** ប្រលោមលោកខ្មែរឡូត **

មានទ្រឹស្តីជាច្រើនដែលរ៉ាយរ៉ាប់ពីពាក្យស្នេហា ជីវិត ​និងសេចក្តីសុខ។  ពាក្យខ្លះវានិយាយចេញមកស្រួល តែការអនុវត្តវាពិបាក។ កាលមុនខ្ញុំធ្លាប់គិត និងសើចចំអកអ្នកដែលមានស្នេហា ខ្ញុំធ្លាប់គិតថាវាជារឿងដែលគួរឱ្យធុញទ្រាន់ និងរំខានអារម្មណ៍ជាខ្លាំង ។ ស្នេហាធ្វើឱ្យមនុស្សមួយចំនួនលះបង់ និងធ្វើរឿងដែលខ្លួនឯងមិនធ្លាប់ធ្វើដើម្បីអ្នកម្ខាងទៀត។ ពេលខ្លះខ្ញុំឃើញពួកគេសើច ពេលខ្លះពួកគេក៏ឈ្លោះគ្នា យំស្រែក បាត់បង់ ​បែកគ្នាជាដើម។ 

បើដឹងថាវាលំបាកតើមានស្នេហានាំតែកើតទុក្ខធ្វើអី? តែពេលនេះខ្ញុំយល់នូវរឿងរ៉ាវជាច្រើន ​ព្រោះខ្ញុំជាមនុស្សម្នាក់នៅក្នុងចំណោមពួកគេដែរ ​ដែលធ្លាប់បានលះបង់អ្វីៗជាច្រើនព្រោះតែពាក្យស្នេហា ​និងសេចក្តីសុខ។ ​តែផ្លូវជីវិតដែលខ្ញុំដើរកន្លងមកវាខុស ​ខុសព្រោះតែយល់ខុសពិការពិត ​និងមិនបានស្វែងរកតម្រូវការរបស់ខ្លួនឯងច្បាស់។

១០ឆ្នាំមុន

« ស្រីអាក្រក់! ខ្ញុំមិនស្រលាញ់នាងទេ»

ខ្ញុំឈរស្រក់ទឹកភ្នែកមុខមិត្តរួមថ្នាក់ដែលខ្ញុំខំកាត់ចិត្តសារភាពប្រាប់គេ។ តែគេបែរជានិយាយពាក្យដ៏គ្មានធម៌មេត្តាបែបនេះទៅវិញ។ ខ្ញុំរត់ចេញហើយពួនយំមួយថ្ងៃពេញ ខ្ញុំខូចចិត្ត ខ្ញុំអស់សង្ឃឹម មិននឹកស្មានមនុស្សប្រុសដែលស្អាត និងមានសម្តីពិរោះ ជាទីស្រលាញ់របស់មនុស្សគ្រប់គ្នា ការពិតជាមនុស្សប្រុសសម្តីអាក្រក់បែបនេះសោះ។ ខ្ញុំដឹងថាលទ្ធផលវាគួរតែបែបនេះហើយ ព្រោះខ្ញុំវាអាក្រក់ មិនស្អាត ល្ងង់ មិនសាកសមនឹងគេ ខ្ញុំត្រៀមខ្លួនទទួលពាក្យបដិសេធនេះរួចមកហើយ តែមិននឹកស្មានថាចម្លើយវាអាក្រក់បែបនេះហើយ។ តែគេនិយាយមិនខុសទេ ការពិតខ្ញុំវាអាក្រក់មែន។ ខ្ញុំយំមិនមែនខូចចិត្តរឿងគេមិនស្រលាញ់ទេ តែវាប្រហែលជាយំព្រោះរឿងខកចិត្តទៅវិញនោះទេដែលមនុស្សប្រុសដែលខ្ញុំគិតថាល្អតាំងពីដើម និយាយស្តីបែបនេះដាក់ខ្ញុំ។ ការពិតខ្ញុំមិនគួរយំទេ ខ្ញុំគួរតែឈប់យំ ជូតទឹកភ្នែក ដែលគេបាននិយាយការពិតដែលយើងតែងតែព្យាយាមកុហកខ្លួនឯងកន្លងមក។ បន្ទាប់ពីយំអស់ចិត្តខ្ញុំក៏ស្រស់ស្រាយឡើងវិញ។ ខ្ញុំគិតថាវាមិនមែនជាក្តីស្រលាញ់ពិតនោះទេ វាប្រហែលគ្រាន់តែជាអារម្មណ៍ដែលយើងចូលចិត្តអ្នកណាម្នាក់ប៉ុណ្ណោះ។ ខ្ញុំញញឹមហើយមើលទៅផ្កាយលើមេឃដែលប្រឹងបញ្ចេញពន្លឺតិចៗ ប្រហែលជាកំពុងតែលួងលោម លើកទឹកចិត្តខ្ញុំហើយមើលទៅ។

មហាវិទ្យាល័យ

មិននឹកស្មានថាពេលវេលាធ្វើឱ្យមនុស្សផ្លាស់ប្តូរបានដល់ថ្នាក់នេះទេ គួរអរគុណថ្ងៃដែលគេបដិសេធមួយនោះធ្វើឱ្យខ្ញុំកែប្រែខ្លួនឯងជាមនុស្សស្រីថ្មីម្នាក់ទៀត។ មុខមាត់តុបតែងដោយម្សៅស្រាលៗបែកផ្កាឈូក បបូរមាត់ក្រហមក្នុងតិចៗ ជាមួយស្នាមញញឹមទាក់ទាញ។ អាវនិស្សិតបើក-កដៃខ្លី សំពត់ខ្លីស្ទើរជង្គង់ជាមួយស្បែកជើងកែងបន្តិច សក់រួញៗជាទឹករលកទម្លាក់មកលើស្មា មើលត្រង់ណាក៏ខ្ញុំដឹងថាខ្ញុំលែងដូចពីមុន។ ខ្ញុំកែប្រែហើយ ខ្ញុំលែងឱ្យមានអ្នកណាមើលងាយរូបសម្រស់ខាងក្រៅរបស់ខ្ញុំហើយ។ មនុស្សជាច្រើនចូលចិត្តសម្បកក្រៅមែនទេ? ចូលចិត្តស្រីស្អាតមែនទេ? ពេលនេះខ្ញុំក៏ធ្វើបាន។ មិនខុសពីការគិត ខ្ញុំត្រូវបានគេចាប់អារម្មណ៍ជាច្រើន ខ្ញុំមានមោទនភាព ខ្ញុំញញឹមសប្បាយចិត្តចំពោះលទ្ធផលបែបនេះណាស់។ ខ្ញុំចាប់ផ្តើមមានមនុស្សប្រុសជាច្រើនចូលមកក្នុងជីវិត។ តែ....ស្នេហាវាដូចជាអ័ព្ទផ្សែង មិនថាយើងប្រឹងចាប់យ៉ាងណា វាក៏នៅតែរលាយបាត់ពីជីវិតរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំដាក់ទុនកែប្រែខ្លួនឯងបែបនេះហើយ ខ្ញុំនៅតែទទួលបានការខកចិត្ត ខូចចិត្ត បោកប្រាស់បែបនេះ? តើខ្ញុំត្រូវធ្វើបែបណាទើបខ្ញុំមិនចបាច់ត្រូវទទួលបានភាពឈឺចាប់ពីមនុស្សជុំវិញខ្លួន?

ពេលចេញធ្វើការ

នៅពេលនេះខ្ញុំដឹងថាមនុស្សស្រីមិនត្រឹមតែស្អាតទេ ខ្ញុំត្រូវមានការងារ ជាពិសេសគឺមានលុយច្រើន។ ខ្ញុំបានក្លាយជាមនុស្សដែលងប់នឹងការងារ ធ្វើយ៉ាងណាដើម្បីឱ្យមានលុយច្រើន ខ្ញុំប្រាកដជាមិនខ្វះមនុស្សដើរចូលមកក្នុងជីវិតខ្ញុំទេ។ តែព្រោះតែរឿងការងារខ្ញុំមិនត្រឹមតែគ្មានស្នេហាទេ ខ្ញុំក៏បានចាប់ផ្តើមបាត់បង់មិត្តភក្តិនៅជុំវិញខ្លួនបន្តិចម្តងៗ។ ខ្ញុំធ្វើអ្វីខុសទៀតហើយមែនទេ? ហេតុអ្វីទៅ? ខ្ញុំខំធ្វើការរកលុយទាំងលំបាក មិនត្រឹមតែមិនអាចក្លាយជាអ្នកមានលុយដូចអ្នកឯទៀតទេ ខ្ញុំថែមទាំងបាត់បង់ពេលវេលាជាច្រើននៅក្នុងជីវិតផងដែរ។ 

រូបតំណាង

៣ឆ្នាំមុន

ខ្ញុំគិតថា មនុស្សស្រីមិនត្រឹមតែមានរូបសម្រស់ មានការងារ មានលុយទេ អ្វីដែលសំខាន់មួយទៀតប្រាកដជារកបុរសអ្នកមាន ថ្លៃថ្នូរម្នាក់មកនៅជិតខ្លួន។ ខ្ញុំមិនបាច់ចាំប្រឹងរកលុយ ធ្វើការត្រុកៗបែបនេះទេមែនទេ? ខ្ញុំជិតមានសេចក្តីសុខពេញលេញហើយមែនទេ? ទីបំផុតខ្ញុំបានរៀបការជាមួយបុរសអ្នកជំនួញវ័យកណ្តាលម្នាក់។ ខ្ញុំមានមោទនភាពនឹងរ៉ូបកូនក្រមុំដ៏ស្រស់ស្អាត ពិធីរៀបការធំដុំដែលមនុស្សស្រីដទៃទៀតប្រាថ្នា និងរបស់របរប្រើប្រាស់ គ្រឿងអលង្ការដែលមានតម្លៃជាច្រើនត្រៀបត្រានឹងមុខ។ ខ្ញុំសប្បាយចិត្ត ខ្ញុំរីករាយ ខ្ញុំដឹងថានេះជាសេចក្តីសុខរបស់ខ្ញុំហើយ។ ប៉ុន្តែវាត្រឹមតែជាសម្បកក្រៅប៉ុណ្ណោះ។ ជីវិតខ្ញុំពិតជាហ៊ឺហាណាស់ លុយចាយពេញដៃ ឡានដូរគ្រប់ម៉ូដ អ្នកណាដែលមិនថាសរសើរពីវាសនារបស់ខ្ញុំ។ ចុះខ្ញុំមានសេចក្តីសុខទេ? មែនហើយ ខ្ញុំភ្លេចគិតដល់ចំណុចថា បើគេជាមនុស្សប្រុសដែលខ្ញុំស្រមៃ គេប្រាកដជាមនុស្សប្រុសដែលមនុស្សស្រីដទៃស្រមៃស្រវាចង់បានដែរ។ មិនថារូបសម្រស់ប៉ុណ្ណាទេ បើចិត្តគេរេរា មិនថាស្អាតលើសទេពអប្សរ រៀបការពេញច្បាប់យ៉ាងណាក៏មិនអាចឃាត់ឃាំងការផិតក្បត់នៅក្នុងសង្គមនេះដែរ។ ទីបំផុតសេចក្តីសុខដែលខ្ញុំគិតថាវានឹងនៅឋិតឋេរជារៀងរហូតបានរបូតពីដៃរបស់ខ្ញុំម្តងទៀត។ ខ្ញុំសួរខ្លួនឯងថាតើតាំងពីដំបូងរហូតដល់ពេលនេះ ជាកំហុសអ្នកណា? តើខ្ញុំធ្វើអ្វីខុសមែនទេ? វាជាសំណួរដែលខ្ញុំតែងតែសួរខ្លួនឯងរាប់សិបដងទៅហើយ តែវាក៏រកចម្លើយមិនបាន។

បន្ទាប់ពីបានលែងលះគ្នាស្របច្បាប់ ខ្ញុំក៏ទទួលបានទ្រព្យសម្បត្តិមួយចំណែកធំដែលអាចឱ្យខ្ញុំរស់នៅដោយមិនបាច់ធ្វើអីប៉ុន្មានឆ្នាំ ឬបើខ្ញុំចង់ធ្វើការរកស៊ីបើកមុខរបរមួយក៏មិនមែនជាការលំបាក។ ប៉ុន្តែសួរថាខ្ញុំត្រេកត្រអាលនឹងវាទេ? ខ្ញុំក្រឡេកមើលសែក សៀវភៅធនាគារ បណ្ណឥណទានមាសប៉ុន្មានសន្លឹកទាំងសើចចំអកខ្លួនឯង។ ពេលនេះខ្ញុំមានហើយគ្រប់យ៉ាងដែលមនុស្សស្រីទាំងអស់ចង់បាន មិនថារូបសម្រស់ មាសប្រាក់ ហេតុអ្វីខ្ញុំនៅតែគ្មានសេចក្តីសុខ?

ខ្ញុំចាប់ផ្តើមដើរតែលតោលភ្លឹកភ្លាំងម្នាក់ឯងនៅតាមដងផ្លូវដ៏អ៊ូអរមួយ។ នៅពេលនេះចិត្តខ្ញុំទទេរស្អាត មិនមែនថាខ្ញុំមិនពិបាកចិត្ត គ្រាន់តែខ្ញុំមិនដឹងថាខ្ញុំគួរតែធ្វើយ៉ាងណាអាចទិញសេចក្តីសុខបាន? ព្រោះខ្ញុំដឹងថារូបសម្រស់ និងលុយមិនអាចទិញអ្វីៗដែលខ្ញុំចង់បាននោះទេ។ ស្រាប់តែសំឡេងផ្អែមល្ហែមមួយបានលេចឮក្បែរខ្លួនខ្ញុំ

« អូនស្រលាញ់រ៉ូបនេះទេ?»

« ស្អាតណាស់ អូនស្រលាញ់ៗៗ»

« បាន! បងសន្យាថានឹងឱ្យអូនស្លៀកសម្លៀកឈុតនេះនៅពេលខាងមុខ។ តែប៉ុន្មានឆ្នាំនោះទេ អូនត្រូវចាំបងណា»

«បាន»

គូស្នេហ៍មួយគូនោះបានដើរកាន់ដៃគ្នាញញឹមមញញែមចេញទៅ។ ខ្ញុំឈរសម្លឹងមើលពួកគេ ទាំងចិត្តក្តុកក្តួល។ មើលតាមការស្លៀកពាក់គេគ្រាន់តែជាជនសាមញ្ញា មានជីវភាពធម្មតា ប្រុសគ្រាន់តែជានិស្សិត ខាងស្រីក៏ជាមនុស្សស្រីធម្មតាមុខមាត់ក៏មិនចាត់ទុកថាស្អាតណាស់ណាដែរ តែស្នាមញញឹមលើមុខពួកគេធ្វើឱ្យខ្ញុំក្តុកក្តួលនឹងច្រណែនយ៉ាងខ្លាំង។ ខ្ញុំដឹងហើយ សេចក្តីសុខដែលខ្ញុំចង់បានមិនមែនជារូបសម្រស់ស្រស់ស្អាត ឬលុយកាក់មាសប្រាក់នោះទេ ខ្ញុំគ្រាន់តែចង់បានមនុស្សម្នាក់នៅក្បែរខ្ញុំមិនថាពេលកើតទុក្ខ ពេលសប្បាយចិត្ត។ តែរបស់ទាំងនេះមិនមែនជាការយករូបសម្រស់ និងលុយទៅទិញទេ វាប្រហែលជាត្រូវការចិត្តស្មោះស ស្នាមញញឹមបរិសុទ្ធ និងភាពស្រស់ស្អាតពីក្នុងចិត្ត។ ខ្ញុំធ្លាប់យល់ច្រលំថារបស់ខាងក្រៅអាចជាទីទាក់ទាញរបស់មនុស្សជុំវិញ។ តែមែនហើយ រូបសម្រស់ និងរូបរាងអ្វីដែលយើងមានខាងក្រៅគ្រាន់តែអ្វីដែលគេបានត្រឹមមើល និងវាយតម្លៃផ្សេងៗគ្នាតាមគំនិតរបស់គេ។ គេអាចនឹងចូលចិត្ត ច្រណែន តែវាមិនខុសពីស្នេហាមុនៗ និងជីវិតដែលខ្ញុំធ្លាប់ឆ្លងកាត់មុនៗ ហេតុអ្វីបានជាអ្វីៗល្អតែដំបូង? ព្រោះខ្ញុំផ្តោតតែលើរបស់នៅក្រៅខ្លួនពេក ខ្ញុំមិនបានចាប់អារម្មណ៍និងកែប្រែចិត្តគំនិតឱ្យខ្លួនឯងស្អាត។ ខ្ញុំតែងតែមានមោទនភាពនូវអ្វីដែលខ្លួនឯងមាន សម្ញែងអ្វីដែលជាទ្រព្យក្រៅខ្លួន ខ្ញុំភ្លេចគិតថាអ្វីៗប្រាកដជាអាចបាត់បង់នៅថ្ងៃណាមួយ មិនថារូបសម្រស់ ឬទ្រព្យសម្បត្តិ។ រូបរាងស្អាតយ៉ាងណានៅថ្ងៃណាមួយវាគង់តែបាត់បង់តាមពេលវេលា ទ្រព្យសម្បត្តិច្រើនយ៉ាងណាវាគង់តែអស់នៅថ្ងៃណាមួយ។ ប៉ុន្តែការមានបេះដូង និងចិត្តគំនិតដ៏ស្រស់ស្អាតនឹងនៅក្នុងខ្លួនអស់មួយជីវិត។ យើងគួរតែមានមោទនភាពនឹងអ្វីដែលមាននៅក្នុងខ្លួន មិនមែនរបស់នៅខាងក្រៅទេ។ មនុស្សដែលស្រលាញ់រូបរាង និងអ្វីដែលយើងមានខាងក្រៅអាចមានច្រើនណាស់នៅលើលោកនេះ តែមនុស្សដែលអាចមើលឃើញ និងស្រលាញ់អ្វីដែលយើងមានខាងក្នុងអាចនឹងមានតិច តិចបំផុតពិបាកនឹងរក។ តែបើសិនជារកបានមនុស្សនោះប្រាកដជាមនុស្សដែលយើងនឹងចំណាយពេលវេលាពេញមួយជីវិតជាមួយ។

ខ្ញុំរកចម្លើយឱ្យខ្លួនឯងបានហើយក៏ញញឹមលើកទឹកចិត្តខ្លួនឯង មើលពន្លឺផ្កាយតូចៗដែលនៅពីលើក្បាលរបស់ខ្ញុំ។ ហេតុអ្វីរាល់ពេលដែលខ្ញុំពិបាកចិត្តផ្កាយតែងតែបង្ហាញខ្លួនបែបនេះ? តែអរគុណដែលតែងតែកំដរជីវិតបរាជ័យរបស់ខ្ញុំម្តងហើយម្តងទៀតតាំងពីដើមមក។ ខ្ញុំដឹងថាខ្ញុំនឹងធ្វើអ្វីបន្តហើយ។ 

រូបតំណាង

បច្ចុប្បន្ន

ខ្ញុំឈរមើលការខុសត្រូវ និងបុគ្គលិកនៅក្នុងហាងសំអាងការមួយកន្លែង។ វាជាកន្លែងចុងក្រោយដែលខ្ញុំរកឃើញ និងសោយសុខសេចក្តីសុខចុងក្រោយដែលនៅទីនេះ។ ខ្ញុំតែងតែរំភើបចិត្ត និងសប្បាយចិត្តយ៉ាងខ្លាំងរាល់ពេលមានគូស្នេហ៍មកប្រើសេវាកម្មរៀបការនៅហាងរបស់ខ្ញុំ។ ហើយខ្ញុំតែងតែស្វាគមន៍គូស្នេហ៍ទាំងឡាយមក-ល-សម្លៀកបំពាក់រៀបការដោយឥតគិតថ្លៃរហូតដល់បិទផ្លាកប្រកាសផងដែរ។ ស្នាមញញឹម និងសេចក្តីសុខរបស់គូស្នេហ៍ទាំងឡាយបានក្លាយជាវេលាដែលមានសេចក្តីបំផុតនៅក្នុងជីវិតរបស់ខ្ញុំទោះជាវាមិនមែនជារបស់ខ្ញុំក៏ដោយ។ ខ្ញុំរកសេចក្តីសុខឃើញហើយ នោះគឺធ្វើអ្វីដែលយើងស្រលាញ់ និងមិនបាច់បង្ខំខ្លួនឯងឱ្យធ្វើអ្វីបំពេញចិត្តអ្នកដទៃ។ សេចក្តីសុខពិតប្រាកដមិនបាច់កើតលើខ្លួនឯង ត្រឹមតែយើងធ្វើអ្វី ដើម្បីស្នាមញញឹមអ្នកដទៃយើងក៏អាចរកសេចក្តីសុខបាន។ ទោះឯកាចំពោះជីវិតដែលនៅម្នាក់ឯង តែខ្ញុំក៏មានសេចក្តីបំផុតដែលមិនអាចកាត់ថ្លៃបាន។ ខ្ញុំឈរមើលមនុស្សដើរចុះដើរឡើងមុខហាងរបស់ខ្ញុំនៅពេលល្ងាចមេឃស្រទុំក្រហមស្រស់ស្អាតទាំងញញឺមញញែម។

ពេលនោះស្រមោលមនុស្សប្រុសម្នាក់បានដើរកាត់មុខហាងរបស់ខ្ញុំចេញទៅ តែមិនមែនខ្ញុំចាប់អារម្មណ៍នឹងគេទេ គឺរបស់ដែលរបូតពីកាតាបរបស់គេទេ ដែលហៅខ្សែភ្នែករបស់ខ្ញុំតាមសំឡឹងមើល។ ខ្ញុំចេញមកក្រៅឃើញសៀវភៅមួយក្បាលធ្លាក់ចុះ ហើយងាករកម្ចាស់សៀវភៅនោះ តែខ្ញុំមិនឃើញស្រមោលខ្នងមនុស្សម្នាក់នោះទៀតទេ។ ខ្ញុំក៏បើកសៀភៅនោះមើលក្រែងមានពត៌មាន ឈ្មោះឬលេខទំនាក់ទំនង។ តែអ្វីៗនៅដើមទំព័រធ្វើឱ្យខ្ញុំបើកភ្នែកធំៗភ្ញាក់ផ្អើល។ រូបថតស្រីរូបអាក្រក់កាលពី ១០ឆ្នាំមុនបានផុសនៅទំព័រដំបូង។ បន្ទាប់មកក៏លេចរូបស្រីស្អាតម្នាក់នៅមហាវិទ្យាល័យ។ វាបានក្លាយជាឈុតឆាកដែលបង្ហាញ និងរំលឹករឿងរ៉ាវពីអតីតកាលពីដើមរហូតដល់ពេលនេះ ដូចខ្សែជីវិតរបស់អ្នកណាម្នាក់នៅពេលនេះអ៊ីចឹង។ ទឹកភ្នែកខ្ញុំស្រស់រលីងរលោងទាំងញញឹមពេលបើកមើលដើមទំព័រដំបូងវិញ នូវរូបស្រីដ៏សែនអាក្រក់ម្នាក់នេះ តែនាងបែរជាមានស្នាមញញឹមដ៏ស្រស់ស្អាតមួយដែលផុសពីក្នុងខ្លួន។ ខ្ញុំយកដៃអង្អែលមុខនាងរួចនិយាយតិចៗ

« ខ្ញុំនឹកឯងណាស់ស្រីអាក្រក់ ឯងដឹងទេឯងមានស្នាមញញឹមស្រស់ស្អាតបំផុត» ។ សំឡេងសម្រិបជាងធ្ងន់ៗរត់មកដល់ក្រោយខ្នងរបស់ខ្ញុំរួចនិយាយទាំងហត់ដង្ហក់

« សុំទោស មានឃើញ សៀវភៅ.........»

សំឡេងរបស់គេបានរលត់បាត់ស្របពេលដែលខ្ញុំងាកទៅមើលគេទាំងភ្ញាក់ផ្អើលលាយដំណក់ទឹកភ្នែកដែលបន្សល់លើថ្ពាល់ទាំងគូ។ ពួកយើងសំឡឹងមើលមុខគ្នាភ្លឹក។ អតីតកាលបានផុសឡើង។ គេជាមិត្តរបស់ស្រីរូបអាក្រក់កាលពីនៅរៀន គេជាមិត្តជិតស្និទ្ធ និងជាមនុស្សម្នាក់ដែលនៅក្បែរនាងរហូត។ ព្រោះតែតាមរកសេចក្តីសុខរបស់ខ្លួនឯង នាងបានភ្លេចមិត្តម្នាក់នោះដែលតែងតែនៅក្បែរនាងមិនថាទាំងពេលនេះ និងពេលនោះ។ ការពិតគេមិនបានទៅណា។ គេតែងតែនៅក្បែរនាងរហូត។ ការពិតផ្កាយដែលនាងឃើញនៅលើមេឃរាល់ពេលនាងខូចចិត្តគឺជាគេ។

« ខានជួបគ្នាយូរហើយ ចូលអង្គុយលេងញ៉ាំកាហ្វេមួយកែវល្អទេ»

គេងក់ក្បាលតិចៗទាំងញញឹម។ ខ្ញុំមានអារម្មណ៍ថា ពន្លឺភាពស្រស់ស្អាតបានចូលមកបំពេញចន្លោះប្រហោងដែលខ្ញុំធ្លាប់បាត់បង់ពីមុន។ ការពិតយើងមានដុំពេជ្រក្បែរខ្លួនរហូតតែយើងមិនដែលចាប់អារម្មណ៍ និងឱ្យតម្លៃសោះ។ សំណាងណាស់ដែលផ្កាយមួយដួងនោះមិនទៅណា មិនអ៊ីចឹង ពេលនេះខ្ញុំប្រហែលជាគ្មានសេចក្តីពិតប្រាកដដែរ។ សេចក្តីសុខដែលយើងបានរកឃើញមនុស្សម្នាក់ដែលអាចកំដរភាពឯការបស់យើង នៅក្បែរយើង និងមិនខ្វល់ពិអតីតកាលរបស់យើង។ អរគុណគ្រប់យ៉ាងណាដែលមិនដែលទៅណា៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]