អាមេរិក៖ យ៉ាងហោចណាស់មនុស្សប្រមាណ ៥៩នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះប្រហែល ៥២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាញ់រះយ៉ាងព្រៃផ្សៃ ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីមួយ កាលពីវេលាម៉ោង១០យប់ (ម៉ោងនៅក្នុងតំបន់) ថ្ងៃអាទិត្យ ទី១ តុលា ឆ្នាំ២០១៧កន្លងទៅនេះ នាទីក្រុង Las Vegas រដ្ឋ Neveda សហរដ្ឋអាមេរិក។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើង លើករណីបាញ់រះប្រហារទៅលើហ្វូងមនុស្សជាច្រើន បណ្តាលឲ្យស្លាប់រង្គាលនេះ ឈ្មោះថា Stephen Paddock មានអាយុ៦៤ឆ្នាំ។ ក្នុងយប់កើតហេតុ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពបាញ់ប្រហារ ពីលើសណ្ឋាគារ Mandalay Bay ជាន់ទី៣២ ដែលខ្លួនកំពុងតែស្នាក់នៅ។

ជនសង្ស័យជាខ្មាន់កាំភ្លើង មានឈ្មោះថា Stephen Paddock មានអាយុ៦៤ឆ្នាំ

ក្រោយកើតហេតុ បានរយៈពេលជាង១ម៉ោង ក្រុមប៉ូលិសក៏បានធ្វើសកម្មភាព សម្រុកបាញ់ប្រហារទៅក្នុងបន្ទប់សណ្ឋាគារ ដែលជនសង្ស័យជាខ្មាន់កាំភ្លើងស្នាក់នៅ  ប៉ុន្តែពេលចូលទៅដល់ក្នុងបន្ទប់នោះ ខ្មាន់កាំភ្លើងរូបនេះបានបាញ់សម្លាប់ខ្លួនឯងស្លាប់បាត់មុនទៅហើយ។ ប៉ូលិសបានរកឃើញកាំភ្លើងរហូតទៅ ១៦ដើមនៅក្នុងបន្ទប់ រួមទាំងសព្វាវុធផ្ទុះចំនួន ១៨គ្រាប់ផ្សេងទៀតផងដែរ។

ទោះបីជាយ៉ាងណាក្តី គេនៅតែមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ទាក់ទងទៅនឹងករណីបាញ់ប្រហារនេះនៅឡើយទេ។ ស្របពេលដែលក្រុមអ្នកស៊ើបអង្កេតមួយចំនួន មិនបានរកឃើញភ័ស្តុតាងណាមួយ ដែលមានជាប់ពាក់ព័ន្ធទៅនឹងក្រុមភេរវកម្មអន្តរជាតិ លើករណីមួយនេះឡើយ។

យ៉ាងណាមិញ បច្ចុប្បន្នខាងមន្រ្តីជំនាញក៏កំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកបន្ថែម ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។

ប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃបន្ទាប់ក្រោយកើតហេតុ ដោយហៅការវាយប្រហារនេះថា «ជាឃាតកម្មបាញ់ប្រហារដ៏សាហាវយង់ឃ្នងជាទីបំផុត»។

ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃបន្ទាប់ក្រោយកើតហេតុ ដោយហៅការវាយប្រហារនេះថា ជាឃាតកម្មបាញ់ប្រហារដ៏សាហាវយង់ឃ្នងជាទីបំផុត

បើតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានឲ្យដឹងផងដែរថា ខ្មាន់កាំភ្លើង Paddock ខាងលើនេះ ត្រូវបានគេដឹងថា រស់នៅក្នុងសហគមន៍មនុស្សចាស់មួយ នៅក្នុងតំបន់ទីក្រុងតូច Mesquite ភាគខាងជើងនៃទីក្រុងធំ Las Vegas ជាមួយនឹងនារីម្នាក់ឈ្មោះ Marilou Danley (ជនជាតិជប៉ុន) ប៉ុន្តែនាងមិនត្រូវបានរកឃើញ មានជាប់ពាក់ព័ន្ធទៅនឹងករណីបាញ់ប្រហារនេះទេ។

ខ្មាន់កាំភ្លើងខាងលើ​ត្រូវបានគេដឹងទៀតថា បានធ្វើការកក់បន្ទប់ ចូលមកស្នាក់នៅក្នុងសណ្ឋាគារខាងលើ (Mandalay Bay) រយៈពេលបួនថ្ងៃ គឺចាប់តាំងពីថ្ងៃទី២៨ កញ្ញាមកម៉្លេះ មុនពេលរូបគេចាប់ផ្តើមធ្វើសកម្មភាពបាញ់ប្រហារ។ ស្របពេលជាមួយគ្នានេះដែរ ប្រភពមួយចំនួនទៀត ក៏បានឲ្យដឹងទៀតថា ខ្មាន់កាំភ្លើងរូបនេះ ទំនងជាមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណាមួយ ទើបសម្រេចចិត្តធ្វើសកម្មភាពយ៉ាងដូច្នេះ ប៉ុន្តែទោះបីជាយ៉ាងណា ក៏មិនទាន់មានការអះអាងបញ្ជាក់ឲ្យបានច្បាស់លាស់អំពីរឿងរ៉ាវនៅពីក្រោយបញ្ហានេះនៅឡើយទេ។

ប្រភពដដែលបន្តថា អាជ្ញាធរមិនទាន់ធ្វើការបញ្ជាក់ ក៏ដូចជាបង្ហាញពីអត្តសញ្ញាណ ជនរងគ្រោះចំនួន ៥៩នាក់ ដែលត្រូវបានស្លាប់ក្នុងហេតុការណ៍នេះនៅឡើយទេ។ ខណៈជនរងគ្រោះរបួសមួយចំនួន ត្រូវបានសារព័ត៌មានខ្លះរាយការណ៍ឲ្យដឹងថា៖ ឈ្មោះ Jordan Mclldoon អាយុ២៣ឆ្នាំ មកពី British Columbia ប្រទេសកាណាដា និងម្នាក់ទៀតជាគិលានុបដ្ឋាយិកា មានឈ្មោះថា Sonny Melton មកពី Big Sandy រដ្ឋ Tennessee ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាព បុរសជាខ្មាន់កាំភ្លើង Paddock និងនារីដែលខ្លួនរស់នៅជាមួយ នាង Marilou Danley
រូបភាពខ្លះក្នុងថ្ងៃកើហេតុ
រូបភាពខ្លះក្នុងថ្ងៃកើហេតុ
រូបភាពខ្លះក្នុងថ្ងៃកើហេតុ
រូបភាពខ្លះក្នុងថ្ងៃកើហេតុ
រូបភាពខ្លះក្នុងថ្ងៃកើហេតុ
រូបភាពខ្លះក្នុងថ្ងៃកើហេតុ
រូបភាពខ្លះក្នុងថ្ងៃកើហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]