ខេត្ត​បាត់​ដំបង ៖​ ​យុវសិស្សនារី​ចំនួន​​​២​ក្រុម​ដែលមានគ្នាជាង១០នាក់ ​ត្រូវ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌខេត្តផ្នែកបង្កា​រ​បង្រ្កាប​ស្ទាក់​ចាប់បាន​កាលពីវេលាម៉ោង១០ និង៣០នាទី​ព្រឹក​ថ្ងៃទី៧ មីនា​ នៅចំណុចសួនច្បារ​ ស ខេង ក្នុង​សង្កាត់រតនះ​ ក្រុងបាត់បង ក្រោយពី​ពួក​គេជិះម៉ូតូដេញវាយគ្នាផ្អើលពេញក្រុង មិន​ចាញ់​មិនឈ្នះអស់រយៈពេល៣ថ្ងៃកន្លងមកហើយ​ ដោយសារតែរឿង​ដណ្តើម​«មិត្តប្រុស»។

លោកអនុសេនីយ៍ឯក​ គឹម​ ពន្លក​ ដែលដឹក​នាំ​កម្លាំងចុះបង្រ្កាបក្រុមសិស្សស្រីទំនើងនេះបាន​និយាយថា សិស្សស្រីនេះមាន២ក្រុម បានដេញ​វាយ​គ្នាពាសពេញ​ទី​ក្រុងរយៈ​ពេល​ប៉ុន្មានថ្ងៃ​ហើយ​  តែពួក​គេគេចផុតពីការតាមប្រមាញ់​របស់សមត្ថកិច្ច ។ លុះនៅព្រឹកថ្ងៃទី៧ មីនា ទើប​ក្របួច​បាន​ទាំង២​ក្រុម​ដែលមានចំនួន១២​នាក់​សុទ្ធតែសិស្សស្រី​ទំ​នើង ។ លោកបន្តថា ពួកគេ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នាដូចប្រុសៗដែរ តែនៅពេល​កម្លាំង​របស់​លោកតាមទាន់​ពួកគេប្រាប់ថា​ ពួក​គេ​បាន​សម្រូលគ្នាចប់ហើយ ​តែការពិតសិស្ស​ស្រី​ទំនើង​នេះ​បាន​ណាត់​ប្រយុទ្ធគ្នានៅក្បែរ​សួន​ច្បារលោក ស​ ខេង ហើយ​ត្រូវកម្លាំង​របស់​លោក​មកទាន់ ។ កុំអី​ត្រៀ​ម​ប្រយុទ្ធ​គ្នាគ្មាន​ប្រណី​ទេ​ ​ព្រោះពួកគេម្នាក់ៗស្លៀកខោកីឡាត្រៀម​រួច​ជា​ស្រេច ។

សិស្សស្រីទំនើងទាំង២ក្រុមនេះត្រូវបាន​បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាលដើម្បីសួរនាំ ។ មន្រ្តីនគរបាល​ជំនាញ​និយាយថា សិស្សស្រីទាំង២ក្រុមនេះមាន​សមាសភាពមកពីវិទ្យាល័យចំនួន៣​ក្នុងនោះ​វិទ្យាល័យក្ដុលដូនទាវចំនួន៥នាក់​​ ១-ឈ្មោះ​យួម រចនា​ អាយុ១៧ឆ្នាំ​ ២-ឈ្មោះ​ផល​ សម្ផស្ស អាយុ១៦ឆ្នាំ  ៣-ឈ្មោះលីង  ស៊ីណា អាយុ២១​ឆ្នាំ  ៤-ឈ្មោះឈួម ស្រីនិច​អាយុ១៨ឆ្នាំ  និង៥-ឈ្មោះផល សៀវភីង ​អាយុ​១៨ឆ្នាំ ។ មក​ពី​វិទ្យាល័យព្រះមុនីវង្ស​ចំនួន៦​នាក់​ ១-ឈ្មោះស្រី ខួច អាយុ១៧ឆ្នាំ ២-ឈ្មោះ​ផល ចំប៉ា អាយុ២០​ឆ្នាំ ៣-ឈ្មោះចាន់ យ៉ាវ អាយុ១៨ឆ្នាំ ៤-ឈ្មោះ​ចាន់ រតនា អាយុ​១៧ឆ្នាំ ៥-ឈ្មោះហុង​ សុភក្រ្តា អាយុ១៧ឆ្នាំ និង៦-ឈ្មោះយឿង​ វល័ក្ខ អាយុ​១៩​ឆ្នាំ​ និង​ម្នាក់​ទៀតមកពីវិទ្យាល័យ​សម្ដេចឪ​ឈ្មោះសួ មេត្តា​អាយុ១៧ឆ្នាំ ។ សមត្ថកិច្ចប្រាប់​ថា​​ ពួកគេ​ចែក​ជា​២ក្រុម គឺក្រុមវិទ្យាល័យក្ដុល​ដូន​ទាវ និង​ក្រុម​វិទ្យាល័យព្រះមុនីវង្ស ។ ក្នុង​កាបូប​ពួកគេខ្លះមាន​កន្ត្រៃជាអាវុធទៀតផង ។

សិស្សស្រី​ទំនើង​មកពីវិទ្យាល័យក្ដុលដូនទាវ​ឈ្មោះលីន​ ស៊ីណា បាននិយាយថា​ ភាគីខាង​វិទ្យា​ល័យព្រះមុនីវង្ស បានចោទថា មិត្ត​ប្រុស​របស់​​នាងជេរពួកគេ​(ក្រុមមុនីវង្ស)​ហើយ​បាន​ទូរ​ស័ព្ទមកណាត់ពួកនាងមកវាយគ្នាទៀត ។ នាង​ស៊ីណា​​ ​បន្ត​ថារឿងនេះបានកើតឡើងតាំងពី​៣​ថ្ងៃ​មុន​មកម៉្លេះ ដែលបានណាត់ជួបប្រយុទ្ធគ្នា​បន្ត​បន្ទាប់ តែមិនទាន់បានប្រយុទ្ធគ្នាទេ គ្រាន់​តែ​ជិះម៉ូតូ​ប្រដេញគ្នាក៏ត្រូវសមត្ថកិច្ចស្ទាក់​ចាប់​តែ​ម្ដង ។ ​ដោយឡែកភាគីវិទ្យាល័យព្រះមុនីវង្ស​វិញបាន​បំភ្លឺថា​ ក្រុម​វិទ្យាល័យក្ដុល​ដូនទាវសុទ្ធ​តែ​មាន​មិត្ត​ប្រុសនៅវិទ្យាល័យព្រះមុនីវង្ស ហើយ​មិត្ត​ប្រុសរបស់ពួកគេបានដើរបុកស្មាពួកនាង​បែប​ឈ្លើយ​ហើយជេរពួកនាងទៀត ។ រីឯក្រុម​សិស្ស​ស្រី​នៅ​ក្ដុលដូនទាវបានឈរ​កាង និងព្យា​យាម​​វាយ​តប់មកលើ​ពួកនាង​។ ក្រុមមុនីវង្ស​និយាយ​ថា ពួក​នាងមិនចង់វាយតប់គ្នានោះទេ ​គ្រាន់តែ​ចង់​ឲ្យមិត្តប្រុសដ៏ព្រហើនរបស់​ភាគី​ក្ដុល​ដូន​ទាវនោះ​សុំទោសតែប៉ុណ្ណោះ បែរជាក្រុម​ខាង​លើ​​នេះ​មក​កាង​​បង្កជាជម្លោះទៅ​វិញ ។

តាមការបំភ្លឺពីយុវសិស្សខ្លះបាននិយាយ​ថា​ សិស្សស្រីជើងខ្លាំងទាំង២ក្រុមនេះបានតាម​វាយ​គ្នាប៉ុន្មានថ្ងៃហើយ ព្រោះតែកាង​មិត្តប្រុស​ ហើយ ពួកនោះ​មិនសូវចូលសាលាទេ ។ បច្ចុប្បន្នក្នុង​សាលា ​ក្រុមយុវសិស្សទាំងស្រី ទាំងប្រុស​បង្ក​ជម្លោះរាល់ថ្ងៃយ៉ាងអនា​ធិបតេយ្យ​ព្រោះតែ​រឿង​មិត្តប្រុស មិត្តស្រីនេះ​ឯង​ ។

សូមបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍មុននេះកម្លាំង​នគរបាលខេត្តបានចុះផ្សព្វផ្សាយ ​អប់រំ​អំពី​បញ្ហា​ក្មេង​ទំនើង​ និងគ្រឿងញៀន​ស្ទើរ​គ្រប់​​វិទ្យា​ល័យ​ក្នុងក្រុងបាត់ដំបង ប៉ុន្តែមិន​ទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផងបែរជា​ក្រុមសិស្សស្រី​ទំនើងជិះម៉ូតូដេញ​ធាក់​គ្នាពេញក្រុងទៅវិញ ។ កន្លងមកក៏មានក្រុម​សិស្ស​ស្រីៗនេះផ្ទុះ​ជម្លោះ​រឿងស្នេហាដូច​គ្នានេះ​ដែរ​ រហូតឈាន​ដល់​ប្រមូល​បក្សពួកម្ខាងៗ រាប់​រយនាក់បម្រុង​បង្ហូរ​ឈាមគ្នាទៀតផងតែត្រូវ​បានសមត្ថកិច្ចទប់ស្កា​ត់​ទាន់កុំ​អី​មិន​ដឹង​ពិបាក​​មើល​យ៉ាង​ណា​ទេ ។

ទោះជាយ៉ាងណាក្រុមសិស្សស្រីទំនើងទាំង២​ក្រុមខាងលើនេះ សមត្ថកិច្ចគ្រាន់តែនាំមកសាក​សួធ្វើកំណត់ហេតុ ធ្វើការអប់រំនិងអញ្ជើញ​អាណា​ព្យា​បាលរបស់ពួកគេមកធ្វើកិច្ចសន្យា​ដើម្បី​ធានា​តែ​ប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]