ្លួន ធ្វើសកម្មភាព ខ្លួនបានជិះម៉ូតូម៉ាក អឹមដេ ស៊េរីចាស់ ពណ៌ក្រហម មានគ្នា២នាក់ ហើយទូរស័ព្ទ ណាត់ជនរងគ្រោះ កាលពីថ្ងៃរសៀល មកដើរលេងជាមួយគ្នា លុះដល់ម៉ោងជាង ៥ល្ងាច ថ្ងៃទី២៦ ខែតុលា ជនរងគ្រោះ ដើរលេងជាមួយគ្នា បានចេញពីសាលារៀន ក៏នាំគ្នាជិះម៉ូតូថ្មី ដោយឈ្មោះ តារា ឈាន ជាអ្នកឌុប ហើយជនរងគ្រោះជិះកណ្តាល និងជនដៃដល់ឈ្មោះ វ៉ាន់ ចាន់ ជិះពីក្រោយ លុះដល់ចំណុចកើតហេតុ តារា ឈាន បានឈរឱបថើបជនរងគ្រោះ ទុកឱកាសឲ្យឈ្មោះ វ៉ាន់ ចាន់ បានយកកូនកាំបិតតូច ចាក់ចង្កេះជនរងគ្រោះ ពីក្រោយ២កាំបិត និងយកមួកសុវត្ថិភាព វ៉ៃទៅលើជនរងគ្រោះ បណ្តាលឲ្យសន្លប់ ហើយជនដៃដល់ទាំង២នាក់ បានសែងជនរងគ្រោះ ដាក់លើភ្លឺស្រែ ម្នាក់ចាប់ក្បាល ម្នាក់អារក ដោយសារតែកាំបិតតូចបាក់ បក្ខពួកម្នាក់ទៀត បានជិះម៉ូតូទៅយកកាំបិតផ្គាក់ នៅផ្ទះមកអារកបន្ថែម ចំត្រង់បំពង់ខ្យល់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ រួចនាំគ្នាអូសកាត់វាលស្រែ ទម្លាក់សពជន រងគ្រោះចោល រួចលាងដៃនិងកាំបិតស្អាត ហើយនាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុទៅផ្ទះ ឈ្មោះ អ៊ិន សុភា ហៅ ងិល ខ្ចីខោអាវមួយកំប្លេរស្លៀក ដោយកុហកថា ខ្លួនគ្រោះថ្នាក់ចរាចរ អាវប្រឡាក់ផុកអស់ហើយ ពេលបានខោអាវស្លៀកហើយ ជនដៃដល់បានយកខោអាវខ្លួន ទៅពាក់លើរបងផ្ទះឈ្មោះ អ៊ំ ស ហើយជិះម៉ូតូទៅបាត់ ឯឈ្មោះអ៊ំ ស ឃើញដូច្នេះ ខ្លាចមានរឿងដល់ខ្លួន ក៏យកខោអាវនេះ ទៅបោះចោលបន្តបាត់ទៅ ក្រោយពេលដឹងថា នៅក្នុងភូមិមានរឿងឃាតកម្ម សម្លាប់មនុស្ស ផង។ លុះដល់ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ពួកខ្លួនម្នាក់ កំពុងជិះម៉ូតូនៅក្រុងបាត់ដំបង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ឯម្នាក់ទៀតសមត្ថកិច្ចឃាត់ខ្លួននៅ ផ្ទះនាំយកមកស្នងការតែម្តង ព្រមទាំងរឹបអូសបានវត្ថុតាង ម៉ូតូជនរងគ្រោះ ១គ្រឿង និងម៉ូតូចាស់ ១គ្រឿង យកមកស្នងការខេត្ត។

ក្រោយពីជនសង្ស័យ បានឆ្លើយសារភាព និងយោងតាមបទល្មើសរបស់ជនដៃដល់ ដែលបានប្រព្រឹត្តយ៉ាងព្រៃផ្សៃរួចមក លោកស្នងការ ស ថេត បានបញ្ជាឲ្យ ការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនជនដៃដល់ ២នាក់ និងអ្នកពាក់ព័ន្ធ ៣នាក់ ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]