** ប្រលោមលោកខ្មែរឡូត **

នៅក្នុងក្លឹបរាត្រីមួយដែលមានមនុស្សប្រុសស្រីក្មេងៗជាច្រើនកំពុងតែសប្បាយភ្លើតភ្លើននឹងភ្លើងពណ៌ញាក់ញ័រ និងគ្រឿងស្រវឹងនោះ ខ្ញុំក៏ជាមនុស្សម្នាក់នៅក្នុងចំណោមពួកគេដែរ។ ប៉ុន្មានឆ្នាំហើយដែលខ្ញុំដើរសប្បាយភ្លើនភ្លើននឹងមនុស្សអស់នេះ ខ្ញុំក៏មិនចាំដែរ តែវាប្រហែលជាពេលដែលប៉ាមានប្រពន្ធចុង និងម៉ាក់រវល់តែរឿងរកស៊ីទេដឹង? ឬក៏មានហេតុផលអ្វីផ្សេងក្រៅពីនោះ? ការដើរហើរយប់ព្រលប់មិនមែនជារឿងល្អនោះទេ ខ្ញុំក៏ដឹងតែខ្ញុំគ្មានជម្រើស។ នៅផ្ទះមានតែភាពស្ងប់ស្ងាត់ពោរពេញដោយបរិយាកាសអាប់អួរ តែបើបានជាអ៊ូអរ ប្រាកដជាសំឡែងម៉ាក់ប៉ាឈ្លោះប្រកែកគ្នាហើយ បើអ្នកជាខ្ញុំអ្នកប្រាកដជាជ្រើសរើសជីវិតដូចជាខ្ញុំដែរហើយ។ អ្នកអាចមើលឃើញសម្បកក្រៅថាខ្ញុំជាមនុស្សហ៊ីហារ លុយចាយមិនខ្វះ គ្រួសារក៏មានឋានៈ ប៉ុន្តែជម្រៅនៅក្នុងចិត្តរបស់ខ្ញុំអ្នកប្រាកដជាមិនបានដឹងថាវាពិបាកទ្រាំប៉ុណ្ណា វាឈឺចាប់ប៉ុណ្ណា ឯកាប៉ុណ្ណានោះទេ។  

រូបតំណាង

ពេលខ្លះខ្ញុំចង់ហៅពេលវេលាឱ្យត្រលប់មកវិញ ដូចកាលពីខ្ញុំនៅតូច មានរង្វង់ដៃរបស់ម៉ាក់និងប៉ាថ្នាក់ថ្នមពោរពេញដោយភាពកក់ក្តៅ។ តែពេលនេះខ្ញុំគ្មានសល់អ្វីទេ មិនសល់សូម្បីតែការចងចាំនូវសុភមង្គលអស់ទាំងនោះ។ ជីវិតខ្ញុំមានតែភ្លើងពណ៌រាត្រី និងការសប្បាយភ្លើតភ្លើនជាមិត្តកំដរជីវិតឯការបស់ខ្ញុំ។ ម៉ាក់ប៉ាគិតថាលុយកាក់ប៉ុណ្ណោះ អាចធ្វើឱ្យកូនមានសេចក្តីសុខបាន តែខ្ញុំចង់ប្រាប់ថា លុយមិនអាចទិញអ្វីៗគ្រប់យ៉ាងបានទេ។ លុយសំខាន់សម្រាប់ជីវិតមនុស្សណាស់ តែបើការរស់នៅពេញដោយភាពទុក្ខសោក លុយនឹងមានតម្លៃគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះ។ មនុស្សធម្មតាប្រឹងប្រែងធ្វើការដើម្បីរកលុយចិញ្ចឹមជីវិត តែម្តាយឪពុកខ្ញុំបានក្លាយជាជនដែលឆ្កួតនឹងទឹកប្រាក់រហូតធ្វើអ្វីដែលក្បត់សតិសម្បជញ្ញៈដែលធ្វើឱ្យខ្ញុំសែនស្អប់ជីវិតខ្ញុំទៅវិញ។

រឿងកន្លងផុតទៅ ៥ឆ្នាំទៅហើយតែស្នាមដាននៅក្នុងចិត្តនៅតែមិនរលុបចេញពីចិត្តរបស់ខ្ញុំ។ មិនមានថ្ងៃណាដែលសុបិនអាក្រក់ទាំងនោះមិនតាមលងខ្ញុំទេ។ ខ្ញុំយកស្រាបំបាត់ទុក្ខ យកស្រាដើម្បីឱ្យខ្ញុំអាចគេងលក់ស្កប់ស្កល់ដូចអ្នកដទៃ តែអ្វីៗនៅតែមិនអាចកែប្រែការពិតនៅចំពោះមុខបាននោះទេ។ មិនមានថ្ងៃណាមួយដែលខ្ញុំ ភ្ញាក់ពីគេងហើយមិនស្រក់ទឹកភ្នែកនោះទេ។ ខ្ញុំអស់សង្ឃឹម ខ្ញុំតូចចិត្តនឹងជីវិតដ៏ខ្មៅកខ្វក់នេះណាស់។ រឿងរ៉ាវជីវិតខ្ញុំទោះជាគ្មានអ្នកណាដឹងឮខ្ញុំក៏សែនខ្មាស ខ្មាសនឹងខ្លួនឯងជាខ្លាំង និងអាម៉ាស់មុខបំផុតនឹងរឿងដែលគ្រួសាររបស់ខ្ញុំបានប្រព្រឹត្តកន្លងមក។ តែខ្ញុំគ្មានសិទ្ធជំទាស់ គ្មានសិទ្ធតវ៉ា គ្មានសិទ្ធរត់គេចពីបន្ទុកដ៏សែនធ្ងន់នោះបានទេ។ ធ្វើជាកូនស្រីហេតុអ្វីត្រូវតែចាំតែស្តាប់ ចាំតែធ្វើតាមអ្វីដែលឪពុកម្តាយបញ្ជា បើទោះជាយើងដឹងថាវាខុសក៏ដោយនោះ? តែពិបាក ខ្ញុំឈឺចាប់ ដើមទ្រូងរបស់ខ្ញុំស្ទើរតែស្ទះណែនស្លាប់ទៅម្តងៗ ពេលខ្លះយើងចង់រកមនុស្សរំលែកទុក្ខ តែ ខ្ញុំពិតជាមិនអាចរ៉ាយរ៉ាប់រឿងទុក្ខលំបាកទាំងនេះដល់អ្នកណាបាននោះទេ។ វាជារឿងដ៏សែនអាម៉ាស់ និងលក់កិត្តិយសខ្លួនឯងជាខ្លាំង....នៅក្នុងថ្ងៃមួយនោះ............. 

រូបតំណាង

ពេលល្ងាចមួយដែលខ្ញុំត្រលប់ពីមហាវិទ្យាល័យទាំងទឹកមុខសប្បាយរីករាយ ម៉ាក់ប៉ាបានអង្គុយចាំខ្ញុំនៅបន្ទប់ទទួលភ្ញៀវទាំងទឹកមុខចម្លែកៗ។ ម៉ាក់បានងើបមកចាប់ដៃរបស់ខ្ញុំរួចញញឹមញញែម តែខ្ញុំក៏ដឹងពីភាពខុសធម្មតារបស់ម៉ាក់។

« កូនត្រលប់មកវិញហើយ? អឺ..ម៉ាក់មានរឿងចង់ប្រាប់កូនណា?»

« មានរឿងអីម៉ាក់?»

« អឺ..ថ្ងៃនេះទៅពិធីជប់លៀងជាមួយម៉ាក់ប៉ាទេ? មិត្តភក្តិប៉ាចង់ឃើញកូនស្រីដ៏ស្រស់ស្អាតរបស់ម៉ាក់ណា»

« អឺ កូនដូចមិនចូលចិត្តទៅកន្លែងមនុស្សច្រើនទេ មិនទម្លាប់សោះ»

« គិតតែរៀនពេកក៏មិនល្អដែរ ចេញទៅឱ្យស្រលះមុខស្រលះមាត់ខ្លះក៏ល្អ»។

ម៉ាក់បានចាប់ខ្ញុំតុបតែងខ្លួន ជាមួយសម្លៀកបំពាក់ និងគ្រឿងអលង្ការដ៏ស្រស់ស្អាត។ ម៉ាក់ញញឹមហើយស្ទាបថ្ពាល់ខ្ញុំសរសើរ

« កូនម៉ាក់ស្អាតណាស់»

ម៉ាក់ស្រាប់តែរលីងរលោងទឹកភ្នែក តែក៏ប្រញាប់ជូតចេញ។ ខ្ញុំសួរម៉ាក់ទាំងឆ្ងល់

« ម៉ាក់កើតអី?»

« ម៉ាក់មិនអីទេ....កូន...ម៉ាក់សុំទោសណា...»

«ម៉ាក់និយាយអីប្លែកៗ»

« សុំទោសដែលថ្មីៗនេះធ្វើឱ្យកូនលំបាក ព្រោះតែកន្លែងធ្វើការប៉ាមានបញ្ហា... តែម៉ាក់សន្យាកូនត្រូវជឿម៉ាក់ ចាប់ពីស្អែកទៅម៉ាក់នឹងផ្តល់អ្វីគ្រប់យ៉ាងដល់កូន មិនឱ្យកូនលំបាកទៀតទេ»។ ខ្ញុំងក់ក្បាលញញឺមចាប់ដៃម៉ាក់លួងលោម។ ម្តាយកូនយើងក៏ឱបគ្នា។ ខ្ញុំសប្បាយចិត្តណាស់ដែលដឹងថាម៉ាក់ប៉ាគិតគូរនិងស្រលាញ់ខ្ញុំដល់ម្លឹង។ តែមិននឹកស្មានចាប់ពីវិនាទីនេះទៅជីវិតខ្ញុំក៏បានផ្លាស់ប្តូរទាំងស្រុង។

នៅក្នុងពិធីជប់លៀងធំមួយដែលប្រារព្ធនៅក្នុងទីធ្លាភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែង សម្បូរទៅដោយអ្នកមានមុខមានមាត់ជាច្រើននៅក្នុងសង្គម។ ខ្ញុំញញឺមញញែមដើរតាមម៉ាក់និងប៉ាជម្រាបសួរភ្ញៀវដែលជាមិត្តភក្តិ និងជាចៅហ្វាយរបស់ប៉ាជាហូរហែរ។ ម៉ាក់បានឱ្យគេយកនំចំណីនិងភេសជ្ជៈមកឱ្យខ្ញុំ រួចគាត់ក៏បន្តទៅសំណេះសំណាលជាមួយមិត្តជាបន្តទៀត។ មួយសន្ទុះក្រោយខ្ញុំស្រាប់តែឈឺក្បាលវិលមុខ ស្រាប់តែមានដៃបុរសម្នាក់ដែលខ្ញុំមិនស្គាល់បានទាញដៃយ៉ាងខ្លាំង។ ភ្នែកខ្ញុំស្រវាំង ដៃជើងទន់ល្ហិតល្ហៃទាំងមិនអាចប្រកែកតបតអ្វីបានសោះ។ តែ... មិនដឹងថាភ្នែកខ្ញុំស្រវាំង ឬស្មារតីខ្ញុំវង្វេងវង្វាន់ ខ្ញុំក្រឡេកឃើញម៉ាក់និងប៉ាមើលមកខ្ញុំភ្លឹកភ្លាំងដូចមនុស្សយន្ត តែខ្ញុំមិនអាចស្រែកហៅ ឬសូម្បីតែបង្ហើបមាត់និយាយក៏មិនបាន។ មិនដឹងថាខ្ញុំមកដល់ក្នុងបន្ទប់ដ៏ស្រស់ស្អាតតុបតែងដោយគ្រឿងសង្ហារិមទំនើបៗពីពេលណា ខ្ញុំគ្រាន់តែដឹងថាស្មារតីខ្ញុំស្ទើរតែរលត់ រាងកាយរបស់ខ្ញុំទន់ស្រាលដូចសំលី ស្ទើរតែហោះម្តងៗ។ ស្រាប់តែពេលនោះរាងកាយបុរសម្នាក់ដែលខ្ញុំមិនស្គាល់បានសង្កត់លើខ្ញុំរើមិនរួច។ ទឹកភ្នែកខ្ញុំស្រក់ មាត់ហាមិនរួច ដៃជើងមិនអាចកម្រើកបាន។ ខ្ញុំភ័យខ្លាច ខ្ញុំរន្ធត់ចិត្ត នឹងឈឺចាប់បំផុតចំពោះហេតុការណ៍ដែលបានកើតឡើង។ គេជាអ្នកណា? ហេតុអ្វីខ្ញុំធ្លាក់នៅក្នុងសភាពបែបនេះ? ទឹកភ្នែកខ្ញុំស្រក់ពោរពេញដោយភាពឈឺចាប់ ដែលត្រូវជនមិនស្គាល់មុខញ៉ាំញីគ្មានត្រាប្រណី។ ខ្ញុំពិតជាចង់ស្លាប់ណាស់ ហេតុអ្វីពិភពលោកខ្មៅងងឹតដល់ថ្នាក់ហ្នឹង? ម៉ាក់ប៉ានៅឯណា? ហេតុអ្វីគ្មានអ្នកណាចាប់អារម្មណ៍ខ្វល់ខ្វាយពីខ្ញុំបែបនេះ?

ព្រឹកថ្ងៃថ្មីបានមកដល់....ខ្ញុំបានសំងំយំយែកទាំងគ្មានសំឡេងស្រែកយំ តែទឹកភ្នែកចេះតែរមៀលស្រក់ហូរមិនឈប់ឈរ។ ខ្ញុំមិនយល់ ខ្ញុំមិនដឹង ខ្ញុំលែងស្គាល់អ្នកណាទាំងអស់ សូម្បីតែម៉ាក់ប៉ារបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាមនុស្សទាំងអស់សុទ្ធតែជាមនុស្សប្លែកមុខសម្រាប់ខ្ញុំ សូម្បីតែម៉ាក់ប៉ារបស់ខ្ញុំបានក្លាយទៅជាមនុស្សចម្លែកដែលខ្ញុំមិនស្គាល់ទាល់តែសោះ។ តើមានម្តាយឪពុកណាអាចយកកូនស្រីខ្លួនឯងឱ្យគេធ្វើបាប? មានម្តាយឪពុកឯណាធ្វើអំពើបែបនេះដាក់កូនស្រីរបស់ខ្លួនបែបនេះ? មានម្តាយឪពុកណាលក់កូនស្រីព្រោះតែឋានៈ បុណ្យសក្តិ កិត្តិយស? ម្តាយឪពុកគេផ្សេងធ្វើបែបនេះដាក់កូនខ្លួនឯងដែរមែនទេ? ឬក៏ចម្លែកតែម្តាយឪពុករបស់ខ្ញុំ? ខ្ញុំស្ទើរតែទទួលស្កាល់ការពិតលែងបាន ពេលដែលដឹងរឿងរ៉ាវទាំងអស់ចេញពីមាត់អ្នកមានគុណ។ ម៉ាក់ប៉ាលត់ជង្គង់អង្វរខ្ញុំ សុំទោសដែលធ្វើបែបនេះដាក់ខ្ញុំ។ ព្រោះតែការងារធ្លាក់ចុះ ជំនួញរលំរលាយ ដោយខ្លាចបាត់បង់មុខមាត់ អ្នកជាម្តាយឪពុកខ្ញុំបែរជាយកកូនស្រីទៅប្រគេនឱ្យអ្នកធំមានឋានៈបុណ្យសក្តិ។ ពេលនោះហើយទើបខ្ញុំដឹងថាមិនមែនមានតែខ្ញុំម្នាក់នោះទេ មនុស្សក្នុងសង្គមអ្នកមានៗទាំងនោះសុទ្ធតែធ្វើវិធីផ្លូវកាត់បែបនេះទាំងអស់។

ចាប់ពីពេលនោះមក ជីវិតខ្ញុំក៏ផ្លាស់ប្តូរ ខ្ញុំក្លាយទៅជាមនុស្សដែលសល់តែសម្បកខ្លួន រៀនក៏រៀនលែងចូល យកការដើរលេង និងការធ្វើខ្លួនមិនត្រឹមត្រូវជារបស់កំដរជិវិតដែលនៅសល់។ ពេលនេះម៉ាក់ប៉ាបានសមបំណងហើយ មិនថាតែមាសប្រាក់កែវកង ឋានៈ បុណ្យសក្តិ កិត្តិយសក្នុងសង្គម តែសួរថាទាំងនេះធ្វើឱ្យពួកយើងមានសេចក្តីសុខទេ? របស់ក្រៅខ្លួនទាំងនោះសុទ្ធតែបានមកដោយអំពើថោកទាប ហើយរបស់ក្រៅខ្លួនទាំងនោះបានធ្វើឱ្យគ្រួសាររបស់ខ្ញុំលែងមានរូបរាងជាគ្រួសារពេញលេញតទៅទៀត។ ប៉ាចាប់ផ្តើមដើរលេងស៊ីចាយហ៊ឺហារមានស្រីញី ម៉ាក់រវល់នឹងការងារមុខជំនួញ ចំណែកខ្ញុំក្លាយទៅជាស្រីដែលយកពេលរាត្រីជាការកម្សាន្ត។ នៅពេលនេះគ្រួសារយើង លែងមានអ្នកណាខ្វល់ពីអ្នកណាហើយ ម្នាក់ៗដោយសារតែឥទ្ធិពលទឹកប្រាក់ក្លាយជាធ្នាក់អូសទាញពួកយើងឱ្យចូលរណ្តៅដែលងើបមិនរួច។

ជីវិមនុស្សនេះពិតជាគួរឱ្យអស់សំណើចណាស់។ ដឹងទេកាលពីតូចខ្ញុំខ្លាចខ្មោចខ្លាំងណាស់ គឺខ្លាចរហូតដល់ពេលនេះទាំងខ្ញុំមិនដែលបានឃើញ បានជួប បានស្គាល់។ តែពេលនេះខ្ញុំគិតថាមនុស្សទៅវិញទេដែលគួរឱ្យខ្លាចជាងខ្មោចទៅទៀត។ ព្រោះតែមហិច្ឆតា ការលោភលន់ដែលគ្មានព្រំដែនធ្វើឱ្យមនុស្សធ្វើរឿងស្មោគគ្រោកជាច្រើន។ ពេលនេះខ្ញុំលែងស្ញប់ស្ញែងអ្នកដែលមានជីវិតសប្បាយ រីករាយ ហ៊ីហាឬមានឋានៈក្នុងសង្គមហើយ ព្រោះខ្ញុំដឹងថានៅក្រោមរូបភាពដ៏ស្រស់ស្អាតទាំងនោះពោរពេញដោយអំពើអាក្រក់ បាបកម្ម និងអសីលធម៌ជាច្រើនដែលយើងមិនធ្លាប់បានដឹង។ សង្គមមនុស្សនេះពិតជាគួរឱ្យខ្លាចណាស់ ជាតិមុខនិងជាតិណាៗខ្ញុំសុំប្រាថ្នាកើតជាមនុស្សធម្មតា សាមញ្ញៗបានហើយ ខ្ញុំមិនចង់រស់នៅក្នុងសង្គមដែលសម្បូរតែមនុស្សក្លែងបន្លំទាំងនេះទេ។៕

សំគាល់៖ រឿងនេះជារឿងប្រតិដ្ឋទាំងស្រុង គ្មានតួអង្គណា ហេតុការណ៍មួយណា ឬទីកន្លែងពិតណាមួយត្រូវបានលើកឡើងនៅក្នុងរឿងមួយនេះទេ។

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]